​ឈ្មួញ​នៅតែ​ផ្អើ​ន​ដឹកឈើ​ល្មើសច្បាប់​សមត្ថកិច្ច​នៅតែ​ដុត​កម្ទេចចោល​

421
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​រថយន្ត​ដឹកឈើ​ខ្នាតតូច​នៅតែ​ហ៊ាន​លបលួច​ប្រព្រឹត្ត​បទល្មើស គ្រា​ដែល​សមត្ថកិច្ច​នៅតែ​បន្ត​ចំណាត់ការ​យ៉ាង​ក្តៅគគុក​ក្នុង​ខេត្តមណ្ឌលគិរី​និង​ខេត្ត​មួយចំនួនទៀត ។​ស្រប​ពេលដែល​ប្រធាន​គណៈកម្មាធិការ​ថ្នាក់ជាតិ​បាន​សន្យា​ដាក់​ជីវិត​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នា​ដំណាក់កាល​ចុងក្រោយ​។​

​ជាក់ស្តែង​នា​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​កម្លាំង​នគរបាល​ស្រុក​កែវ​សីមា​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​និង​កម្លាំង​អាវុធហត្ថ​ស្រុក​បាន​រុក​រកឃើញ​រថយន្ត​ម៉ាក​កាមរី​ហើម​(​កែច្នៃ​)​ចំនួន​២​គ្រឿង​។

​រថយន្ត​នេះ​ជា​មធ្យោបាយ​កែច្នៃ​សម្រាប់​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៥៩(​គីឡូ​ចាស់​)​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ស្ថិតក្នុង​ភូមិ​អូរ​អាម​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​បំរុង​ដឹកឈើ​។

​ទោះជា​មានការ​រកឃើញ​រថយន្ត​ល្មើស​ទាំងនោះ​ក្តី​ម្ចាស់​មធ្យោបាយ​មិន​ស្ថិតនៅ​កន្លែង​ប្រព្រឹត្ត​នោះទេ​ដោយ​ទុក​រថយន្ត​ហើយ​បាន​គេចខ្លួនបាត់​។​បច្ចុប្បន្ន​រថយន្ត​ដែលជា​មធ្យោបាយ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត​ដោយ​ទទួលបាន​បទបញ្ជា​ពី​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​បាន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​និង​ជំនាញ បានធ្វើការ​ដុតបំផ្លាញ​ចោល​នៅនឹងកន្លែង​តែម្តង​។​

​គួររំលឹកថា​នេះ​ជា​ករណី​ទី​២​នា​ខែកក្កដា​ក្នុងស្រុក​កែវ​សីមា​ដែល​គណៈកម្មាធិការ​ដុត​ចោល​នូវ​មធ្យោបាយ​បម្រើ​ដល់​ការដឹក​ជ​ញ្ជួ​ន​ឈើ​ខ្នាតតូច​បែបនេះ​។​ផ្អែក​តាម​ការបញ្ជាក់​ពី​អ្នកឃ្លាំមើល​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា​ក្រុម​ឈ្មួញ​ដែល​ប្រថុយ​មិន​ខ្លាច​សមត្ថកិច្ច​មានតែ​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​តែប៉ុណ្ណោះ​៕S/​