​ជ្រូក​ចិញ្ចឹម​នៅ​ស្រុក​ជីក្រែង​ងាប់​ស្ទើរ​អស់ពី​ភូមិ​គឺ​ឈឺ​ភ្លាម​ងាប់​ភ្លាម​

262
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​សត្វ​ជ្រូក​ប្រជាពលរដ្ឋ​ចិញ្ចឹម​ក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុក​ជីក្រែង​(​ឃុំ​គោកធ្លក​ក្រោម​និង​ឃុំ​ស​ង្វើ​យ​) បាន​ងាប់​ជា​បន្តបន្ទាប់​ជាច្រើន​រយ​ក្បាល​មិនទាន់​ដឹង​មូលហេតុ​។​ក្នុងករណីនេះ មន្ត្រី​បសុពេទ្យ​បញ្ជាក់ថា មន្ត្រី​ជំនាញ​កំពុង​ចាត់វិធានការ​ទប់ស្កាត់​។​

​លោក​ស៊ឹម​សាន់​ជា​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​ព្រៃ​ប្រស់​ឃុំ​ស​ង្វើ​យ​បាន​ឲ្យ​ដឹងថា​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​ប្រស់ ប្រមាណ​ជិត​២០០​គ្រួសារ បាននាំគ្នា​ចិញ្ចឹម​ជ្រូក​។ ក្នុងនោះ​ពលរដ្ឋ​ខ្លះ​បាន​ខ្ចីប្រាក់​ពី​អង្គការ (​ធនាគារ​)​យកមក​ធ្វើជា​ដើមទុន​ចិញ្ចឹម​ជ្រូក​ព្រោះ​តែង​សង្ឃឹមថា​វា​នឹង​បាន​ផល​មកវិញ​។​ប៉ុន្តែ​ប្រមាណ​ជា​៥​ទៅ​៦​ថ្ងៃ​មុននេះ​ស្រាប់​តែមាន​ករណី​ជំងឺ​ចម្លែក​កើតឡើង​ធ្វើឱ្យ​សត្វ​ជ្រូក​របស់​អ្នកភូមិ​បាន​ងាប់​បន្តបន្ទាប់​គ្នា​ស្ទើរ​ផុត​ពូជ​អស់ពី​ភូមិ​គឺ​ឈឺ​ភ្លាម​ងាប់​ភ្លាម​។

​ចំណែក​អ្នកស្រី​សុខលី​ពលរដ្ឋ​នៅ​ភូមិ​បាក់​អង្រុត​ឃុំ​គោកធ្លក​ក្រោម​ក៏បាន​ឱ្យដឹង​ដែរ​ថា​កាលពី​៣​ទៅ​៤​ថ្ងៃមុន​ជ្រូក​របស់គាត់​ចំនួន​៤​ក្បាល​ក្នុងចំណោម​១២​ក្បា​បាន​ងាប់​ទាំង​មិនដឹង​មូលហេតុ​អ្វី​ទាំងអស់​។​“​អត់​មាន​ចេញ​កន្ទួល​ចេញ​ស្នាម​អី​ទេពី​ល្ងាច​ស៊ី​បាយ​ធម្មតា​ស្រាប់តែ​ព្រឹក​ឡើង​ក៏​ងាប់​”​។​

​លោក​សួង ស៊ិត​មេភូមិ​បាក់​អង្រុត​សម្តែង​ការសង្ស័យថា សត្វ​ជ្រូក​របស់​ពួកគាត់​អាច​នឹង​ឆ្លង​ជំងឺ​អ្វី នៅពេល​ណាមួយ​។​លោក​បន្តថា​លោក​ខំ​បាច​កំបោរ​បាច​អំបិល​ការពារ​ខ្លាច​ឆ្លង​តែ​វា​នៅតែ​ងាប់​ដដែល សូម្បីតែ​ឮថា​ជ្រូក​អ្នកភូមិ​ងាប់ ក៏​មិន​ហ៊ាន​ទៅ​មើល​ផង ព្រោះ​ខ្លាច​ឆ្លង​មក​សត្វ​របស់ខ្លួន​។​

​ជុំវិញ​ករណីនេះ ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប លោក ព្រំ វិច​បាន​ថ្លែងថា​រឿងនេះ​ខាង​លោក​ទទួលបាន​ដំណឹង​៤​ទៅ​៥​ថ្ងៃ ហើយ​។ ខណ​:​នេះ​ខាង​ជំនាញ ក៏បាន​ចុះ​យក​សំណាក​សាច់សត្វ​ទាំងនោះ​ទៅធ្វើ​ពិសោធន៍​រួចហើយ តែ​មិនទាន់​ដឹង​លទ្ធផល​នៅឡើយ​។

លោក​បន្តថា ពេលនេះ មន្ត្រី​របស់លោក បាន​ចុះ​អប់រំ ផ្សព្វផ្សាយ​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ដែលមាន​ជ្រូក​មាន​ជំងឺ​ឱ្យ​ពួកគាត់​បាន​យល់ដឹង​អំពី​វិធានការ​ការពារ និង​សង្គ្រោះ​សត្វ​ចិញ្ចឹម​របស់​ពួកគាត់​ជាបឋម​៕S/​