​ជំនាញ​កសិកម្ម​ខេត្ត​សុំឱ្យ​ប្រជាកសិករ​ងាក​មក​ដាំ​បន្លែ​តាម​លក្ខណៈ​បច្ចេកទេស​ថ្មី​

613

(​ព្រះវិហារ​)៖​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​លោក​ពឹង​ទ្រី​ដា​បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ងាក​មក​ដាំ​បន្លែ​តាម​លក្ខណៈ​បច្ចេកទេស​ថ្មី​ក្រៅពី​ផ្តល់​ចំណូល​ច្រើន​គឺ​យើង​អាចធ្វើ​បាន​ពេញ​មួយឆ្នាំ​និង​ងាយស្រួល​ដាំ​និង​ថែទាំ​ទៀតផង​។​

​លោក​ពឹង​ទ្រី​ដា​បានឱ្យដឹងថា​ស្រប​ពេលដែល​បន្លែ​គ្រប់​ប្រភេទ​ត្រូវបាន​នាំចូល​មកពី​ប្រទេសជិតខាង​ច្រើន​ក្នុង​មួយថ្ងៃៗ​បាន ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​គិត​មុន​និង​សម្រេចចិត្ត​ទិញយក​ទៅ​បរិភោគ​។

​ការគិត​របស់​ប្រជាពលរដ្ឋ​មុន​និង​ទិញ​បន្លែ​ដែល​លក់​នៅតាម​ទីផ្សា​នានា​យកទៅ​បរិភោគ​នោះ​គឺ​គាត់​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ក្រុមគ្រួសារ​របស់គាត់​ដោយសារ​បន្លែ​ដែល​នាំចូល​ទាំងនោះ​គឺមាន​ជាតិគីមី​ច្រើន​។​ប៉ុន្តែ​បើ​បន្លែ​ដែល​ប្រជាកសិករ​យើង​ដាំ​ក្នុងស្រុក​គឺ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទិញ​ដោយ​មិនបាច់​គិតពិចារណា​នោះទេ ហើយ​បច្ចុប្បន្ននេះ​បន្លែ​ដែល​ដាំ​ដុះ​ក្នុងស្រុក​គឺមាន​ការលក់​ដាច់​ខ្លាំង​ជាង​បន្លែ​ដែល​នាំចូល​ពី​ប្រទេសជិតខាង​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បានឱ្យដឹង​ក្នុងឱកាស​ដែល​លោក​រួមជាមួយ​ក្រុមការងា​រ​បាន​ចុះ​ត្រួតពិនិត្យ​ការដាំ​បន្លែ​តាមបែប​បច្ចេកទេស​ថ្មី​របស់​ប្រជាកសិករ​នៅ​ភូមិ​ស្ថាពរ​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​ថា​បន្លែ​ដែល​ប្រជាកសិករ​ដាំ​តាមបែប​បច្ចេកទេស​ថ្មី គឺជា​បន្លែ​ដែល​គ្មាន​ជាតិគីមី​ដោយ​ប្រើ​ថង់កៅស៊ូ​គ្របពីលើ​និង​បាន​សន្សំសំចៃ​ទឹក​ស្រោចស្រព​បាន​ច្រើន​។​ពួកគាត់​អាច​ដាំ​ដុះ​បាន​ពេញ​មួយឆ្នាំ​ដោយ​ទទួលបាន​ទិន្នផល​ខ្ពស់​និង​បាន​បង្កើន​ប្រាក់ចំណូល​លើកស្ទួយ​ជីវភាព​ក្រុមគ្រួសារ​ទៀតផង​។​

​កត្តា​នេះ​លោក​ប្រធាន​មន្ទីរ​បានធ្វើ​ការអំពាវនាវ​ឱ្យ​ប្រជាកសិករ​យើង​ដែល​ដាំ​ដុះ​បន្លែ​តាមបែប​លក្ខណៈ​បុរាណ​ងាក​មក​ដាំ​ដុះ​បន្លែ​តាម​លក្ខណៈ​បច្ចេកទេស​ថ្មី​វិញ​ព្រោះ​យើង​អាច​ធ្វើបាន​ពេញ​មួយឆ្នាំ​និង​ងាយស្រួល​ថែទាំ​ព្រមទាំង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​ទៀតផង​។​

លោក​ពឹង​ទ្រី​ដា​ក៏បាន​សំណូមពរ​ឱ្យ​ប្រជាកសិករ​យើង​ត្រូវ​ដាំ​ដុះ​បន្លែ​ដោយ​ឈរលើ​ភាពស្មោះត្រង់​មិនមែន​បន្លែ​ដែល​យើង​ដាំ​បាន​មាន​គេ​កុ​ម៉​ង់​ទិញ​ច្រើន ហើយ​បែ​ជា​យើង​ប្រើ​ជីគីមី​ឱ្យ​ឆាប់​បាន​ផល​នោះ​ក៏​វា​មិនល្អ​ដែរ​។​

​កសិករ​ឈ្មោះ​ហេង​គង់​និង​ភរិយា​ឈ្មោះ​សំ​ដៀ​ត​ដែលជា​កសិករ​គំរូ​បាន​រៀបរាប់​អោយដឹងថា​៖​កាលពីមុន​គាត់​ដាំ​ដុះ​បន្លែ​តាម​លក្ខ​ណះ​បុរាណ​ដូច​កសិករ​ផ្សេងៗ​ទៀត​នៅក្នុង​ភូមិ​ដែរ​។​តែ​ដោយមាន​ការយកចិត្តទុកដាក់​ពី​មន្ត្រី​កសិកម្ម​ដែល​តែងតែ​ចុះមក​បង្រៀន​ពី​របៀប​ដាំ​ដុះ​បន្លែ​តាមបែប​លក្ខ​ណះ​បច្ចេកទេស​ថ្មី គាត់​ក៏មាន​ការចាប់អារម្មណ៍​ហើយក៏​អនុវត្តន៍​តាមតែ​ម្តង​។

រហូតមកដល់​ពេលនេះ​គាត់​យល់ច្បាស់ ព្រមទាំង​ធ្វើការ​វិភាគ​ថ្លឹងថ្លែង​ឃើញថា ការដាំដុះ​បន្លែ​តាម​លក្ខ​ណះ​បុរាណ គឺមាន​ការពិបាក​ថែទាំ​ជាង​ការដាំដុះ​បន្លែ​តាមបែប​បច្ចេកទេស​ថ្មី​ឆ្ងាយ​ណាស់​ហើយ​សព្វថ្ងៃនេះ​គាត់​មានការ​សប្បាយចិត្ត​ណាស់​ដោយសារ​មាន​ឈ្មួញ​បញ្ជារ​កុ​ម៉​ង់​ទិញ​បន្លែ​គាត់​យកទៅលក់​នៅ​ទីផ្សារ​មាន​ចំនួន​កើនឡើង​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​

​ជំនាញ​កសិកម្ម​ខេត្ត​សុំឱ្យ​ប្រជាកសិករ​ងាក​មក​ដាំ​បន្លែ​តាម​លក្ខណៈ​បច្ចេកទេស​ថ្មី​