នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រាម៉ូឌី នឹងធ្វើជាម្ចាស់ទទួលលោកលោក ស៊ី ជីនពីង ប្រធានាធិបតីចិនសម្រាប់កិច្ចជំនួបកំពូលក្រៅផ្លូវការនៅសប្តាហ៍នេះ។ឥណ្ឌានិងចិនបានបញ្ជាក់ដូចនេះនៅក្នុងសេចក្តីជូនដំណឹងមួយនៅថ្ងៃពុធទី៩ខែតុលាខណៈដែលការខ្វែងគំនិគ្នាកាន់តែខ្លាំងឡើងបង្កការប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងប្រវត្តិសាស្ត្ររបស់ប្រទេសធំទាំង២នៅអាស៊ីនេះ។
បញ្ហាទាំងនេះគឺរួមមានទាំងកំហឹងរបស់ចិនចំពោះចំណាត់ការកាលពីខែសីហារបស់ឥណ្ឌាដែលបានបំបែករដ្ឋចាមុយ-កាស្មៀរទៅជា២ និងការធ្វើសមយុទ្ធយោធាឥណ្ឌានៅរដ្ឋអារុនណាចាល់ ប្រាដែស ដែលមួយផ្នែកនៃទឹកដីនោះ រដ្ឋាភិបាលក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន ហើយការគាំទ្រការទូតរបស់ចិនចំពោះប្រទេសប៉ាគីស្ថាន។
ក្រសួងការបរទេសចិនបានមានប្រតិកម្មខ្លាំងកាលពីខែសីហាបន្ទាប់ពីសេចក្តីសម្រេចនៃតំបន់កាស្មៀរនេះ ដែលគេនឹងឃើញតំបន់ ឡាដាក់(Ladakh) និង រដ្ឋចាមុយ-កាស្មៀរក្លាយជាដែនដីរដ្ឋបាលឥណ្ឌាដាច់ដោយឡែក ដែលធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដីរបស់ចិនដោយចំណាត់ការផ្លាស់ប្តូរច្បាប់ក្នុងស្រុករបស់ខ្លួនជាឯកតោភាគី។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ចិនបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីចិនលោកស៊ី ជីនពីង តាមដានសភាពការណ៍នៅកាស្មៀរហើយនឹងគាំទ្រប៉ាគីស្ថានលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ខ្លួន។
លោកស៊ីបានប្រាប់នាយករដ្ឋមន្ត្រីប៉ាគីស្ថានក្នុងអំឡូងជំនួបមួយនៅក្រុងប៉េកាំងថា រឿងខុសត្រូវនៃស្ថានការណ៍វាច្បាស់លាស់។គ្រប់ភាគីគួរដោះស្រាយជម្លោះតាមការចរចាដោយសន្តិវិធី៕ដោយ៖សុខា/sn
មានការប៉ាន់ស្មានថា ជំនួបរវាង លោក ស៊ី ជីនពីង និង លោក ណារិនដ្រាម៉ូឌី អាចនឹងត្រូវបានពន្យារពេល ដោយសារការមិនយល់ស្របគ្នាលើបញ្ហាមួយចំនួន