​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​ហ្វីលីពីន​៖ ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​ខ្មែរ និង​ប្រជាជន​ហ្វីលីពីន​

256
ចែករម្លែក

ដោយ​៖ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ
​ ប្រជាជន​ខ្មែរ និង​ប្រជាជន​ហ្វីលីពីន​បាន​ស្វែងយល់​ពីគ្នា​ជា​បន្តបន្ទាប់​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ ប្រជាជន​ខ្មែរ បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​លើទឹក​ដី​នៃ​ប្រទេស​ហ្វីលីពីន​ចំនួន​ប្រមាណ​១០​ភាគរយ ប្រៀបធៀប​ទៅនឹង​ជនភៀសខ្លួន​មកពី​ប្រទេស​ឥណ្ឌូចិន​សរុប​ប្រមាណ​៤០០.០០០​នាក់​។​

​សង្គ្រាម​បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ បង្ខំចិត្ត​ចាកចេញ​ពី​ក្រុមគ្រួសារ​ធ្វើ​ចំណាកស្រុក​ទៅ​រស់នៅ​ខាងក្រៅ​ប្រទេស​ដើម្បី​រក្សា​សុវត្ថិភាព និង​មិន​វិលត្រឡប់​ចូលមក​រស់នៅក្នុង​ទឹកដី​កំណើត​ប្រទេស​ខ្លួន​វិញ​ឡើយ​។
​នៅក្នុង​អំឡុងពេល​នៃ​ការគ្រប់គ្រង​របស់ ប៉ុល ពត ក្នុង​របប​ខ្មែរក្រហម ប្រជាជន​ខ្មែរ​តែងតែ​គិត​អំពី​ការរត់​គេច​ទៅ​រស់នៅ​កន្លែង​ផ្សេងៗ​ដែល​អាច​រក្សា​សុវត្ថិភាព​ដល់​ខ្លួន​និង​ក្រុមគ្រួសារ​។​

​ប្រជាជន​មួយចំនួន​ត្រូវបាន​ខ្មែរក្រហម​សម្លាប់​នៅពេល​ដឹង​អំពី​ផែនការ​រត់គេចខ្លួន ហើយ​ប្រជាជន​ផ្សេងទៀត​ក៏បាន​រត់​រួច​ដោយ​សុវត្ថិភាព​។ នា​ចុងឆ្នាំ​១៩៧៨ នៅពេលដែល​កងទ័ព​វៀតណាម​បាន​វាយ​ចូលមក​រំដោះប្រទេស​កម្ពុ​ជា ទាំង​ជនរងគ្រោះ​និង​អតីត​កម្មាភិបាល​ខ្មែរក្រហម បាន​បន្ត​រត់គេចខ្លួន​ទៅកាន់​ព្រំដែន​នៃ​ប្រទេស​ថៃ និង​រស់​នៅតាម​ជំរំ​នៅ​ទីនោះ​។ ដោយ​មូលហេតុ​នៃ​ការមិនទុកចិត្ត និង​ភ័យខ្លាច​ថា​សង្គ្រាម​នឹង​អាច​កើតមានឡើង​ម្តងទៀត ប្រជាជន​ខ្មែរ​ទាំង​នោះបាន​រិះរក​មធ្យោបាយ​បន្ត​រត់គេចខ្លួន​ទៅ​រស់នៅ​ប្រទេស​ផ្សេងៗ​ទៀត ដូចជា ប្រទេស​កាណាដា ន័​រវេ​ស អូស្ត្រាលី បារាំង និង​អាមេរិក ដោយបាន​ធ្វើដំណើរ​មក​ស្នាក់នៅ​ក្នុង​មណ្ឌល​រៀបចំ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​ហ្វីលីពីន​ដែល​ត្រូវបាន​ហៅថា ជំរំ​ជនភៀសខ្លួន​បា​តា​អាន ស្ថិតនៅក្នុង​ខេត្ត​បា​តា​អាន ក្រុង​ម៉ូ​រ៉ុង​នៃ​ប្រទេស​ហ្វីលីពីន ដែលជា​ចំណត​ចុងក្រោយ​នៃ​ជំរំ​ភៀសខ្លួន​សម្រាប់​ប្រទេស​នៅក្នុង​ឥណ្ឌូចិន​។​

