​ឈ្មួញ​សម្រុក​កាប់​យក​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​អូរ​យ៉ា​ដាវ

1281
ចែករម្លែក

ដោយ​:​បាន​លុង​/​រតនគិរី​:​ឈ្មួញ​ជាច្រើន​ក្រុម​បាន​សម្រុកចូល​កាប់​យក​ឈើ​ល្អៗ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ​រួច​ដឹក​ទៅ​វៀតណាម​នៅតាម​ច្រកព្រំដែន​ស្រុក​នេះ​ដើម្បី​លក់​ធ្វើ​អាជីវកម្ម​ដោយ​មិន​ស្របច្បាប់​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​នៅ​អំឡុង​ខែមេសា​និង​ខែឧសភា​ឆ្នាំ​២០១៨​នេះ​ពួក​ឈ្មួញ​ជាច្រើន​ក្រុម​នៅ​ស្រុក​អូរ​យ៉ា​ដាវ​បានដាក់​កម្លាំង​របស់ខ្លួន​ឱ្យ​សម្រុក​កាប់​យក​ឈើ​នៅក្នុង​ដែន​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិសាស្ដ្រ​ឃុំ​យ៉ា​ទុង​និង​ឃុំ​បរខាំ​រួច​ដឹក​តាម​រថយន្ដ​កែច្នៃ​ចេញទៅ​ច្រករបៀង​ភ្នំ​ក្រហម​និង​ច្រក​ភូមិ​ឡុំ​ដើម្បី​លក់​ឱ្យ​វៀតណាម​។

​ប្រភព​ដដែល​បាន​បន្ដ​ឱ្យដឹងទៀតថា​ការដែល​មេ​ឈ្មួញ​ដាក់​កម្លាំង​ឱ្យចូល​ធ្វើ​សកម្មភាព​កាប់​ឈើ​នៅក្នុង​ភូមិសាស្ដ្រ​ខាងលើ​តាមបែប​អ​នា​ធិ​ប​តេ​ត្យ​នោះ​រហូតមក​ដល់ពេលនេះ​ខាង​អាជ្ញាធរ​មូលដ្ឋាន​រួម​ដ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​មន្ដ្រី​បរិស្ថាន​ប្រចាំ​ការណ៍​នៅ​ទីនោះ​នៅ​ពុំទាន់​បានធ្វើ​ការបង្ក្រាប​ឬទ​ប​ស្កាត់​ឱ្យបាន​ទាន់ពេល​នៅឡើយ​ទេ​។​គេ​សង្ស័យ​សមត្ថកិច្ច​ទុក​ឧិ​កាស​ឱ្យ​ពួក​ឈ្មួញ​បន្ដ​កាប់បំផ្លាញ​ថ្នូរ​និង​ប្រាក់កាស​រាប់ពាន់​ដុល្លារ​។

​ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៨​នេះ​មាន​រថយន្ដ​ឡង់​គ្រី​ស័​រ​ចំនួន​បី​គ្រឿង​បាន​ផ្ទុក​ឈើ​ពេញ​ហើយ​ដឹក​ចេញពី​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​ខាងលើ​បម្រុង​ដឹក​ទៅកាន់​ទីផ្សារ​វៀតណាម​ល​ក់​ធ្វើ​អាជីវកម្ម​។​ប៉ុន្ដែ​បាន​បែកការណ៍​ហើយ​រថយន្ដ​ទាំងនោះ​ក៏​បើក​ទៅ​ពួន​ក្បែ​ចម្ការ​ស្វាយចន្ទី​ដែល​នៅក្បែ​នោះ​។​ពេល​នោះដែរ​ប្រជាពលរដ្ឋ​ក៏​រាយ​ការ​ណ៏​ទៅ​ប៉ូលិ៍ស​ស្រុក​អូរ​យ៉ា​ដាវ​ឱ្យជួយ​អន្ដរា​គម​ន៏​តែម្ដង​។

