​ជំនន់​ទឹកភ្លៀង​កំពុង​កាត់ផ្ដាច់​កំណាត់​ផ្លូវជាតិ​មួយ​ក្នុង​ខេត្ដ​រតនគិរី​

416
ចែករម្លែក

ដោយ​:​សុវណ្ណ​/​រតនគិរី​:​ជំនន់​ទឹកភ្លៀង​កំពុងតែបន្ដ​ឡើង​ហើយ​ជន់​លិច​តំបន់​មួយចំនួន​ក្នុង​ខេត្ដ​រតនគិរី​និង​បាន​កាត់ផ្ដាច់​ផ្លូវជាតិ​លេខ​៧៦​ក្នុងស្រុក​លំផាត់​កាលពី​ល្ងាច​ថ្ងៃ​៩​ខែសីហា​ឆ្នាំ​២០១៩​ដោយ​មិនអាច​ធ្វើចរាចរ​ណ៏​បានឡើយ​។​ខណ​:​នេះដែរ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​ន​គិរី​បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី​ការផ្អាក​ធ្វើចរាចរ​ណ៏​ជា​បណ្ដោះអាសន្ន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦​នោះ​។​

​លោក​ហេង​ណារ៉ាក់​អធិការនគរបាល​ស្រុក​លំផាត់​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​១០​ខែសីហា​នេះ​ថា​ស្ថានភាព​ទឹក​ទន្លេស្រែពក​បាន​បន្ដ​ឡើង​ថែមទៀត​កាលពី​ព្រលប់​ថ្ងៃទី​៩​ខែសីហា​នេះ​។​បាន​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៧៦​ក្នុងស្រុក​លំផាត់​ត្រង់ចំណុច​ចន្លោះ​ប​ង្កោ​ល​គីឡូម៉ែត្រ​២៧១​ដល់​ប​ង្កោ​ល​គីឡូម៉ែត្រ​លេខ​២៧២​គឺ​ត្រូវបាន​ទឹក​ហូរ​កាត់​យ៉ាងខ្លាំង​និង​មាន​ជំរៅ​ដល់​ទៅជិត​មួយ​ម៉ែត្រ​។​

លោក​អធិការ​បាន​បន្ដ​ឱ្យដឹងទៀតថា​ផ្លូវជាតិ​លេខ​៧៦​នោះ​ត​ភ្ជាប់​ពី​ខេត្ដ​រតនគិរី​ទៅ​ខេត្ដ​មណ្ឌលគិរី​គឺមាន​សារ​:​សំខាន់​ដល់​ប្រជាពលរដ្ឋ​ខេត្ដ​ទាំងពីរ​ក្នុងកា​ធ្វើដំណើរ​ក៏​ដូច​កា​ដឹកជញ្ជូន​កសិផល​ផ្សេងៗ​យកទៅលក់​។​

ប៉ុន្ដែ​នៅ​ខណ​:​ពេលនេះ​ផ្លូវជាតិ​លេខ​៧៦​ត្រូវបាន​កាត់ផ្ដាច់​ទាំងស្រុង​មិនអាច​ធ្វើចរាចរ​ណ៏​តាម​រថយន្ដ​និង​ម៉ូតូ​បានឡើយ​។​អ្នកធ្វើដំណើរ​ពី​ភ្នំពេញ​មកកាន់​ខេត្ដ​រតនគិរី​មិនអាច​បើករថយន្ដ​តាម​ខេត្ដ​មណ្ឌលគិរី​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៦​នេះ​បានទេ​ព្រោះ​ទឹក​កំពុង​ជន់​ខ្លាំង​តែ​អាច​បើក​តាម​ខេត្ដ​ក្រចេះ​កាត់​ស្ទឹងត្រែង​មកដល់​រតនគិរី​ដូចគ្នា​។​