​ជំរំ​ជនភៀសខ្លួន​បា​តា​អាន មាន​ចម្ងាយ​១៣០ គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ា​នី​ឡា​នៃ​ប្រទេស​ហ្វីលីពីន​។ នៅពេលដែល​យើង​ធ្វើដំណើរ​ទៅកាន់​ជំរំ​ជនភៀសខ្លួន​បា​តា​អាន យើង​ឃើញ​មាន​វាលស្រែ និង​ជ្រលង​ភ្នំភ្លើង​ដ៏​វែង​អន្លាយ​ត​ភ្ជាប់​គ្នា​នៅតាម​ផ្លូវ​។ យើង​ត្រូវ​ធ្វើដំណើរ​ស្របទៅតាម​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​នៃ​ឈូង​សមុទ្រ​ស៊ូ​ប៊ី​ក ដែលមាន​កប៉ាល់​ធំៗ​ជាច្រើន​ចត​នៅ​ទីនោះ​។ សព្វថ្ងៃ ជំរំ​ជនភៀសខ្លួន​បា​តា​អាន គឺជា​ឧទ្យាន​មួយ​ដែលមាន​សភាព​ស្ងប់ស្ងាត់ និង​ពោរពេញ​ទៅដោយ​ភាពស្រស់​បំព្រង​នៃ​សម្រស់​ធម្មជាតិ​។

​នៅក្នុង​ជំរំ​បានរៀបចំ​បង្កើត​សារមន្ទីរ​មួយ​ដែល​បាន​សរសេរ​នៅ​ពី​ខាងមុខ​ក្លោងទ្វា​ថា សារមន្ទី បណ្ណាល័យ និង​បណ្ណសារដ្ឋាន ដែល​នេះ​ជាទី​កន្លែង​សម្រាប់​ដាក់តាំង​សម្ភារ​ប្រើប្រាស់​ដែល​ជនភៀសខ្លួន​ធ្លាប់បាន​ប្រើប្រាស់​នាពេលនោះ និង​ថែមទាំង​មាន​បន្សល់ទុក សាលារៀន និង​ទី​ន្លែ​ង​គោរពបូជា​សាសនា​ដែល​ជនភៀសខ្លួន​បាន​ប្រើប្រាស់​នាពេលនោះ​។ សម្ភារ​ទាំងអស់​បានបង្ហាញ​អំពី​អត្តសញ្ញាណ​របស់​ជនភៀសខ្លួន​មកពី​បណ្តា​ប្រទេស​នីមួយៗ​។ ជនភៀសខ្លួន​ខ្មែរ​បាន​បន្សល់ទុក​នូវ​សារុង​ដែល​ខ្លួន​ប្រើប្រាស់​អំឡុងពេល ថែមទាំង​បាន​បន្សល់ទុក​អត្តសញ្ញាណ​ជាតិ​នៅលើ​ទឹកដី​នៃ​ប្រទេស​ហ្វីលីពីន ដូចជា ការសាងសង់​និមិត្តរូប​នៃ​ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន វត្ត​អា​រ៉ា​ម និង​ប្រពៃណី​វប្បធម៌​ផ្សេងៗ​របស់ខ្លួន​។

