​ជំនួប​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​រដ្ឋមន្ត្រី​បរទេស​ឥណ្ឌា​

616
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៩ ខែសីហា​នេះ បានអនុញ្ញាត​ឲ្យ​លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច (Sushma Swaraj) រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អនុញ្ញាត​ឲ្យ​លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​លទ្ធផល​បោះឆ្នោត​របស់​ក​ម្ពុ​ជា នាពេល​កន្លងមក​។ លោកស្រី​មានប្រសាសន៍ថា ឥណ្ឌា​បាន​បញ្ជូន អ្នកសង្កេតការណ៍​បោះឆ្នោត​ជាច្រើន​នាក់ មកកាន់​កម្ពុជា ហើយ​បាន​ឃើញ​នូវ​ដំណើរការ​បោះឆ្នោត​មួយ ដែលមាន​ភាពសេរី យុត្តិធម៌ និង​គ្មាន​អំពើ​ហឹ​ង្សា​។​

លោកស្រី​រដ្ឋមន្ត្រី បាន​សង្កេតឃើញ​ផងដែរ​ថា កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ទាំង​ផ្នែក​ទន់​និង​ផ្នែក​រឹង​។ ពី​នោះ​ទៅទៀត ក៏​ទទួលបាន​ជោគជ័យ​ជា​ស្ថាពរ នូវក្នុង​ការសម្រេច​គោលដៅ​សហវ​ត្ស ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។ លទ្ធ​ទាំងនេះ គឺ​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ទុកចិត្ត និង​លទ្ធផល នៃ​ការបោះឆ្នោត របស់​ប្រជាជន ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោកស្រី ក៏បាន​ជម្រាបជូន​សម្តេច អំពី​កិច្ចពិភាក្សា​ជាមួយនឹង​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការ​បរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ អំពី​គម្រោង​នៃ​ការហោះហើរ​ត្រង់ ពី​ឥណ្ឌា​មកកាន់​កម្ពុជា និង​គម្រោង​ទទួលផល​ឆាប់រហ័ស​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អនុញ្ញាត​ឲ្យ​លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​

ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី​ដែល​បាន​អបអរសាទរ លទ្ធផល​នៃ​ការបោះឆ្នោត​កម្ពុជា ហើយ​ក៏បាន​ជម្រាបជូន​យ៉ាង​សង្ខេប ពី​ដំណើរការ​បោះឆ្នោត និង​ប្រវត្តិ នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ រដ្ឋាភិបាល​ឥណ្ឌា ដែល​តែងតែ​ជួយ​ដល់​កម្ពុជា​កន្លងមក តាមរយៈ​ការ​ផ្តល់ជំនួយ ជាពិសេស នៅពេលដែល​កម្ពុជា ទើបតែ​រំដោះ​ចេញពី របប​ប្រល័យពូជសាសន៍ ប៉ុលពត ប្រទេស​ឥណ្ឌា គឺជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​មួយ ដែល​ទទួលស្គាល់​កម្ពុជា ដំបូង​គេ​បង្អស់​។​
សម្តេច​តេ​ជោ ក៏បាន​សម្តែង​នូវ​ការស្វាគមន៍ លើ​កិច្ចពិភាក្សា​របស់លោក​ស្រី ជាមួយនឹង​លោក​រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា អំពី​ការហោះហើរ​ត្រង់ និង​គម្រោង​ទទួលផល​រហ័ស​។

​សម្តេច​មានប្រសាសន៍ថា គម្រោង​ទទួលផល​រហ័ស​នេះ គឺ​ជួយ​ដោះស្រាយ​ត្រង់ ដល់​ប្រជាជន​កម្ពុជា​តែម្តង ជាពិសេស​នៅពេលដែល​កម្ពុជា កំពុងមាន​គ្រោះទឹកជំនន់ ដូច​ពេល​បច្ចុប្បន្ននេះ​។ គម្រោង​នេះ អាចជួយ ក្នុងការ​ស្តារអណ្តូង​ទឹក​, ការផ្តល់​គ្រាប់ពូជ និង​ការជួសជុល​សាលារៀន មន្ទីរពេទ្យ​ជាដើម ដែល​បានទទួល​រងគ្រោះ​ទឹកជំនន់​នោះ​។​

​គួរបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែសីហា​នេះ​បន្ទាប់ពី​ចប់​ជំនួប​ទ្វេភាគី ជាមួយ​រដ្ឋ​ម​ន្រី​ការបរទេស​កម្ពុជា ភាគី​ទាំងពីរ​កម្ពុជា​វា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុស្សរណ​:​ចំនួន​៣ រួមមានៈ​
១. កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការអភិរក្ស និង​ជួសជុល​ប្រាសាទព្រះវិហារ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ប្រទេស​កម្ពុជា​។ ២. អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងសុខាភិបាល និង​កិច្ចការ​គ្រួសារ នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​ក្រសួង សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខភាព និង​ឱសថ​។ ៣. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិទ្យាស្ថាន​ការបរទេស នៃ​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា​។​

​លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច បាន​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អនុញ្ញាត​ឲ្យ​លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោកស្រី​ក៏​នឹង​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ទស្ស នា ប្រាសាទ​អង្គរ​ផងដែរ​៕សរន

#