​ឈើ​ប្រណីត​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ឈ្មួញ​ដឹក​លាក់​ក្នុង​ស្នាក់ការ​សមាគម​វៀតណាម​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​រឹបអូស​

1323
ចែករម្លែក

(​រតនគិរី​)៖​ឈើ​ប្រភេទ​ធ្នង់​និង​គ្រញូង​សន្លឹក​មានមុខ​កាត់​តូច​-​ធំ​លាយ​ចម្រុះ​គ្នា​ជាច្រើន​សន្លឹក​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ​ដែល​ឈ្មួញ​ដឹកយក​លាក់ទុក​ក្នុង​ស្នាក់ការ​សមាគម​វៀតណាម​មួយកន្លែង​ត្រូវ​ព្រះរាជអាជ្ញា​ខេត្តរតនគិរី​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​រឹបអូស​យកមក​រក្សាទុក​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ក្នុង​ប្រតិ​ប​តិ្ត​ការ​នោះ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង​ចុះ​ដល់​ស្នាក់ការ​សមាគម​វៀតណាម​នោះ ស្ថិតក្នុង​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ បាន​ប្រាប់​ឲ្យ​ដឹងថា ការចុះ​រឹបអូស​ឈើ​ធ្នង់​សន្លឹក មានតម្លៃ​រាប់ម៉ឺន​ដុល្លារ និង​ឈើ​គ្រញូង​ជាច្រើន​ដុំ​នេះ ក្រោម​បញ្ជា​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​។​លោក លី សុផាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ក្រុង​បាន​លុង បាន​ប្រាប់​ឲ្យ​ដឹងថា​វត្ថុតាង​នាំយកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​ចាត់ការ​តាមច្បាប់​ហើយ​ម្ចាស់​ឈើ​ត្រូវបាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹងថា មាន​ថៅកែ ឈ្មោះ​ហាយ​ជនជាតិ​វៀតណាម​ដែល​ល្បីល្បាញ​ខាង​ជំនួញ​ឈើ​ទៅ​វៀតណាម​ជា​យូរ​មកហើយ​។​យ៉ាងណាក៏ដោយ ចំនួន​ឈើ​ធ្នង់ និង​ឈើ​គ្រញូង​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ​៕S/​ដោយ​៖​សហការី​

​ឈើ​ប្រណីត​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ឈ្មួញ​ដឹក​លាក់​ក្នុង​ស្នាក់ការ​សមាគម​វៀតណាម​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​រឹបអូស​(រូប៖វ៉េបសាយ)