​ជំនន់​ទឹកភ្លៀង​ពី បឹង​ទន្លេសាប ប៉ះពាល់​ខេត្ត​ចំនួន​២ បង្ក​ឱ្យ​លិចលង់ ផលដំណាំ​ស្រូវ រាប់ពាន់​ហិកតា​

681
ចែករម្លែក

​ដោយៈ គ្រញូង /
​បាត់ដំបង​៖ ខេត្ត​ចំនួន​២ គឺ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ បាន​រង​ការ​ជន់​លិច ដោយសារ​ទឹកជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ពី​បឹង​ទន្លេសាប បង្ក​ឱ្យ​លិចលង់​ដំណាំ​ស្រូវ របស់​ប្រជាកសិករ រាប់ពាន់​ហិកតា ក្នុងនោះ​មានស្រុក​ចំនួន​៣ នៃ​ខេត្តបាត់ដំបង និង​មួយ​ស្រុក នៃ​ខេត្តបន្ទាយមានជ័យ​។​

​លោក ហេង សិទ្ធិ មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​ប្រាប់​ឱ្យដឹងថា បើ​គិត​ត្រឹម​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ ខេត្តបាត់ដំបង មានស្រុក​ចំនួន ៣ ជាប់​បឹង​ទន្លេសាប គឺ​ស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង​ស្រុក​មោងឫស្សី បាន​ជន់​លិច​ផលដំណាំ​ស្រូវ​ជាង ៣ ពាន់​ហិកតា ស្រុក​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​គឺ ស្រុក​ឯក​ភ្នំ ខូចខាត​ទាំងស្រុង ១.៣១៣ ហិកតា រង​ផលប៉ះពាល់ ២.០២៧ ហិកតា ស្រុក​មោងឫស្សី ចាប់ផ្តើម​លិច រង​ផលប៉ះពាល់ ជាង ២០០ ហិកតា និង​ស្រុក​សង្កែ រង​ផលប៉ះពាល់​ជាង ២០០ ហិកតា​ដែរ​។ បញ្ហា​ទឹកជំនន់​ជន់​លិច ផលដំណាំ​ស្រូវ នៅក្នុង​ស្រុក​ខាងលើ គឺ​ផ្តើម​ពី​ជំនន់​ទឹកភ្លៀង នៃ​ទឹកស្ទឹង​សង្កែ និង​ទឹកជំនន់​ពី​បឹង​ទន្លេសាប ហើយ​បាន​ជន់​លិច រយៈពេល ២ សប្តាហ៍​ចុងក្រោយ​នេះ​។​

​ដោយឡែក លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បានឱ្យដឹងថា នៅ​រសៀល​ថ្ងៃទី​១ ខែសីហា​នេះ ស្ថានភាព​ទឹក មិនទាន់មាន​បញ្ហា​អ្វី នៅឡើយ​នោះទេ ទាំង​ទឹកស្ទឹង​សង្កែ និង​ទឹក​ក្នុង​អាង​កំពីងពួយ ហើយក៏​មិនទាន់ ធ្វើ​ឳ្យ​ខូចខាត ដំណាំ​ស្រូវ​នៅឡើយ​ទេ គ្រាន់តែ​ប៉ះពាល់ បើ​គ្មាន​ភ្លៀង​ពីរ បី​ថ្ងៃ​ទៀត នឹង​ស្រក​វិញ​ហើយ​។​

​ចំណែក​ខេត្តបន្ទាយមានជ័យ នោះ​វិញ ក្នុងស្រុក​មង្គល​បូរី ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង នៅ​ថ្ងៃទី​១ ខែសីហា​នេះ នៅតែ​បន្ត​គំរាមកំហែង លិចលង់ ផលដំណាំ​ស្រូវ របស់​ប្រជាកសិករ ប្រមាណ ២ ពាន់​ហិកតា​។​

​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី បានឱ្យដឹងថា ទឹក​ផ្នែក​ខាងលើ ពី​ខេត្តបាត់ដំបង បាននិងកំពុង​បន្ត​ហូរ​ធ្លាក់ បុក​ចំ​ស្រុក​មង្គល​បូរី​។ ដោយឡែក ជំនន់​ទឹកភ្លៀង បាន​ធូរស្បើយ​។ ស្ថានភាព​លិចលង់ បង្ក​រង​ផលប៉ះពាល់ ដំណាំ​ស្រូវ របស់​ប្រជាកសិករ​ធ្ងន់ធ្ងរ នៅក្នុង​ឃុំ​រហាត់ទឹក​។ ដោយឡែក ឃុំ​សឿ និង​ឃុំ​ចំណោម មិនទាន់មាន​បញ្ហា​ផល ប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​នោះទេ គ្រាន់តែ​ទឹកស្ទឹង​មង្គល​បូរី បាននិងកំពុង​ហូរ​ពេញប្រៀប ។ អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ កំពុង​ចាត់វិធានការ​ដោះស្រាយ ជា​បន្តបន្ទាប់​។ លោក​ក៏បាន​ជំរុញ​បងប្អូន​ប្រជាកសិករ ប្រមូល​ផល​ច្រូតកាត់ ឱ្យបាន​ឆាប់រហ័ស ដំណាំ​ស្រូវ នៅ​ផ្នែក​ខាងក្រោម ដែល​មិនទាន់​ជន់​លិច នៅឡើយ​។​

​លោក​អភិបាល ស្រុក​មង្គល​បូរី ប្រាប់​ឱ្យដឹងទៀតថា ទោះបី​ក្នុងស្ថានភាព ទឹកជំនន់​ទឹកភ្លៀង រង​ការ​ជន់​លិច​ផលដំណាំ​ស្រូវ ប្រជាកសិករ ជា​បន្តបន្ទាប់​នោះ ប៉ុន្តែ​តម្លៃ​ស្រូវ នៅតែមាន​ហាងឆេង​ល្អ​៕V

អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ស្រូវ​ប្រជាកសិករ​

ស្រូវ​រង​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​បឹង​ទន្លេសាប​