​ដកហូត​ទំនិញ​ដែល​ខូច​គុណភាព​​​និង​មាន​សារ​ធាតុគីមី​មួយចំនួន​នៅ​ផ្សារលើ​បាត់ដំបង​

91
ចែករម្លែក
ម​ន្ត្រី​ចម្រុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារលើ​ឬ​ផ្សារ​អប្សរា​រកឃើញ​ទំនិញ​ខូចគុណភាព​មួយចំនួន​

ដោយៈ​គ្រញូង​:បាត់ដំបងៈ​ផលិតផល​ទំនិញ​ដាក់តាំង​លក់នៅ​ផ្សារលើ​ ឬ​ផ្សារ​អប្សរា​មួយចំនួន​ត្រូវ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដាក់តាំង​លក់​ស្វែង​រកឃើញ​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ទំនិញ​ជា​ម្ហូបអាហារ ដែល​ដាក់​សារធាតុ​គីមី​ហាមឃាត់​មួយចំនួន​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​។​

ក្នុងពេល​ចុះ​ប្រតិបត្តិការ​ក្រុមការងារ​បាន​ដកហូត​ទំនិញ​ខូចគុណភាព​មី​ស្រស់ (​មី​គីឡូ​) ចំនួន ៤​គីឡូក្រាម​យកមក​រក្សាទុក​នៅ​សាខា ដើម្បី​ដុត​កម្ទេចចោល​នៅពេល​ក្រោយ​។​

លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំ​កុង​​ត្រូល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ដោយមាន​ការណែនាំ​និង​រឹតបន្តឹង​ពី​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រូល​ ឲ្យ​អង្គភាព​ជំនាញ​ចុះ​ធ្វើជា​ប្រចាំ​រួចមក សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង និង​មន្ត្រី​ជំនាញ​ទាំងអស់ តែងតែបាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ទីផ្សារ​នានា​ក្នុង​ខេត្ត ដើម្បី​ទប់ស្កាត់​ការតាំង​លក់ទំនិញ​ខូចគុណភាព ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ គ្រប់គ្នា​ជា​អ្នកប្រើប្រាស់​ផ្ទាល់​។​

លោក​ប្រធាន​សាខា បាន​បន្តថា មន្ត្រី​សាខា​កាំកុងត្រូល​ទាំងអស់ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ តាមរយៈ​បិទ​ស្ទិ​ក​ឃ័​រ នៅនឹងកន្លែង​លក់​ក្នុង​ផ្សារ ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​កាន់​​តែ​ច្បាស់ ពី​ផលប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់ និង​បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដូរ និង​អ្នកប្រើប្រាស់​ទាំងអស់​ថា យើង​ត្រូវ​នាំគ្នា​ប្តេជ្ញា​ចូលរួម​ទប់ស្កាត់ និង​ឈប់​លក់ទំនិញ​ខូចគុណភាព​បន្តទៀត​។​

លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងអស់ នាំគ្នា​ចូលរួម​ទប់ស្កាត់ និង​ឈប់​ប្រើប្រាស់​ទំនិញ​ខូចគុណភាព និង​លាយ​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើ​ខូចសុខភាព​ដល់​អ្នកប្រើប្រាស់​ទាំងអស់គ្នា​៕Ha