​ជ្រើសរើស​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សម្រាប់​ឆ្នាំ​២០២០

244
ចែករម្លែក

​ដោយ​មូល​សម្បត្តិ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​លោក​ថោង​ខុន​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​កម្ពុជា នា​ដើមឆ្នាំ​២០២០ ខាងមុខនេះ​។​

​សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ (UCI) ដែលជា​ស្ថាប័ន​រៀបចំ​កីឡា​ប្រណាំង​កង់​លំដាប់​ពិភពលោក បានជ្រើសរើស​ប្រទេស​កម្ពុជា​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​«​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​»​ចាប់ពី​ថ្ងៃទី​០៤០៦​ខែមករា​ឆ្នាំ​២០២០​ខាងមុខនេះ​។​ព្រឹត្តិការណ៍​ពិភពលោក​នេះ​រៀបចំឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ក្លិប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក និង​សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ (UCI)​។​

​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ និង​ជា​អគ្គលេខាធិការ NOCC បាន​បញ្ជាក់ថា រយៈពេល​៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់​ពិភពលោក​នេះ នឹងត្រូវ​ឆ្លងកាត់​ខេត្តកោះកុង ខេត្តកំពត ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ​ដែលជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​របស់​កម្ពុជា​ដែល​ត្រូវបាន​បែង​ចែកជា​៣​ដំណាក់កាល រួមមាន​៖

*​ដំណាក់កាល​ទី​១៖​នា​ថ្ងៃទី​០៤​ខែមករា​ឆ្នាំ​២០២០​ចាប់ផ្ដើម​ចេញដំណើរ​ដំបូង​ពី​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ ឆ្លងកាត់​រង្វង់​មូល​ព្រឹទ្ធាចារ្យ​សាយ​ភូ​ថង​(​ស្ថិតក្នុង​ស្រុក​បុ​ទុម​សាគរ​ខេត្តកោះកុង​) ឆ្ពោះទៅ​ក្រុង​ខេមរភូមិន្ទ (​ទី​រួម​ខេត្តកោះកុង​) ដែលមាន​ចម្ងាយ​សរុប​ប្រមាណ ១៣៥​គីឡូម៉ែត្រ​។​

  • ដំណាក់កាល​ទី​២៖ នា​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ ចេញដំណើរ​ពី​រង្វង់​មូល​ព្រឹទ្ធាចារ្យ សាយ ភូ​ថង ឆ្លងកាត់​ផ្លូវបំបែក​ស្រែអំបិល ឆ្ពោះទៅ​រង្វង់​មូល​វាលរេញ (​ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​) និង​បន្ត​ទៅកាន់​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ខេត្តកំពត​ដែលមាន​ចម្ងាយ​សរុប​ប្រមាណ​១៧០​គីឡូម៉ែត្រ​។​
  • *​ដំណាក់កាល​ទី​៣៖​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០​ចេញដំណើរ​ពីមុខ​សាលាខេត្ត​កែប​ឆ្លងកាត់​រង្វង់​មូល​សេះស​ឆ្ពោះទៅកាន់​រង្វង់​មូល​ទុរេន​នៃ​ខេត្តកំពត​រួច​បន្ត​ទៅកាន់​រង្វង់​មូល​វាលរេញ​ឆ្ពោះទៅ​រង្វង់​មូល​តោ​ពីរ​នៃ​ខេត្ត​ព្រះសីហនុ​។​ពេលទៅដល់​ជិះ​វង់​ជុំវិញ​រង្វង់​មូល​តោ​ពីរ​ចំនួន​៣​ជុំ​ហើយ​បន្ត​ឆ្ពោះទៅ​រមណីយដ្ឋាន​ឆ្នេរ​សុខា​រមណីយដ្ឋាន​ឆ្នេរ​ឯករាជ្យ​ព្រះរាជដំណាក់​រួច​ចុះ​តាមផ្លូវ​ឆ្នេរ​ឯករាជ្យ​តម្រង់​ទៅ​រង្វង់​មូល​តោ​ពីរ​វិញ​បញ្ចប់​នៅ​ទីនោះ​តែម្ដង ដែលមាន​ចម្ងាយ​សរុប​ប្រមាណ ១៥៥​គីឡូម៉ែត្រ​។​