​ជំរំ​ជនភៀសខ្លួន​បា​តា​អាន បាន​បង្កើតឡើង​នៅ​ថ្ងៃទី​២១ មករា ឆ្នាំ​១៩៨០ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​ហ្វីលីពីន និង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ក្នុង​គោលបំណង​ជួយ​ដល់​ជនរងគ្រោះ​ដែល​បានគេច​ខ្លួន​ពី​ការធ្វើ​ទារុណកម្ម ការសម្លាប់ នៅក្នុង​ប្រទេស​របស់ខ្លួន​ដែល​កំពុងតែជួបប្រទះ​នឹង​សង្គ្រាម​។ ជំរំ​នេះ​មាន​ផ្ទៃដី​សរុប​ប្រមាណ​៣៦៥​ហិច​តា ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ឈូង​សមុទ្រ​ស៊ូ​ប៊ី​ក​។ ជំរំ​ជនភៀសខ្លួន​បា​តា​អាន មិន​ត្រឹមតែ​ជា​កន្លែង​ទទួល​ជនភៀសខ្លួន​ឲ្យ​មក​ស្នាក់នៅ​នោះទេ ប៉ុន្តែ​ជំរំ​នេះ​គឺជា​កន្លែង​មួយ​សម្រាប់​ផ្តល់​ការបណ្តុះបណ្តាល​ផ្នែក​ភាសា ការងារ និង​ជំនាញ​ផ្សេងៗ​ដល់​ជនភៀសខ្លួន​ដែល​នឹងធ្វើ​ដំណើរ​ទៅ​រស់នៅក្នុង​ប្រទេស​ប្រទេស​ទី​៣​។ ជំរំ​ជនភៀសខ្លួន​បា​តា​អាន បានរៀបចំ​រចនាសម្ព័ន​ដូច​ទីក្រុង​តូច​មួយ​ដែលមាន​កន្លែង​សម្រាប់​ស្នាក់នៅ សាលារៀន មន្ទីរពេទ្យ បណ្ណាល័យ អាហា​រដ្ឋា​ន កន្លែង​កីឡា មណ្ឌល​អប់រំ កន្លែង​ហ្វឹកហាត់​ការងារ និង​ទីតាំង​គោរពបូជា​សាសនា​សម្រាប់​ជនភៀសខ្លួន​ទាំងអស់​។
ទោះបីជា​ជំរំ​ជនភៀសខ្លួន​បា​តា​អាន បាន​ផ្អាក​ដំណើរការ​អស់​រយៈពេល​ប្រហែល​ជិត​៣០​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​យើង​ឃើញ​មាន​ការបន្ត​អភិរក្ស​ទៅលើ​តំបន់​នោះបាន​យ៉ាង​ល្អ​។

​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​កំពុងធ្វើការ​នៅក្នុង​ជំរំ​ជនភៀសខ្លួន​បា​តា​អាន​បាន​និយាយថា ៖
“​ជារឿយៗ ក្រុមសិស្ស និស្សិត​នៅក្នុង​ប្រទេស​ហ្វីលីពីន បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ស្វែងយល់​អំពី​ជំរំ​ជនភៀសខ្លួន​នេះ​។ ចំណែកឯ​ជនជាតិ​បរទេស ក៏បាន​ធ្វើដំណើរ​មក​ទ​ស្សនា​យ៉ាងច្រើន​កុះករ​ដែរ​”​។ លោក​បាន​បន្ថែមទៀតថា “​អតីតជន​ភៀសខ្លួន​ជនជាតិខ្មែរ​ម្នាក់​ដែល​ធ្លាប់បាន​ភៀសខ្លួន​មក​ស្នាក់​នៅក្នុង​ជំរំ​នេះ​ឈ្មោះ លោក ឆាំង យុ ជារឿយៗ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​កម្ពុជា​មក​ទស្សនា​ជំរំ​នេះ​ដែលជា​ទីកន្លែង​គាត់​ធ្លាប់​រស់នៅ​”​។

​ជំរំ​ភៀសខ្លួន​ម៉ូ​រុង បាន​បន្ត​ចំណងមិត្តភាព និង​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​រហូតដល់​ស​ព្វ​ថ្ងៃនេះ​។ លោកស្រី​សាស្ត្រាចារ្យ​ឈ្មោះ ហប គី​ចា​ណូ ដែលជា​សាស្ត្រាចារ្យ​ជំនាញ​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​ផូ​ល​ម៉ា​នី​ឡា បាន​ចែករំលែក​បទពិសោធន៍​របស់គាត់​ថា ៖

