ដោយ:អង្គរតូច/សៀមរាប៖នគរបាលសម្រេចដកហូតម៉ូតូ៩គ្រឿងជាបណ្តោះអាសន្នបន្ទាប់ពីម្ចាស់ហាងនៅតែបន្តជួលឲ្យជនបរទេស បើកបរដោយខ្លួនឯង។
លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយា ល័យ នគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា យោងតាមលិខិតជូនដំណឹងរបស់អាជ្ញាធរខេត្តពី ការកំណត់សិទ្ធិចំពោះជនបរទេស ដែលបើកបរយានយន្តគ្រប់ប្រភេទ បានសម្រេច ធ្វើការដកហូតម៉ូតូចំនួន៩គ្រឿង ជាបណ្តោះអាសន្ន។នេះគឺ បន្ទាប់ពី ម្ចាស់អាជីវកម្មមួយចំនួន នៅតែបន្ត ជួលឲ្យជនបរទេស បើកបរដោយខ្លួនឯង ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ។
ម៉ូតូទាំង ៩គ្រឿង ខាងលើ បច្ចុប្បន្នត្រូវបាន នាំទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ ។ កន្លងទៅនគរបាលចរាចរណ៍ ធ្លាប់ឃាត់ម៉ូតូជាច្រើនគ្រឿងដែលភ្ញៀវជួល។តែត្រូវខាងលោកប្រគល់ឲ្យវិញក្នុងរយៈពេល១សប្តាហ៍។
លើកនេះរាល់ម៉ូតូដែលឃាត់បាននឹងត្រូវដកយកមកទុកនឹងសុំយោបល់ពីអាជ្ញាធរខេត្តសិនទើបប្រគល់ឲ្យវិញ។ឯចំពោះម៉ូតូកង់៣ដែលភ្ញៀវជិះកម្សាន្តនោះគឺគេមានច្បាប់ របស់គេដោយមាន មគ្គុទេសក៍ជាអ្នកនាំផ្លូវត្រឹមត្រូវ។តែក៏មិនអនុញ្ញាតិឲ្យភ្ញៀវជិះម៉ូតូកង់បីដោយខ្លួនឯងគ្មានអ្នកនាំផ្លូវនោះដែរ។ចាប់ពីពេលនេះខាងលោកនឹងសហការជាមួយមន្ទីរសាធារណៈការដើម្បីធ្វើការរឿងនេះឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងតំបន់ទេសចរណ៍ផងដែរ។
សូមរំលឹកថា កាលពីអណ្តិតលោកឃឹម ប៊ុនសុង ជាអភិបាលខេត្ត ក៏បានចេញលិខិតមួយឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់វិធានការនិងហាមប្រាមមិនឲ្យភ្ញៀវបរទេសបើកបរដោយខ្លួនឯងនោះដែរ។ការធ្វើបែបនេះគឺដើម្បីធានាបានសុវត្ថិភាពជូនពលរដ្ឋក្នុងខេត្តនិងភ្ញៀវបរទេស តែសកម្មភាពនៅតែបន្ត។ចឹងទេម្តងនេះរំពឹងថា អាចទប់ស្កាត់ជាស្ថាពរ៕S/