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ប៉ូលិស​ស្រុក​អូ​រយ៉ា​ដាវ​មួយក្រុម​បាន​ចុះទៅ​កន្លែង​លាក់​រថយន្ដ​ឈើ​នោះ​បន្ទាប់មក​ក៏មាន​មន្ដ្រី​បរិស្ថាន​ចុះទៅ​តាម​ក្រោយ​ដែរ​។​កម្លាំងចម្រុះ​បានរួម​គ្នា​ពិនិត្យឃើញ​មាន​រថយន្ដ​ឡង់​គ្រី​ស័​រ​កែច្នៃ​ចំនួន​៣​គ្រឿង​បាន​ផ្ទុក​ឈើ​ពេញ​ហើយ​ចត​ចោល​នៅ​ទី​តាំងពីរ​ផ្សេងគ្នា​គឺ​នៅក្បែ​ភូមិ​សំ​ចំនួន​២​គ្រឿង​និង​នៅ​ភូមិ​ដ៏​ធំ​ចំនួន​១​គ្រឿង​។

​សមត្ថកិច្ច​អះអាងថា​ឈើ​ដែល​ឈ្មួញ​ដឹក​ទៅ​លាក់​នោះ​គឺជា​ប្រភេទ​ឈើ​ស្រឡៅ​សរុប​មាន​ចំនួន​៦២​កំណាត់​និង​មានមុខ​កាត់​៤​តឹក​គុណ​និង​៤​តឹក​ប្រវែង​៥​ម៉ែត្រ​។​រថយន្ដ​ទាំង​៣​គ្រឿង​នោះគេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​របស់​មេ​ប៉ូលិស​រង​នៅ​ប៉ុស្ដិ៍​ប៉ក់​ញ៉ៃ​ម្នាក់​គឺ​លោក​ឌឹ​ម​ជឿន​។​លោក​មាន​រថយន្ដ​ចំនួន​១​គ្រឿង​និង​២​គ្រឿង​ទៀត​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ឌី​ពួកគេ​នៅ​ទីលំនៅ​ស្រុក​អូរ​យ៉ា​ដាវ​។

​ក្រោយពី​សមត្ថកិច្ច​បាន​ដឹង​ឈ្មោះ​ម្ចាស់​ឈើ​ច្បាស់​ហើយ​ពេលនោះ​លោក​សេន​វឿន​មេ​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​យ៉ា​ទុង​បាន​ប្រាប់​អ្នកយកព័ត៌មាន​និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ថា​រថយន្ដ​ដឹកឈើ​ទាំង​៣​គ្រឿង​នោះ​លោក​មិនមាន​សិទ្ធិ​បង្ក្រាប​ឡើយ​ដោយ​សាវា​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ដែល​គ្រប់គ្រង​ដោយ​បរិស្ថាន​។

​យុទ្ធនាកា​បង្ក្រាប​នោះ​ប្រធាន​ស្នាក់ការ​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ​ពុំបាន​ចូលរួម​ទេ​គឺ​មានតែ​មន្ដ្រី​បរិស្ថាន​ប្រមាណ​៤​ទៅ​៥​នាក់​។​ពួកគេ​បាន​ប្រាប់​ទៅ​ប៉ូលិស​ថា​មិន​ហ៊ាន​សម្រេច​ថា​ចាប់​ឈើ​នោះ​ឬ​យ៉ាងណា​នោះឡើយ​គឺមាន​តែ​រងចាំ​មេ​ស្នាក់ការ​ឧទ្យាន​អូរ​យ៉ា​ដាវ​មកដល់​ទើប​មាន​សិទ្ធិ​ចាត់ចែង​តាមផ្លូវ​ច្បាប់​។

ដោយ​សមត្ថកិច្ច​មានកា​រារែក​ក្នុងការ​បង្ក្រាប​បទល្មើស​ខុសច្បាប់​ខណ​:​ពេលនោះ​កម្មករ​ដឹកឈើ​ប្រមាណ​ជិត​១០​នាក់មក​ទម្លាក់​ឈើ​ចុះ​ពី​រថយន្ដ​អស់​មួយគ្រឿង​។​រួច​ពួកគេ​បាន​បន្ដ​ទម្លាក់​ឈើ​ចុះ​ពី​រថយន្ដ​ចំនួន​២​គ្រឿង​ទៀត​ដោយ​សម្អាងថា​ថៅកែ​បាន​ជួប​នាយក​ស្នាក់ការ​បរិស្ថាន​តាម​ទូរស័ព្ទ​រួចហើយ​។​ប៉ុន្ដែ​ខាង​សមត្ថកិច្ច​អង្វរ​កម្មករ​ថាឱ្យ​រង់​ចាំ​បន្ដិច​សិន​ទៅ​។