​នៅពេលដែល​ខ្ញុំ​ឮឈ្មោះ​ប្រទេស​កម្ពុជា រឿង​ដែល​ខ្ញុំ​នឹកឃើញ​ដំបូង​គេ​គឺ​ពាក្យ​ថា​ខ្មែរក្រហម​។ នៅក្នុង​អំឡុង​ឆ្នាំ​១៩៩០ ខ្ញុំ​គឺជា​គ្រូបង្រៀន​នៅ​សាលា​អន្តរជាតិ​ប្រែ​ន ដែល​ស្ថិតនៅក្នុង​ខេត្ត​បា​តា​អាន​។ នាពេលនោះ​គឺជា​ឱកាស​ដំបូងបង្អស់​ដែល​ខ្ញុំ​បានឮ​និង​ស្គាល់​ពី​ប្រទេស​កម្ពុជា និង​ប្រជាជន​ខ្មែរ​។ ខ្ញុំ​បាន​ដឹកនាំ​សិស្ស​ប្រមាណ​៦០​នាក់​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​នៅក្នុង​តំបន់​ផ្សេងៗ​គ្នា​ក្នុង​ខេត្ត​បា​តា​អាន ដែល​ក្នុងនោះ​ខ្ញុំ​បាន​ដឹកនាំ​សិស្ស​ទៅ​ទស្សនា​ជំរំ​ជនភៀសខ្លួន ដែលមាន​ទាំង​ប្រជាជន​ខ្មែរ វៀតណាម និង​ឡាវ​រស់នៅ​ទីនោះ​។ អ្នកយាម​ទ្វារ​នៅ​ជំរំ​ជនភៀសខ្លួន​នោះ មិនបាន​អនុញ្ញាត​ឲ្យ​ខ្ញុំ និង​សិស្ស​ទាំងអស់​ចូលទៅក្នុង​ជំរំ​ឡើយ ព្រោះ​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​។ យើងទាំងអស់គ្នា​បានត្រឹមតែ​ឈរ​សម្លឹង​ពី​ចម្ងាយ​នៅ​ពីមុខ​ក្លោងទ្វារ​ឈើ​មួយ សំដៅទៅ​ខាងក្នុង​ជំរំ​តែប៉ុណ្ណោះ​។ សំណាងល្អ ខ្ញុំ​បាន​ជួប​បុរស​ជនជាតិខ្មែរ​ម្នាក់​ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​។ បុរស​ម្នាក់​នោះ គឺជា​អ្នក​ជួយ​បកប្រែ និង​សម្របសម្រួល​ដល់​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​។ ខ្ញុំ​បាន​សួរ​ទៅកាន់​បុរស​ម្នាក់​នោះ​ថា ហេតុអ្វី​បានជា​គាត់​ពាក់ចិញ្ចៀន​ដែលមាន​ទំហំ​ធំ​ម្ល៉េះ​? បុរស​ម្នាក់​នោះបាន​តប​មក​ខ្ញុំ​វិញ​ថា វា​គឺជា​ចិញ្ចៀន​ដែល​គាត់​យកមក​ពី​ប្រទេស​កម្ពុជា សម្រាប់​ត្រៀម​ដល់​ការចំណាយ​ផ្សេងៗ​នៅពេល​ធ្វើដំណើរ​តាមផ្លូវ​មកកាន់​ប្រទេស​ហ្វីលីពីន ព្រោះ​គាត់​គឺជា​ជនភៀសខ្លួន​ខុសច្បាប់​ដែល​គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។ គាត់​នឹង​ផ្តល់​ឲ្យ​នូវ​របស់​មានតម្លៃ​ឲ្យ​ទៅ​នរណាម្នាក់​ដែល​ចង់បាន និង​ព្រម​អនុញ្ញាត​ឲ្យ​គាត់​ចូលទៅ​រស់នៅក្នុង​ទឹកដី​ហ្វីលីពីន​។
​ជនភៀសខ្លួន​នៅក្នុង​ជំរំ​បា​តា​អាន ត្រូវបាន​ហៅថា មនុស្ស​ទូក ព្រោះ​អ្នក​ទាំងនោះ​ភាគច្រើន​ធ្វើដំណើរ​ភៀសខ្លួន​មក​ប្រទេស​ហ្វីលីពីន​តាមរយៈ​ទូក​នាពេល​យប់​។ ខ្ញុំ​ក៏បាន​ដឹងថា ជនភៀសខ្លួន​ទាំងអស់ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញទៅ​ខាងក្រៅ​តំបន់​ដែល​ខ្លួន​រស់​នោះទេ​។ ខ្ញុំ​បានឃើញ​ប្រជាជន​ខ្មែរ​ស្លៀក​សារុង​ដើរ​នៅក្នុង​ជំរំ​នោះ​។