​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នេះ​ក៏​ជាការ​គាំទ្រ​ដល់​កម្ពុជា​ក្នុងការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ផងដែរ​។​មានន័យថា​វា​នឹងចូលរួម​ជំរុញ​ឱ្យ​កីឡាករ និង​ប្រជាជន​កម្ពុជា​បង្កើន​ការលេង​ការហ្វឹកហាត់​កីឡា​ឱ្យបាន​ច្រើន​។​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​និង​ឈោង​ចាប់​ជំនាញ​កីឡា​ណាមួយ​ឱ្យបាន​ច្បាស់លាស់​សំដៅ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ​នោះ​។​

​ជាងនេះទៀត​ព្រឹត្តិការណ៍​ប្រណាំង​កង់​នេះ​ក៏​នឹង​ជួយ​ជា​លក្ខណៈ​បច្ចេកទេស​ដល់​សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា​ផងដែរ​ដែល​កំពុងតែ​ហ្វឹកហាត់​យ៉ាងសកម្ម​ភាព​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​នានា ពិសេស​គឺ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ខាងមុខ​។​

​តាម​ការបញ្ជាក់​របស់​លោក​វ៉ា​ត់​ចំរើន​សម្រាប់​ក្រុម​កីឡាករ​កម្ពុជា​គឺជា​បទពិសោធន៍​ថ្មី​មួយ​ក្នុង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​មួយ​នេះ​។​ពីព្រោះ​កន្លងមក​កម្ពុជា​បានត្រឹមតែ​ចូលរួម​ជាមួយ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​ថ្នាក់​តំបន់​ឬ​ការប្រកួត​ដណ្ដើម​ជើងឯក​នៅ​ប្រទេស​មួយចំនួន​ប៉ុណ្ណោះ​។​គឺ​មិនដែល​បាន​ចូលរួម​ប្រណាំង​ក្នុង​កម្មវិធី​ប្រតិទិន​របស់​សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ​បែបនេះ​ឡើយ​។

​មកដល់​ថ្ងៃនេះ​មាន​ក្រុម​កីឡាករ​ចំនួន​២០​ប្រទេស​ហើយ​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រណាំង​កង់​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​។ ក្នុងនោះ​នៅ​កម្ពុ​ជាមាន​ចំនួន ១​ក្រុម​មកពី​ម៉ាឡេស៊ី​ចំនួន ២​ក្រុម ។​ឥណ្ឌូនេស៊ី​ចំនួន ១​ក្រុម សិង្ហ​បុរី​ចំនួន ១​ក្រុម ។​ហ្វីលីពីន​ចំនួន ១​ក្រុម​។ ថៃ​ចំនួន ១​ក្រុម​។ កូរ៉េខាងត្បូង​ចំនួន ១​ក្រុម ។​ជប៉ុន​ចំនួន ១​ក្រុម​។​ចិន​ចំនួន​១​ក្រុម​។​អូស្ត្រាលី​ចំនួន​១​ក្រុម​។​អ៊ីតាលី​ចំនួន ២​ក្រុម​។​កា​ហ្សា​ក់​ស្ថាន​ចំនួន​១​ក្រុម​។​បារាំង​ចំនួន​២​ក្រុម​។​សហរដ្ឋអាមេរិក​ចំនួន​១​ក្រុម​។​អេស្បាញ​ចំនួន ១​ក្រុម និង​អង់គ្លេស​ចំនួន ១​ក្រុម​។​

​គួរកត់សំគាល់​ថា​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ខាងលើនេះ​បាន​ផ្ដោត​សំខាន់​លើ​បញ្ហា​ផ្លូវ​ធ្វើដំណើរ​និង​ប្រណាំង​ដែល​កំពុង​រង​ការខូចខាត​នៅ​ផ្នែក​មួយចំនួន​ដូចជា​ផ្លូវ​ចេញពី​ក្រុង​ខេមរភូមិន្ទ​មក​រង្វង់​មូល​ស្រែអំបិល​។​ផ្លូវ​ចេញពី​ក្រុងព្រះសីហនុ​ឆ្លងកាត់​វាលរេញ​ទៅ​ក្រុង​កំពត​ក៏ដូចជា​បញ្ហា​កកស្ទះ​នៅ​ក្រុងព្រះសីហនុ​ជាដើម​។​ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​ថោង​ខុន​ក៏បាន​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការជួសជុល និង​ដោះស្រាយ​ឱ្យបាន​ទាន់​ព្រឹត្តិការណ៍​មកដល់​ផងដែរ​៕S/​