​ជំរុញឱ្យមាន​ការបណ្តុះ​បណ្តាល​អត្ត​ព​លិ​ក វ័យក្មេង​ឆ្នើម សម្រាប់ SEA GEAMS ឆ្នាំ​២០២៣

396
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖ រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លោក ស សុខា បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) នេះ ក្នុង​គោលបំណង​អនុវត្ត នយោបាយ​កំណែទម្រង់ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​រចនាសម្ព័ន្ធ​ប្រកួត ដើម្បី​ត្រៀម​ឆ្ពោះទៅ SEA GEAMS ឆ្នាំ​២០២៣ ព្រមទាំង​រៀបចំ​ការប្រកួត ឲ្យ​ស្របទៅនឹង​រចនាសម្ព័ន្ធ ការប្រកួត​ថ្នាក់​តំបន់ និង​អន្តរជាតិ ដូចជា​ការប្រកួត​កីឡា​សិស្ស​អាស៊ាន កីឡា​សាកលវិទ្យាល័យ​អាស៊ាន និង​កីឡា​សាកលវិទ្យាល័យ​ពិភពលោក​។​

​លោក​បាន​បន្តថា ដំណាក់កាល នៃ​ការបណ្តុះបណ្តាល មន្ត្រីរដ្ឋបាល មន្ត្រី​បច្ចេកទេស ព្រមទាំង​ជ្រើសរើស កីឡាករ​-​កីឡាការិនី ដែល​ល្អៗ សម្រាប់​ជា​ថ្នាល​ត្រៀម​បម្រុង សម្រាប់ SEA GEAMS ឆ្នាំ​២០២៣ ហើយ​បំផុសសកម្មភាព​អប់រំ​កាយ និង​កីឡា​កីឡា នៅក្នុង​គ្រឹះស្ថានសិក្សា និង​នៅតាម​រាជធានី​ខេត្ត និង​ជួយ​ឲ្យ​សិស្ស មាន​សុខុមាល​ភាពល្អ កាយសម្បទា​មាំមួន ឆន្ទៈ​មោះមុត អំណត់​ព្យាយាម​វិន័យ ស្មារតី​ក្រុម គំនិត​ច្នៃប្រឌិត និង​តស៊ូ​ស្វិតស្វាញ សំដៅ​ដណ្ដើមបាន​លទ្ធផល​ល្អប្រសើរ លើ​ការប្រកួត ទទួលបាន​លទ្ធផល​ការសិក្សា​ល្អ និង​ជីវភាព​រស់នៅ សុខដុមរមនា​។​

​លោក​រដ្ឋលេខាធិការ បាន​បន្ថែមទៀតថា លើកទឹកចិត្ត ដល់​អ្នកលេង​កីឡា និង​អ្នក​ដែលមាន​ឧបនិស្ស័យ ដើម្បី​ជ្រើសរើស​ជា កីឡាករ​-​កីឡាការិនី ថ្នាល​ល្អៗ ចូលក្នុង​ក្រុម​ជម្រើសជាតិ ចូលរួម​ក្នុងការ​ហ្វឹកហាត់ ត្រៀមលក្ខណៈ​ចូលរួម ការប្រកួត​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​នានា ជាពិសេស​ដើម្បី​ត្រៀមខ្លួន ឆ្ពោះទៅ SEA GEAMS ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ បង្កលក្ខណៈ​ឲ្យ​សិស្ស ជួបជុំគ្នា​ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បី​ចេះ​រួមរស់​ជាមួយគ្នា នៅក្នុង​សង្គម ផ្តល់ឱកាស​ដល់ អ្នកលេង​កីឡា បាន​ស្គាល់​តំបន់​ផ្សេងៗ ក៏ដូចជា រមណីយដ្ឋាន​ទេសចរណ៍​នានា ដើម្បី​បណ្តុះ​គំនិត ឲ្យ​ចេះ​ស្រឡាញ់ ចេះ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ និង​បណ្តុះ​គំនិត​ស្នេហា​ជាតិ​។​

​លោក​បាន​អះអាងថា ការហ្វឹកហាត់​អប់រំ​កាយ និង​កីឡា គឺជា​សិទ្ធិ​មូលដ្ឋាន សម្រាប់​ទាំងអស់គ្នា​។ ជាទូទៅ ការអប់រំ​កាយ និង​កីឡា ជា​ធាតុ​សំខាន់ នៃ​ការអប់រំ​ពេញ​មួយជីវិត នៅក្នុង​ប្រព័ន្ធ​អប់រំ ចំពោះ​ការអប់រំ​កាយ និង​កីឡា ធានា​ការអភិវឌ្ឍ និង​រក្សា​ការពារ​កម្លាំងកាយ បញ្ញា ស្មារតី និង​សីលធម៌ របស់​មនុស្សលោក​។ វិស័យ​អប់រំ​កាយ និង​កីឡា បានរួម​ចំណែក​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​សិស្ស និស្សិត ប្រជាជន​គ្រប់រូប និង​កាត់បន្ថយ​ភាព​អសកម្ម​ផ្សេងៗ ក្នុងសង្គម ជាអាទិ៍​ការប្រើប្រាស់​គ្រឿងញៀន​៕​v