​ជំនន់​ទឹកភ្លៀង​ហូរ​​ចូល​ស្ទឹង​សង្កែ​ដល់​កម្ពស់​ត្រូវ​ប្រកាសអាសន្ន​

971
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​បន្ត​ធ្លាក់​យ៉ាងខ្លាំង​ឥត​ដាច់​នៅ​តំបន់​ក្បាល​ស្ទឹង​ស្រុក​សំឡូត​បាន​រុញ​ទឹកស្ទឹង​សង្កែ​ឲ្យ​ហក់​ខ្ពស់​រយៈ​ខ្លី​ស្ថិតដល់​កម្ពស់​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​​ប្រយ័ត្ន​ចាប់ពី​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៨​តទៅ​។​

​តាម​ការផ្សាយ​ព័ត៌មាន​បន្ទាន់​មួយ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១៥ ខែសីហា​នេះ​បាន​ឲ្យ​ដឹងថា​ទឹកភ្លៀង​បន្ត​ធ្លាក់​យ៉ាងខ្លាំង​ឥត​ដាច់​នៅ​តំបន់​ក្បាល​ស្ទឹង​ព្រំដែន​ស្រុក​សំឡូត​ក្នុង​កម្រិត​៩៧​មី​លី​ម៉ែត្រ​ជាហេតុ​បង្ក​ឲ្យ​ទឹកស្ទឹង​ហក់​ឡើង​យ៉ាងខ្ពស់​ក្នុង​រយៈ​ខ្លី​ដែល​អាច​ឈានដល់​ការ​គម្រាមកំហែង​តំបន់​ទំនាប​មួយចំនួន​នៅក្នុង​ស្រុក​មួយចំនួន​និង​ក្រុង​បាត់ដំបង​។​

​ការប្រកាស​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​នេះ​ដោយសារ​ទឹកស្ទឹង​សង្កែ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែសីហា​ទឹកបាន​ហក់​ឡើង​យ៉ាង​លឿន​និង​មាន​ល្បឿន​យ៉ាងគំហុក​ក្នុង​កម្ពស់​ទឹក​កំរិត​ទាប​ដល់​១២,៣៥​ម៉ែត្រ​។​

ល្បឿន​ទឹក​ហូរ​ចាក់​ដោយ​គំហុក​នេះ​ធ្វើ​ឲ្យ​ទឹកស្ទឹង​នឹង​បន្ត​កើន​​ឡើង​បន្ថែមទៀត​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ពិសេស​អាច​នឹង​បង្កអោយមាន​ការ​លិច​នៅ​តំបន់​ទំនាប​មួយចំនួនទៀត​ក្នុង​ក្រុង​បាត់​ដំ​
​បង​។​
​លោក​ឡុង​ផលគុណ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​ស្ថានភាព​ទឹកជំនន់​ស្ទឹង​សង្កែ​ជាថ្មី​លើក​ទី​៦​នេះ​មាន​លក្ខណៈ​ខុសពី​គ្រា​មុន​ដោយសារតែ​កម្ពស់​ទឹកភ្លៀង​នៅក្នុង​តំបន់​ក្បាល​ស្ទឹង​ស្រុក​សំឡូត​មាន​កម្ពស់​ខ្ពស់​បន្ត​កើនឡើង​។​គិត​ត្រឹម​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី​១៦​ខែសីហា​នេះ​ទឹកស្ទឹង​សង្កែ​បាន​ឡើងដល់​កម្ពស់​១៣,៦៧​ម៉ែត្រ​ហើយ​កម្ពស់​ទឹក​១៣,៧៥​ម៉ែត្រ​ត្រូវ​ប្រកាសអាសន្ន​ជាបន្ទាន់​។​

​បច្ចុប្បន្ននេះ​ជំនន់​ទឹកស្ទឹង​សង្កែ​បាន​បុក​ចូល​តាម​លូ​នៅមុខ​មន្ទីរ​ខេត្ត​ចូលទៅ​លិច​ក្នុង​ផ្សា​របឹង​ឈូក​និង​ខាងលិច​ផ្លូវ​ឡាអេ​ត្រឹម​ស្មងជើង​ធ្វើ​ឲ្យ​អ្នកលក់ដូរ​នៅក្នុង​ផ្សារ​និង​អ្នករស់នៅ​តាម​ដងផ្លូវ​ដែល​ទឹក​លិច​នាំគ្នា​បាចទឹក​ចេញពីផ្ទះ​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏ដូចជា​កងកម្លាំង​គ​ណៈ​បញ្ជា​ការឯកភាព​ខេត្តបាត់ដំបង​បាន​ត្រៀមលក្ខណៈ​ជាស្រេច​។​

​ក្នុង​ការជួយ​អន្តរាគមន៍​សម្រាល​ស្ថាន​ការ​ដោយ​ប្រើប្រាស់​កម្លាំង​សរុប​មាន​នគរបាល​អាវុធហត្ថ​និង​តំបន់សឹករង​ខេត្ត​ស្រុក​ចុះជួយ​អន្តរាគមន៍​ដោយ​កន្លែង​ប្រើ​ការុង​ច្រក​ដី​ដើម្បី​ទប់ទឹក​កុំ​ឲ្យ​ទឹក​ហូរ​ចូល​ទីរួមស្រុក​និង​ក្រុង​និង​កន្លែង​ខ្លះ​ត្រៀមកម្លាំង​ដើម្បី​ជន្លៀស​ប្រជាពលរដ្ឋ​ចេញពី​ទឹកជំនន់​លិច​ផ្ទះ​​សម្បែង​។យកទៅ​កាន់​ទី​ទូល​សុវត្ថិភាព​ហើយ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​ត្រៀមកម្លាំង​ក្រុម​គ្រូពេទ្យ​និង​ថ្នាំពេទ្យ​មួយចំនួន​សម្រាប់​ចុះជួយ​អ្នកមាន​ជំងឺ​ជាយថាហេតុ​៕S/សរន

​ជំនន់​ទឹកភ្លៀង​ហូរ​ចាក់​ចូល​ស្ទឹង​សង្កែ​ក្នុង​កម្ពស់​ត្រូវ​ប្រកាសអាសន្ន​