​លោក​ចាន់​ប៊ុនធឿន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ដ​រតនគិរី​បានបញ្ជាក់​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​១០​ខែសីហា​ថា​ទឹកជំនន់​នៅតាម​ដង​ទន្លេស្រែពក​ក្នុង​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​៩​ខែសីហា​បាន​ជន់​ឡើងដល់​១៣,៨០​ម៉ែត្រ​គឺ​លើសពី​កម្រិត​ដែល​ត្រូវ​ប្រកាសអាសន្ន​។​កម្រិត​ដែល​ត្រូវ​ប្រកាសអាសន្ន​នោះ​មាន​កំពស់​តែ​១២,៥០​ម៉ែត្រ​តែ​ប៉ុ​ណោះ​។​

​ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​បញ្ជាក់ទៀតថា​នៅ​ព្រលប់​ថ្ងៃទី​១០​ខែសីហា​ដដែល​នោះ​ទឹក​នៅ​ដង​ទន្លេ​ង​ស្រែ​ពក​បាន​ហក់​ឡើងដល់​១៤,១០​ម៉ែត្រ​។​ក៏ប៉ុន្ដែ​មកដល់​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ទឹក​ទន្លេស្រែពក​នោះបាន​ស្រក​ចុះមក​នៅត្រឹម​១៣,៦០​ម៉ែត្រ​។​ស្ថានភាព​ទឹក​ទន្លេស្រែពក​អាច​នឹង​ស្រក​ចុះ​ថែម​មួយកម្រិត​ទៀត​បើ​ភ្លៀង​លែង​បន្ដ​ធ្លាក់​ខ្លាំង​នៅ​ខាង​វៀតណាម​និង​នៅ​ខេត្ដ​មណ្ឌលគិរី​។​

​គួរកត់សម្គាល់​ដែរ​ថា​កាលពី​រសៀល​ថ្ងៃទី​៩​ខែសីហា​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​លំផាត់​បាន​ឆក់យក​ជីវិត​ក្មេងស្រី​ម្នាក់​ឈ្មោះ​រ៉ា​រចនា​អាយុ​១៥​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ដី​ឡូ​តិ៏​ឃុំ​ជ័យ​ឧត្ដម​ស្រុក​លំផាត់​ខេត្ដ​រតនគិរី​បន្ទាប់ពី​នាង​បាន​ជិះទូក​ដ៏​មួយគ្រឿង​ដើម្បី​ឆ្លង​ទៅរក​ទីទួល​ដែលមាន​សុ​ត្ដិ​ភាព​តែ​ត្រូវ​ទូក​នោះ​ក្រឡាប់​លិច​នៅ​ពាក់កណ្ដាល​ទី​។​

​មិន​តែ​ប៉ុ​ណោះ​ជំនន់​ទឹកភ្លៀង​នៅបាន​លិចលង់​ឃុំ​ចំនួន​២​និង​ភូមិ​ចំនួន​៧​ដែលមាន​ពលរដ្ឋ​១.៥៤៩​គ្រួសារ​ដែល​កំពុងតែរ​ស់​នៅ​។​តែ​ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវបាន​អាជ្ញាធរ​ជម្លៀសចេញ​ទៅរក​ទីទួល​ដែលមាន​សុ​វ​ត្ដិ​ភាព​ទាំងអស់​។​ក្រៅពីនោះ​ទឹកបាន​បន្លិច​ស្រូវ​ស្រែ​និង​ចម្ការ​របស់​កសិករ​នៅ​ស្រុក​ទាំងពីរ​មាន​ចំនួន​ប្រមាណ​១.៨១៧​ហិកតា​។​

ប៉ុន្ដែ​រយ​:​ពេល​បី​បួន​ថ្ងៃ​ទៀត​បើ​ស្ថានភាព​ទឹក​ទន្លេស្រែពក​បាន​ស្រក​ចុះ​ទៅរក​សភាព​ដើម​ផល​ដំណាំង​ទាំងនោះ​វា​មិនសូវ​ប៉ះពាល់​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឡើយ​គឺអាច​ប្រមូល​ផល​បាន​មកវិញ​ខ្លះ​៕S/


​ ​