​ឈុត សេរី​វ៉ាន់​ថង និង លីន វីរៈ បង្ហាញខ្លួន ប្រកួត​ជាមួយ​ថៃ ថ្ងៃអាទិត្យ​នេះ​

1096
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់ លីន វីរៈ ក្លិប​បូរី​រាជសីហ៍ បានទទួល​ឱកាស​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ជា​លើកដំបូង នៅលើ​សង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ នា​រសៀល ថ្ងៃទី​១២ ឧសភា ស្អែកនេះ ។ គូប្រកួត​របស់ វីរៈ គឺ ផេ​ត ថា​នៈ​ភុ​ន (Phat Thanakphun) ។

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ផេ​ត ថា​នៈ​ភុ​ន គេ​ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ បើតាម​ស្ថិតិ នៃ​ការប្រកួត​នោះ គេ​មិន​អន់​ឡើយ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៤៥​ដង ឈ្នះ​៣៩​ដង និង​ចាញ់​៦​ដង ។​

លីន វីរៈ និង ផេ​ត ថា​នៈ​ភុ​ន​

​ចំពោះ វីរៈ វិញ ទោះបី​គេ ទើបតែ​មានឱកាស ប្រកួត​ជាមួយ​ថៃ ជា​លើកដំបូង ក៏ពិតមែន តែ​រាល់​ការប្រកួត​របស់គេ ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ គេ​ឈ្នះ​ស្ទើរ​គ្រប់​ការប្រកួត ។ នេះ​ជា​ឱកាស​មាស​របស់គេ ប្រសិនបើ​គេ​ឈ្នះ គេ​នឹងមាន​ការប្រកួត ជាមួយ​បរទេស កាន់តែច្រើន ។ លីន វីរៈ មាន​ប្រវត្តិ​ប្រកួត ចំនួន​៣៧​ដង ឈ្នះ​៣៥​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ជំនួប​នេះ អ្នក​ប្រដាល់​កម្ពុជា ឈ្នះ ឬ អ្នក​ប្រដាល់​ថៃ​ឈ្នះ​?​។​

​ជើង​ខ្លាំង​វ័យក្មេង មកពី​ខេត្តបាត់ដំបង​គឺ ឈុត សេរី​វ៉ាន់​ថង មកពី​ក្លិប​រា​ហ៊ូ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ហ្វា ម៉ៃ (Fa Mai) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​ដែរ ។​

​សេរី​វ៉ាន់​ថង ទោះបី​គេ​ទាប​បន្តិច ក៏ពិតមែន តែ​គេ​មាន​កលល្បិច​ល្អ វ៉ៃ​ចេញ​រហ័ស មាន​ចលនា​បំលាស់​ទី​បានល្អ និង​ការពារ​ល្អ ។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិប្រកួត ចំនួន ៦២ ដង ឈ្នះ​៥៤​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ ១ ដង ។

ឈុត សេរី​វ៉ាន់​ថង និង ហ្វា ម៉ៃ​

​អ្នក​ប្រដាល់​ថៃ ហ្វា ម៉ៃ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ តែ​គេ​អវត្តមាន​ពី​ស្រុក​ខ្មែរ ប្រមាណ​ជា ១ ឆ្នាំ​មក ហើយ គេ​ជា​អ្នកខ្លាំង ក្នុងចំណោម​អ្នកខ្លាំង ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៦៤​ដង ចាញ់​១១​ដង ។ ការប្រកួត​នេះ ជ័យជំនះ បាន​ទៅលើ ឈុត សេរី​វ៉ាន់​ថង ឬ ហ្វា ម៉ៃ ? ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ សល់ ស្រស់ ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ ប៊​ន ពន្លឹក ក្លិប​នាគរាជ​ចតុមុខ ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម​។ អេ​លី​ត ព​ន្ល​ង ក្លិប​ឆ្មា ស សែន​សុខ ប្រកួត​ជាមួយ ងួន គា ក្លិប​ខេត្ត​រតនគីរី ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v

អ្នក​ប្រដាល់​ខ្លាំងៗ ដែល​ត្រូវ​ប្រកួត​គ្នា​
#