​ឈ្មួញ​ប្រមូល​ទិញ​ឈើ​អារយក​លក់​ឱ្យ​ក្រុមហ៊ុន​មួយ​ជ្រក​ក្រោម​ស្លាក​សាងសង់​ផ្ទះ​អតីតយុទ្ធជន​

1368
ចែករម្លែក

​ដោយៈ​សហការី​/​ព្រះ​វិហារៈ​ក្រុម​ឈ្មួញ​បាន​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ឱ្យចូល​ទៅ​កាប់​ឈើ​នៅក្នុង​តំបន់​ព្រៃ​ព្រះរាជ​ក្រិត​ព្រៃ​អភិរក្ស​ព្រះ​រកា​រួច​ប្រមូល​ទិញយក​លក់​ឱ្យ​ក្រុមហ៊ុន​មួយ​ដើម្បី​ដឹកជញ្ជូន​បន្តទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដោយ​ជ្រក​ក្រោម​ស្លាក​សាងសង់​ផ្ទះ​ឱ្យ​អតីតយុទ្ធជន​។​ទីតាំង​ដែល​ក្រុម​ឈ្មួញ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​នោះ​ស្ថិតនៅ​តំបន់​ភូមិ​រុងរឿង​៣,​ភូមិ​រុងរឿង​៤,​និង​ភូមិ​រុងរឿង​៥,​ក្នុង​ឃុំ​មរកត​និង​ឃុំ​ទឹក​ក្រហម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មេ​ឈ្មួញ​ឈើ​ម្នាក់​ដែល​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ចូលទៅ​កាប់​ឈើ​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​រិ​ទ្ធ​ដែល​បាន​ដើរ​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដោយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ខ្វាយខ្វល់​និង​ការកាប់បំផ្លាញ​ព្រៃឈើ​នោះឡើយ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ទៀតថា​សព្វថ្ងៃ​ឈ្មួញ​ខាងលើ​កំពុងតែ​ដើរ​ធ្វើ​សកម្មភាព​ដោយ​ជ្រក​ក្រោម​ស្លា​កថា ជា​ឈើ​របស់​ក្រុមហ៊ុន តែ​ការពិត គឺជា​ឈើ​អនាធិប្បតេយ្យ​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា​។ ទោះបីជា​មានការ​រឹតបន្ដឹង​ពី​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​ក៏ដោយ​។ តែ​ជន​ទាំងនោះ នៅតែ​ផ្គើន​និង​ធ្វើ​សកម្មភាព​រៀងរាល់ថ្ងៃ​។​ចំណែក​មន្ត្រី​ជំនាញ​វិញ​ចាំតែ​ទទួលផល​ប្រយោជន៍​ប៉ុណ្ណោះ​ពុំមាន​ការ​ត្រួ​ពិនិត្យថា​ឈើ​នោះ​មាន​ប្រភពពី​ណា​នោះឡើយ​។​

​ពាក់ព័ន្ធ​និង​ឈ្មួញ​រកស៊ី​ឈើ​ខាងលើ​នោះដែរ ពលរដ្ឋ​នៅ​តំបន់​នោះ បាន​សំណូមពរ​ដល់​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ធ្វើយ៉ាងណា​សូមឱ្យ​មាន​វិធានការ​ប​ង្គ្រា​ប និង​ទប់ស្កាត់​ផង បើ​មិន​ដូច​ច្នោះ​ទេ មិនយូរ​មិនឆាប់​ព្រៃ​ព្រះរាជ​ក្រិត​នេះ នឹង​ក្លាយទៅជា​វាល​ហោរ​ឋាន​ជាក់​ជា​មិន​ឡើយ​។​

​ប្រជា​ពលរ​ដ្ខ​នៅ​តំបន់​ខាងលើ​បាន​បញ្ជាក់ថា​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា​មាន​អ្នកធំ​មួយចំនួន​នៅ​ពីក្រោយ​ខ្នង​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​នោះ​។​ហេតុដូចនេះ​ហើយ​ទើប​ពួក​ឈ្មួញ​ទាំងនេះ​មិនដែល​ខ្លាចញញើត​នរណា​ឡើយ​។​

​សេចក្តីរាយការណ៍​ទាក់ទិន​មុខរបរ​បទ​ល្មើស​ព្រៃឈើ​នេះ​ភ្នាក់ងារ​សារព័ត៌មាន​រស្មី​កម្ពុជា​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​គឹម​ចេ​ត្ថា​វី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​បាន​នៅឡើយ​ទេ​ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​។​តែ​ទោះយ៉ាងណា​សារព័ត៌មាន​រស្មី​កម្ពុជា​រង់ចាំ​ការបញ្ជាក់​ពី​ករណីនេះ​ផ្សាយ​ជូន​បន្ត​នាពេល​ក្រោយ​៕S/

ឈ្មួញ​ប្រមូល​ទិញ​ឈើ​អារយក​លក់​ឱ្យ​ក្រុមហ៊ុន​មួយ​ជ្រក​ក្រោម​ស្លាក​សាងសង់​ផ្ទះ​អតីតយុទ្ធជន​(រូបៈខេមផុស)

#