​ជំនួប​ចុងក្រោយ មុន​ទៅ​ស៊ី​ហ្គេម​

246
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​បើក​សិក្ខាសាលា រយៈពេល ៣ ថ្ងៃ ពីថ្ងៃ​ទី​១៩ ដល់ ២១ វិច្ឆិកា ដើម្បី​ពង្រឹង​វិន័យ និង​ក្រមសីលធម៌ ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូ​ជំនួយ ដែល​នឹងត្រូវ​ចេញដំណើរ ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ប៉ុន្មាន​ថ្ងៃ ខាងមុខនេះ ។​

ទិដ្ឋភាព​សំណេះសំណាល​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា​នោះ​ថា វាគ្មិន​សំខានៗ ដែល​បាន​ចូលរួម​ឩ​ទ្ទេ​សនាម ក្នុង​សិក្ខាសាលា​នេះ មាន​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក ប៉ុន សុខ លោក​វេជ្ជបណ្ឌិត ស្ដើង ជា លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក​វេជ្ជបណ្ឌិត ឃុន ម៉ៅ លោក ព្រំ វ៉ាន់​រឿន ។​

ទិដ្ឋភាព​សំណេះសំណាល​

​ខ្លឹមសារ នៃ​បទ​ឩ​ទ្ទេ​សនាម ផ្ដោត​សំខាន់​ទៅលើ ការប្រឆាំង​ការប្រើប្រាស់ សារធាតុ​លើក​កម្លាំង ដែល​ហាម​មិន​ឲ្យ​ប្រើ​ក្នុង​កីឡា របប​នៃ​ការហូបចុក Fair-Play ការត្រៀមខ្លួន ក្នុងការ​ចេញដំណើរ ការត្រៀមខ្លួន សម្រាប់​ការប្រកួត តួនាទី​គ្រូបង្វឹក រួមជាមួយ​បញ្ហា​នានា​ជាច្រើន​ទៀត សម្រាប់​ការចេញ​ទៅ​ប្រកួត ដែល​ក្នុងនោះ ក្រម​វិន័យ គឺជា​បញ្ហា​ដែល​មិនអាច​ខ្វះ​បាន ។​

​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា បាន​ព្រមាន​ថា ការចេញ​ទៅនេះ គឺ​ចេញទៅ​ប្រកួត មិនមែន​ទៅ​ដើរលេង​ទេ ហេតុនេះ សូម​កុំទៅ​គ្រាន់តែ​បង្គ្រប់កិច្ច ដោយ​មិន​គិតពី​ការ​ឈ្នះ​។ បើ​ទៅ​របៀបនេះ មិនបាច់​ទៅ​ទេ ព្រោះ​រដ្ឋ ចំណាយលុយ​ច្រើនណាស់ ។​

​សូមបញ្ជាក់ថា ស៊ី​ហ្គេម​លើក​នេះ កម្ពុជា​បញ្ជូន​កីឡា ចំនួន​៣១​ប្រភេទ ទៅ​ចូលរួម ហើយ​កម្ពុជា បានគិត​ទុ​ជាមុន​ហើយ​ថា កីឡា​ចំនួន ១០ ប្រភេទ ជា​កីឡា ដែលមាន​សក្ដានុពល ៥​ប្រភេទ ជា​កីឡា​យុទ្ធសាស្ត្រ និង ១៦​ប្រភេទ ជា​ប្រភេទ​កីឡា​ដែលមាន​ប្រជាប្រិយ និង ជម្រុញ​៕v