​នៅវេលា​ម៉ោង​ជិត​៤​ល្ងាច​ថ្ងៃ​ដដែល​នោះ​លោក​លី​វុ​ធ្ធី​អនុប្រធាន​ស្នាក់ការ​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ​បាន​មកដល់​កន្លែង​លាក់​រថយន្ដ​ដឹកឈើ​នោះ​ហើយ​បានធ្វើ​កំណត់ហេតុ​ដកហូត​រថ​យន្ដ​ឡង់​គ្រី​ស័​រ​ចំនួន​២​គ្រឿង​និង​ឈើ​ចំនួន​៦២​កំណាត់​។

​លោក​អនុប្រធាន​ស្នាក់ការ​បរិស្ថាន​អូរ​យ៉ា​ដាវ​បាន​បញ្ជាក់ប្រាប់​អ្នក​យ​ព័ត៌មាន​ដោយ​មិន​ប្រាកដប្រជា​ថា​លោក​នឹង​រឹបអូស​យក​វត្ថុតាង​មាន​រថយន្ដ​ឡង់​គ្រី​ស័​រ​កែច្នៃ​ចំនួន​២​គ្រឿង​និង​ឈើ​ស្រឡៅ​ចំនួន​៦២​កំណាត់​ដើម្បី​យកទៅ​រក្សារ​ទុក​នៅ​ទីស្នាក់ការ​របស់ខ្លួន​។​ដែលមាន​ទីតាំងនៅ​ភូមិ​ព្រៃ​មាស​ឃុំ​បរខាំ​ក្នុងស្រុក​អូរ​យ៉ា​ដាវ​ប៉ុន្ដែ​ចំពោះមុខ​ពុំមាន​ម​ធ្យោ​បាន​ដឹក​ជិ​ញ្ជូ​ន​ឡើយ​។

​ចំណែក​ម្ចាស់​ឈើ​រួម​និង​កម្មករ​ជិត​១០​នាក់​ដែល​ឈរ​បង្ហាញមុខ​សុំ​ចរចារ​ក្នុង​រង្វង់​ដែន​សមត្ថកិច្ច​ដែល​កំពុងតែធ្វើការ​បង្ក្រាប​បទល្មើស​នោះ​បែរជា​មិន​ត្រូវបាន​ឃាត់ខ្លួន​ពួកគេ​ម្នាក់​ណា​នោះទេ​។​ចំណុច​នោះ​ផ្ដើម​ឱ្យមាន​ការសង្ស័យ​ហើយ​លើកឡើងថា​សមត្ថកិច្ច​និង​ឈ្មួញ​ពួកគេ​ប្រហែល​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយគ្នា​គឺ​បើកដៃ​ឱ្យ​ឈ្មួញ​ចូល​កាប់​ឈើ​ក្នុង​ដែល​របស់ខ្លួន​គ្រប់គ្រង​ដើម្បី​បាន​ប្រាក់​ចែកគ្នា​ធ្វើ​មាន​ធ្វើ​បានទេ​ដឹង​?

​ទោះជា​យ៉ាងនេះ​ក្ដី​ក៏​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​គឺ​នៅតែមាន​ជំនឿ​លើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ទទួលបាន​ប្រាក់ខែ​ពី​រដ្ឋ​ពួកគេ​និង​បំពេញការងារ​របស់ខ្លួន​ឱ្យបាន​ល្អ​គឺ​ត្រូវតែ​បង្ក្រាប​ជនខិលខូច​ដែល​កាប់​ឈើ​លក់​ដោយ​ខុ​ច្បាប់​ជាពិសេស​មន្ដ្រី​បរិស្ថាន​ត្រូវបំពេញ​តួរ​នាទី​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ការពារ​ព្រៃឈើ​ដែលមាន​ស្រាប់​ឱ្យ​គង់វង្ស​ទុកឱ្យ​ក្មេង​ជន់​ក្រោយ​បាន​ស្គាល់​ឈើ​ទាំងនោះ​ផង​៕S/

​រថយន្ដ​ឡង់​គ្រី​ស័​រ​កែច្នៃ​ដឹកឈើ​ចេញពី​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ​ដែល​សមត្ថកិច្ច​ចាប់យក​(​រូបថត​បាន​លុង​)​