​ជំនួប​ថ្នាក់ដឹកនាំ​កងទ័ព​កម្ពុជា​-​ឡាវ​ ត្រៀម​ដក​កម្លាំង​ចេញពី​តំបន់​មុំ​បី​

239
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​បន្ទាប់​ជំនួប​ចរចា​គ្នា​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​កងទ័ព​កម្ពុជា​-​ឡាវ ​កំពុង​ត្រៀម​ដក​កម្លាំង​រៀងៗ​ខ្លួន​ចេញពី​តំបន់​មុំ​បី​ព្រំប្រទល់​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ នេះ​បើតាម​ឧ​ត្ត​ម​សេនីយ៍​មួយរូប​ដែល​ឈរជើង​នៅ​តំបន់​នោះបាន​បញ្ជាក់​ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែសីហា ​ឆ្នាំ​២០១៩​នេះ​ កងកម្លាំង​កម្ពុជា​ចំនួន​៥​នាក់​និង​កងកម្លាំង​ឡាវ​៥​នាក់​ បាន​ចុះ​ពិនិត្យ​ការកែសម្រួល​កងកម្លាំង​ដែល​ឈរជើង​នៅ​តំបន់​មុំ​បី​នេះ​ដើម្បី​ឈានទៅដល់​ការដក​កងកម្លាំង​រៀងៗ​ខ្លួន តាម​បទបញ្ជា​របស់​មេដឹកនាំ​កំពូល​ប្រទេស​ទាំងពីរ​។​

​គួរ​បញ្ជាក់ថា​ កាលពី​រសៀល​ថ្ងៃទី​២៨​ ខែសីហា​ឆ្នាំ​២០១៩​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ ឌឹ​ក ​មេបញ្ជាការរង​កងទ័ព​ជើងគោក ​មេបញ្ជាការ​ក​ង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ជា​ប្រធាន​គណៈប្រតិភូ​ភាគី​កម្ពុជា​។​ឧ​ត្ត​ម​សេនីយ៍​ទោ​ ដួង​ ច័ន្ទ​ មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៩​ បាន​ដឹកនាំ​កម្លាំង​ភាគី​កម្ពុជា​បាន​ចុះ​ជួបចរចា​ជាមួយ​ភាគី​ឡាវ ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ស៊ុ​ក​ភិ​ម​មៈ​សាន ​មេបញ្ជាការ​យោធា​ចម្ប៉ា​សាក់ នៃ​កងទ័ព​ប្រជាជន​ប្រទេស​ឡាវ ជា​ប្រធាន​គណៈប្រតិភូ​ភាគី​ឡាវ​។​

​ជំនួប​នេះ​ធ្វើឡើង​នៅ​ទីតាំង​កងអនុសេនាធំ​ទី​១ ​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៩៥​របស់​កងពលតូច​អន្តរាគមន៍​លេខ​៩ ​ចម្ការចេក​​ តំបន់​មុំ​បី​ ព្រំដែន​កម្ពុជា​-​ឡាវ​។​ជំនួប​ចរចា​នេះ​ប្រគល់​តួនាទី​និង​ភារកិច្ច​មួយចំនួន​ជូន​ក្រុម​សង្កេតការណ៍​ត្រួតពិនិត្យ​នូវ​ការដក​កម្លាំងយោធា​ពី​ភាគី​ម្ខាងៗ​ចំនួន​៥​នាក់​ដូចគ្នា​។​ដើម្បី​អនុវត្តន៍​ការ​នូវ​ការដក​កម្លាំង​យោធា​ទាំងពីរ​ភាគី​ចេញ​ឱ្យអស់​ជា​ស្ថាពរ​ពី​ចំណុចកើតហេតុ​កន្លងមក​។​

​តាម​ប្រសាសន៍​របស់​មេបញ្ជាការ​កងទ័ព​ឡាវ​នៅ​តំបន់​នេះ​ប្រាប់​ដល់​កងទ័ព​កម្ពុជា​គឺ​ភាគី​ឡាវ​មិន​មានបំណង​ណាមួយ​ចង់​មាន​ជម្លោះ​ជាមួយ​កម្ពុជា​ឡើយ ​ហើយ​តំបន់​នេះ​ក៏​មិនមាន​ភាព​តានតឹង​នោះដែរ ។​ដោយ​កងទ័ព​ប្រទេស​ពីរ​នៅ​តំបន់​នេះ បាន​ជួប​ទទួលទាន​អាហារ​រួមគ្នា​ជា​ញឹកញាប់​កន្លងមក​៕S/​

#