​ឈូស​ដីព្រៃ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ​ សមត្ថកិច្ច​និង​អាជ្ញាធរ​ថា​អត់​ដឹង​

267
ចែករម្លែក

ដោយ​:​សុវណ្ណ​/​រតនគិរី​:​ឈ្មួញ​បានដាក់​គ្រឿងចក្រ​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ប្រមាណ៧០០រយ​ហិកតាជិតរួចរាល់ហើយ​នៅ​ឃុំ​សិរី​មង្គល​ស្រុក​កូន​មុំ​ ឯ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ថា​អត់​បានដឹង​ទេ​។

​ប្រភពពី​ស្រុក​កូន​មុំ​បានឱ្យដឹងថា ​កាលពីដើមឆ្នាំ​២០១៨ ​ឈ្មួញ​មួយក្រុម​នៅ​ខេត្ដ​រតនគិរី​បាន​ទៅ​បំផុស​ឱ្យ​ពលរដ្ឋ​នៅ​ឃុំ​សិរី​មង្គល​ស្រុក​កូន​មុំ​ឱ្យ​លក់​ដីព្រៃ​របស់​រដ្ឋ​លក់​ឱ្យ​ពួកខ្លួន​ប្រមាណ​ជាង​មួយ​ពាន់​ហិកតា ​ដោយ​ឱ្យ​តម្លៃ​ក្នុង​មួយ​ហិកតា​ចំនួន​បី​រយ​ដុល្លារ​អាម៉េរិក​។​

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ ដី​ដែល​ឈ្មួញ​ចង់បាន​នោះ​គឺ​ស្ថិតនៅ​ភូមិ​ស្រែ​ពក​ធំ​និង​នៅ​ភូមិ​នាង​ដី​ក្នុង​ឃុំ​សិរី​មង្គល​។​ខណ​:​នោះ​មាន​ពលរដ្ឋ​ខ្លះ​បាន​លក់​ដីព្រៃ​ប្រមាណ​ពី​ប្រាំ​ហិកតា​ទៅ​ជាង​ដប់​ហិកតា​ ដោយ​មានកា​ចូលរួម​ដឹងលឺ​ពី​មេភូមិ​និង​មេឃុំ​។​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៨​ ក្រោយពី​ប្រមូល​ទិញ​ដី​ពី​អ្នកភូមិ​បាន​ហើយ​ក្រុម​ឈ្មួញ​បាន​ប្រញាប់​ដាក់​គ្រឿងចក្រ​ចូលធ្វើ​កម្ម​ភាព​ឈូសឆាយ​ព្រៃ​វាត​យក​ដី​នៅ​តំបន់​ដូចខាងលើ​តែម្ដង​។​

​ជាក់ស្ដែង​ដីព្រៃ​នៅ​ភូមិ​ស្រែ​ពក​ធំ​គេ​បានធ្វើកា​ឈូសឆាយ​និង​កាយ​ប្រឡាយ​កំណត់​ព្រំ​ស្ទើ​តែ​រួច​ទាំងស្រុង​ទៅហើយ​។​បច្ចុប្បន្ន​គេ​បាន​បន្ដ​ដាក់ម៉ា​ស៊ី​ត្រង់សឺន័រ​កាត់ឈើ​ផ្ដួលយ​កដី​នៅ​ចំណុច​ភូមិ​នាង​ដី​បន្ថែមទៀត​ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ហាក់ដូចជា​មិនបាន​ទៅ​រំ​ខាន​ពួក​ឈ្មួញ​ទេ​។​

​លោក​នូ​ម៉ី​ង​ មេឃុំ​សិរី​មង្គល​ កាលរ​សៀ​ស​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩ ​រស្មី​កម្ពុជា​បាន​ព្យាយាម​សុំ​កា​រពន្យល់​ជុំវិញ​រឿង​លក់​ដីព្រៃ​របស់​រដ្ឋ​ជាង​មួយ​ពាន់​ហិកតា​នៅ​ចំណុច​ខាងលើ​ទៅឱ្យ​ឈ្មួញ​កាន់កាប់​ដោយ​មិន​ស្របច្បាប់​នោះ​។​ប៉ុន្ដែ​លោក​បញ្ជាក់​តាម​ទូរស័ព្ទ​ដោយ​ខ្លី​ថា​ជាប់រវល់​។​លោក​សេក​ហៃ​អ ភិបាលស្រុក​កូន​មុំ​មិនអាច​សុំ​ការ​បញ្ជាក់​ករណី​លក់​ដី​នៅ​ឃុំ​សិរី​មង្គល​នោះបានទេ​ដោយសារ​ទូរស័ព្ទ​តេ​ចូល​ជា​ច្រើនដង​ ពុំមាន​អ្នកទទួល​។​

លោក​សុន​សំ ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កូន​មុំ​នៅ​រសៀល​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩​បានបញ្ជាក់​តាម​ទូរស័ព្ទ​ឱ្យដឹងថា ​កា​កាប់​រាន​ដីព្រៃ​ឈើ​របស់​នៅ​ភូមិសាស្ត្រ​ខាងលើ​លោក​នៅ​មិនទាន់​បានដឹង​ទេ ​ដោយសារ​អ្នក​នៅ​មូលដ្ឋាន​មិនទាន់​រាយការណ៍​។​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​បានបញ្ជាក់​បន្ថែមថា ​លោក​នឹង​យក​រឿងនេះ​ទៅ​ពិគ្រោះ​ជាមួយ​អភិបាលស្រុក ​រួច​នឹង​ចុះទៅពិនិត្យ​ដល់ទី​តាំង​រក​អ្នក​ប្រ​ព្រឹត្ត​ដើម្បី​អនុវត្ដ​ច្បាប់​។​

