​ជំនួញ​សត្វព្រៃ​ខុសច្បាប់​នៅ​ហាង​២​ក្នុង​ក្រុង​តាខ្មៅ​,​ប្រធាន​មន្ទីរ​កសិកម្ម​ពុំទាន់​បំភ្លឺ​ជូន​ACU

925
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្ដាលៈ​ហាង​ផឹកស៊ី​ប្រមូលផ្ដុំ​ដោយ​សត្វព្រៃ​ដ៏​ល្បីឈ្មោះ​ពីរ​កន្លែង​នៅ​ក្រុង​តាខ្មៅ​គឺ​ហាង​”​រំ​ចង់​និង​ហាង​ហេង​ហេង​”​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ACU​កត់សម្គាល់​ឃើញថា​បាន​បើក​អាជីវកម្ម​លក់​ម្ហូប​សត្វព្រៃ​ជាច្រើន​ឆ្នាំ​មកហើយ​។​បច្ចុប្បន្ន នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ជាហេតុ​នាំឱ្យ​ប្រជាពលរដ្ឋ​យល់ឃើញថា សមត្ថកិច្ច​និង​អ្នកប្រព្រឹត្ត​ខុសច្បាប់ មានការ​ត្រូវរ៉ូវ​គ្នា​ទើប​មិន​ចុះបង្ក្រាប ។

​លិខិត​មួយច្បាប់​របស់ ACU បង្ហាញថា ACU សូម​ជម្រាបជូន លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកណ្តាល ស្តីអំពី​សកម្មភាព​នេសាទ​ខុសច្បាប់​និង​អាជីវកម្ម​សត្វព្រៃ​។​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្តកណ្តាល បញ្ជាក់ថា ប្រធាន​មន្ទីរ ពុំទាន់​បាន​បំភ្លឺ​ជូន ACU នៅឡើយ​ទេ ។

ACU កត់សម្គាល់​ឃើញថា នៅក្នុង​មូលដ្ឋាន​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មាន​ហាង​ឈ្មោះ រំ​ចង់ និង ហាង​ឈ្មោះ ហេង ហេង បាន​បើក​អាជីវកម្ម​លក់​ម្ហូប​សត្វព្រៃ ជាច្រើន​ឆ្នាំ​មកហើយ ។ តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បញ្ជាក់ថា សាច់​ព្រៃ​ជាច្រើន​ប្រភេទ ត្រូវបាន​ដឹក​មក​ផ្គត់ផ្គង់​នៅ​ហាង​ទាំងពីរ​នេះ ជា​រៀងរាល់​ព្រឹក​ផងដែរ ។ រាល់​សកម្មភាព​ទាំងនេះ ជា​ដែន​សមត្ថកិច្ច​របស់​ម​ន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែល​ត្រូវ​ទប់ស្កាត់ តែ​នៅមាន​ការកើនឡើង​យ៉ាង​អនាធិបតេយ្យ​ជាហេតុ​នាំឱ្យ​ប្រជាពលរដ្ឋ​យល់ឃើញថា សមត្ថកិច្ច​និង​អ្នកប្រព្រឹត្ត​ខុសច្បាប់ មានការ​ត្រូវរ៉ូវ​គ្នា​ទើប​មិន​ចុះបង្ក្រាប ។

ACU សូមឱ្យ​លោក​ប្រធាន​មន្ទីរ ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​នេះ និង ផ្តល់​លទ្ធផល​មកឱ្យ ACU វិញ ឱ្យបាន​ឆាប់ ។ កន្លងមក ហាង​រំ​ចង់ ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​លឹម សុគ​ន្ថា ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល ចុះបង្ក្រាប​ម្តង​រួចមកហើយ ។ ប៉ុន្តែ​ក្រោយ​ការបង្ក្រាប​នេះ សកម្មភាព​ល្មើសច្បាប់​ហាក់​នៅ​ដដែល ។ ទើប​មកដល់​ជំនាន់​លោក លាវ ស្រេង ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​ពុំទាន់​ឃើញ​ចុះបង្ក្រាប​ម្តងណា​ទេ ។ មន្ត្រី​តុលាការ​ខេត្តកណ្ដាល សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាងថា បុរស​ធាត់​ស​ជិះឡាន​ឡិច​ស៊ី​ស​៥៧០ ជា​ថៅកែ​ហាង រំ​ចង់ គឺ ឧស្សាហ៍​ឃើញ​វត្តមាន​ក្នុង​បរិវេណ​តុលាការ​ខេត្តកណ្ដាល ណាស់ តែ​គេ​មិនដឹងថា មក​ធ្វើ​អ្វី​ទេ​៕S/

​ជំនួញ​សត្វព្រៃ​ខុសច្បាប់​នៅ​ហាង​២​ក្នុង​ក្រុង​តាខ្មៅ​,​ប្រធាន​មន្ទីរ​កសិកម្ម​ពុំទាន់​បំភ្លឺ​ជូន​ACU