​ជំនន់​ទឹកភ្លៀង កំពុង​វាយប្រហារ​ភូមិ​អ្នកស្រុក​២​ភូមិ ក្នុងស្រុក​រវៀង​

614
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ ភូមិ​បង្ក​ន និង​ភូមិ​ស្រែ ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង​ខេត្តព្រះវិហារ​កំពុង​ប្រឈម​បញ្ហា​ទឹកជំនន់​ទឹកភ្លៀង​បាន​ធ្លាក់​ជាប់ៗ​គ្នា​ដោយសារ​ទឹកអូរ​បាន​ហក់​ឡើង​ខ្លាំង នៅ​ថ្ងៃទី​៩​ខែសីហា ឆ្នាំ​២០១៨​។​

​លោក សាយ ដេ​ត អធិការនគរបាល​ស្រុក​រវៀង បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​២០​គ្រួសារ រស់នៅ​ភូមិ​បង្ក​ន​និង​ភូមិ​ស្រែ​ឃុំ​រៀបរយ​ស្រុក​រវៀង​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ដោយសារ​ទឹកអូរ​ហក់​ឡើង​ខ្លាំង បណ្តាល​ឲ្យ​លិច​ក្រោមផ្ទះ និង​ផ្លូវ​នានា​ក្នុងភូមិ ដែល​ករណី​ទឹកជំនន់​យ៉ាងគំហុក​នេះ​កើតឡើង គឺ​បណ្តាលមកពីរ​ទឹក​ជន់​នៅ​អូរ​ឡង់​និង​អូរ​លួច​ប៉ុន្តែ​ប្រជាពលរដ្ឋ​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជួយសង្គ្រោះ​រក​ទីទួល​សុវត្ថិភាព​ហើយ​។​

​លោក​អធិការ​ស្រុក បាន​ឲ្យ​ដឹង​ទៀតថា ទឹកអូរ​ដែល​បណ្តាល​ឲ្យ​ជន់​លិច​ភូមិ​ប្រជាពលរដ្ឋ​នេះ គឺ​បណ្តាលមកពី​ទឹកភ្លៀង មិនមែន​បណ្តាលមកពី​ទឹកស្ទឹង​សែន​នោះទេ​។ ដូច្នេះ​បើសិនជា​មិនមាន​ភ្លៀង​ធ្លាក់​ខ្លាំង ក៏​ទឹកអូរ​មិន​ឡើង​ជន់​លិច​ភូមិ​ប្រជាពលរដ្ឋ​បែបនេះ​ឡើយ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក សាយ ដេ​ត បានបញ្ជាក់​ទៀតថា គិត​ត្រឹម​មកដល់ពេលនេះ ទឹក​ចាប់ផ្តើម​ស្រក​បន្តិច​ម្តងៗ​ហើយ ។ ប៉ុន្តែ​លោក​នឹង​ដឹកនាំ​កម្លាំង​ចុះទៅ​ទីនោះ​ប្រចាំការ ដើម្បី​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ បើ​មេឃ​នៅតែ​បន្ត​ធ្លាក់ភ្លៀង​ទៀត​៕S/​

​ជំនន់​ទឹកភ្លៀង កំពុង​វាយប្រហារ​ភូមិ​អ្នកស្រុក​២​ភូមិ ក្នុងស្រុក​រវៀង​