​មិត្តភក្តិ​របស់ខ្ញុំ​ភាគច្រើន​ដឹង​អំពី​ជំរំ​ភៀសខ្លួន​ម៉ូ​រុង និង​របប​ខ្មែរក្រហម​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​ធ្លាប់បាន​អាន​រឿងរ៉ាវ​ជាច្រើន​ដែល​ទាក់ទង​នឹង​របប​ខ្មែរក្រហម​តាមរយៈ​សារព័ត៌មាន​នានា​។ រឿង​ដែល​ស្ថិតនៅក្នុង​ចិត្ត​ខ្ញុំ​នោះ​គឺ​អំពើ​ដ៏​ឃោរឃៅ​ដែល​ខ្មែរក្រហម​ធ្វើបាប​ប្រជាជន​ខ្លួនឯង​ដូចជា​ការបញ្ជា​ឲ្យ​ជីករណ្តៅ​កប់​ខ្លួនឯង និង​ការធ្វើ​ទារុណកម្ម​ដោយ​ចាប់​ជ្រមុជ​ក្បាល​ទៅក្នុង​ទឹក​។
​សព្វថ្ងៃនេះ​នៅក្នុង​ថ្នាក់រៀន​របស់ខ្ញុំ នៅពេលដែល​យើង​ពិភាក្សា​អំពី​រឿង​នយោបាយ យើង​តែងតែ​និយាយ​ទៅដល់​រឿងរ៉ាវ​នៃ​របប​ខ្មែរក្រហម​នៅក្នុង​ប្រទេស​កម្ពុជា​។ សិស្ស​នៅក្នុង​ថ្នាក់រៀន​របស់ខ្ញុំ តែងតែ​ប្រៀបធៀប​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ប្រទេស​ហ្វីលីពីន​អំឡុង​ឆ្នាំ​១៩៧២ ដល់​ឆ្នាំ​១៩៨៦ ទៅនឹង​របប​ខ្មែរក្រហម​។ សិស្ស​ទាំងនោះ​តែងតែ​ស្ងើចសរសើរ​ប្រជាជន​ខ្មែរ​ដែល​ហ៊ាន​តស៊ូ​ប្រឆាំង ដើម្បី​ផ្តួលរំលំ​របប​ខ្មែរក្រហម​ទោះបីជា​របប​នេះ​កាច​សាហាវ​យ៉ាង​ក៏ដោយ​។ នៅពេលដែល​គេ​នឹក​ដល់​សង្គ្រាម​នៅក្នុង​ប្រទេស​ហ្វីលីពីន​គេ​តែងតែ​ប្រៀបធៀប​ថា​អាក្រក់​ដូច​របប​ខ្មែរក្រហម​នៅក្នុង​ប្រទេស​កម្ពុជា​។
​វ៉ា​នេ​សា វិ​ស​តា​ល់ គឺ​ជនជាតិ​ហ្វីលីពីន ដែល​សព្វថ្ងៃ​គឺជា​ជំនួយការ​នាយក​ផ្នែក​ភាសារ​អង់គ្លេស​នៅក្នុង​សកលវិទ្យា​ល័យ​ផូ​ល​ម៉ា​នី​ឡា បានបង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​ប្រទេស​កម្ពុជា​ថា ៖
​ខ្ញុំ​មិន​ធ្លាប់​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​ខ្ញុំ​បាន​ស្គាល់ និង​ឮ​ពី​ប្រទេស​កម្ពុជា តាមរយៈ​ការសិក្សា​នៅក្នុង​ថ្នាក់រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​អំឡុង​ពេលដែល​ខ្ញុំ​កំពុងតែ​សិក្សា​ឆ្នាំ​ទី​៤​។