​លោ​កថា​កន្លងមក​បាន​ដាក់​លិខិត​ជូនដំណឹង​ទៅគ្រប់​ឃុំ​ឱ្យ​មន្ដ្រី​មូលដ្ឋាន​ធ្វើ​ស្ថិតិ​ពលរដ្ឋ​ណា​ដែល​ខ្វះ​ដី​ពិត​ប្រា​កដ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​និងរ​កដី​ផ្ដល់​ឲ្យ​ពួកគេ​តែ​មកដល់ពេលនេះ​ជាង​កន្លះ​ឆ្នាំ​ហើយ​​ពុំមាន​ការ​ឆ្លើយតប​ឡើយ ​ឥឡូវ​បែរជា​នាំគ្នា​ធ្វើ​បំពាន​ច្បាប់​ទៅវិញ​។​

លោក​គួ​ក​ធឿន ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​កូន​មុំ​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរ​ស័ព្ទ​ថា​ លោក​ក្ដាប់​ភូមិសាស្ត្រ​នៅ​ទីនោះ​មិនទាន់បាន​ហើយ​កម្លាំង​តិចពេក​។​នាយ​សង្កាត់​បាន​បន្ដថា​ ខ្លាច​ដី​នោះគេ​មានប័ណ្ណ​សម្គាល់​​កម្មសិ​ទ្ធិ​ទេ​ដឹង​ តែ​លោ​កថា​ចាំ​រក​កម្លាំង​ចុះទៅ​ស្រាវជ្រាវ​មើល​សិន​។​

លោក​សយ​សូ​ណា​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ដ​រតនគិរី​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូ​រស័ព្ទ​ដោយ​មិន​ទទួល​ខុស​ត្រូវ​ថា​ ដីព្រៃ​ឈើ​ដែល​គេ​ឈូសឆាយ​នៅ​ភូមិ​ស្រែ​ពក​ធំ​នោះ​មិន​ស្ថិតនៅក្រោម​ការ​គ្រប់គ្រង​របស់លោក​ឡើយ​។​លោក​សូ​ណា​បាន​បញ្ជាក់ថា​ ដី​នោះ​ជា​ដែនជម្រកសត្វព្រៃ​លំផាត់ ​ហើយ​ខាង​មន្ទីរ​បរិស្ថាន​ខេត្ដរតន​គិរី​ជា​អ្នក​គ្រប់​គ្រង ​ដូចនេះ​គួ​តែ​សួរ​ទៅ​មន្ដ្រី​បរិស្ថាន​ទៅ​។​

លោក​ញឹម​ផែន​ អភិបាលរង​ខេត្ដ​រតនគិរី​ទទួលបន្ទុក​ដីធ្លី​និង​បទល្មើស​ព្រៃឈើ​អ្នកយកព័ត៌មាន​រស្មី​កម្ពុជា​បាន​ព្យាយាម​សុំ​កា​រពន្យល់​ជុំវិញ​កា​រចូលកាន់​កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ឃុំ​សិរី​មង្គល​នោះដែរ ​តែ​ទូរស័ព្ទ​រោ​ទ៍ជា​ច្រើនដង​ពុំមាន​អ្នក​លើក​។​រឿងនេះ​មហាជន​បានដាក់​កា​រសង្ស័យថា​ការ​ចូល​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ជា​លក្ខណ​:​ខ្នាត​ធំ​រហូតដល់​រយ​ពាន់​ហិកតា​ទៅហើយនោះ​។​ប្រហែល​ធ្វើ​ឡើងជា​ប្រព័ន្ធ​ពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ខេត្ដ​ទើប​គេ​ធ្វើ​សកម្មភាព​ឈូសឆាយ​ជាច្រើន​ខែ​ឆ្នាំ​ពុំ​សមត្ថកិច្ច​ទៅ​ទប់ស្កាត់​។​ស្របពេល​ថ្មីៗ​នេះ​យុទ្ធនាការ​ថ្នាក់ជាតិ​បាន​បង្ក្រាប​និង​ទប់ស្កាត់​កា​រឈូសឆាយ​ដីព្រៃ​និង​បទ​ព្រៃឈើ​ធ្វើឡើង​យ៉ាង​ក្ដៅ​គគុក ​តែ​បែរជា​មាន​គេ​ឈូសឆាយ​ដីព្រៃ​នោះ​ដោយ​រលូន​ទៅវិញ​ ប្រហែល​មិនមែន​អ្នកតូចតាច​ទេ​ទើប​ធ្វើទៅ​មិន​រួច​នោះ​៕S/Ha

​គ្រឿងចក្រ​និង​គំនរ​ឈើ​ដែល​ឈ្មួញ​ធ្វើ​សកម្មភាព​នៅលើ​ដី​រដ្ឋ​ក្នុងស្រុក​កូន​មុំ​(​រូបថត​សុវណ្ណ​)​