​ខ្ញុំ​បាន​ទស្សនា​កុន​ឯកសារ​មួយ​ដែល​និយាយ​អំពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​រុងរឿង​របស់​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ដែរ​។ កុន​ឯកសារ​នោះ បានបង្ហាញ​អំពី​ម្ហូបអាហារ វប្បធម៌ និង​រឿងរ៉ាវ​ជាច្រើន​ទៀត​របស់​ប្រទេស​កម្ពុជា​។ កុន​ឯកសារ​នោះ ក៏បាន​បង្ហាញ​ពី​អរិយធម៌​ដ៏​រុងរឿង​របស់​កម្ពុជា​តាម​រយៈ​ប្រាសាទអង្គរវត្ត​ដែលជា​ប្រាសាទ​ដ៏​ចំណាស់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​ឃើញ​មាន​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​កុះករ​ធ្វើដំណើរ​ទៅ​ទស្សនា​ប្រាសាទ​ទាំងអស់នោះ​។ ខ្ញុំ​តែងតែ​គិតថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​អ្នកមាន​មួយ​ក្នុងចំណោម​ប្រទេស​អ្នកមាន​ជាច្រើន​ទៀត​។ ខ្ញុំ​បាន​ស្គាល់​ប្រទេស​កម្ពុជា​អំពី​ភាពស្រស់ស្អាត ប៉ុន្តែ​ខ្ញុំ​មិន​ធ្លាប់​ដឹងថា​ប្រទេស​កម្ពុជា​ធ្លាប់​ជួបប្រទះ​នឹង​សង្គ្រាម​ដ៏​ឃោរឃៅ​ស្រដៀង​គ្នា​ទៅនឹង​ប្រទេស​ហ្វីលីពីន​ទាល់តែសោះ​។
​តាមរយៈ​ទិន្ន័យ​ពី​ស្ថានទូត​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​នៅក្នុង​ប្រទេស​ហ្វីលីពីន នៅក្នុង​អំឡុង​ឆ្នាំ​២០១៨ ប្រជាជន​ខ្មែរ​បានមក​រស់នៅ ធ្វើការ និង​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​ហ្វីលីពីន​មាន​ចំនួន​ប្រមាណ​១១០​នាក់ ដែល​បាន​ចុះឈ្មោះ​នៅក្នុង​ស្ថានទូត ចំណែក​ប្រជាជន​ហ្វីលីពីន​បាន​ចូលទៅ​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ប្រហែលជា ៧.០០០​នាក់ ប៉ុន្តែ​បាន​ចុះឈ្មោះ​នៅក្នុង​ការិយាល័យ​អន្តោប្រវេសន៍​ប្រហែលជា​៣.៦០០​នាក់​តែប៉ុណ្ណោះ​។

​ប្រជាជន​ភៀសខ្លួន​ខ្មែរ បាន​នាំយក​វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និង​រឿងរ៉ាវ​ជាច្រើន​ទៀត​មក​ប្រទេស​ហ្វីលីពីន ដែល​វប្បធម៌ អរិយធម៌​ទាំងអស់​នោះបាន​បន្ត​រស់​នៅក្នុង​ប្រទេស​ហ្វីលីពីន​រហូតដល់​សព្វថ្ងៃនេះ​។ នេះ​គឺជា​ចំណង​មួយ​ដែល​បាន​បង្កើត​ទំនាក់ទំនង​រវាង​ប្រជាជន​ខ្មែរ និង​ប្រជាជន​ហ្វីលីពីន ហើយក៏​ជា​ឱកាស​មួយ​ដែល​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​ដែរ​៕