​ដង្ហោយ​សុំ​ឲ្យ​ច្បាប់​ផ្តល់​យុត្តិធម៌​ក្រោយ​ចាប់​ឃាត​.​កបាន​ហើយ​ដោះលែង​ទៅវិញ​

1224
ចែករម្លែក

(​សៀមរាប​)៖​ក្រុមគ្រួសារ​នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​បាន​ដង្ហោយ​សុំ​ឲ្យ​ច្បាប់​ជួយផ្តល់​យុត្តិធម៌​បន្ទាប់ពី​ចាប់​ឃាត​.​ក​ដែល​សម្លាប់​កូន​របស់ខ្លួន​បាន​ហើយ ត្រូវ​ដោះលែង​ទៅវិញ ដោយ​សំអាងថា​ជា​អនីតិជន​អាយុ​ក្រោម​១៤​ឆ្នាំ​។
​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៧ លោកស្រី​ហេង​ភា​រុំ​ដែលជា​ម្តាយ​សព​ក្មេងរងគ្រោះ​បាន​បរិយាយ​ថា​បន្ទាប់ពី​ឃាត​.​ក​សម្លាប់​កូន​របស់គាត់​ហើយ​សមត្ថកិច្ច​ចាប់ខ្លួន​យកទៅ​សាកសួរ​រូបគាត់​រួមទាំង​ក្រុមគ្រួសារ​ក៏បាន​រៀបចំ​ធ្វើបុណ្យ​អោយ​កូន​ដើម្បី​ឲ្យ​ឆាប់​បានចាប់កំណើត​ជាថ្មី​។​

​ប៉ុន្តែ​ក្នុងពេលដែល​ក្រុមគ្រួសារ​និង​ញាតិ​ជិត​ឆ្ងាយ កំពុង​សោកសៅ​រឿង​បាត់​សមាជិក​ដែល​មិនគួរ​កើត​នោះ ក៏​ស្រាប់តែ​ទទួលដំណឹង​ថា ឃាត​.​ក​ត្រូវបាន​ដោះលែង ដោយហេតុ​ផល​ថា ជា​អនីតិជន​។​ស្ត្រី​ដដែល​បន្តថា​ជន​នោះ​ជា​ឃាត​.​ក​សម្លាប់​មនុស្ស​បើទោះបីជា​នៅ​អនីតិជន ក៏​គួ​មាន​វិធានការ​តាមផ្លូវ​ច្បាប់​មិនគួរ​ដោះលែង​ភ្លាមៗ​បែប​នោះឡើយ​។​

កន្លងមក​មាន​អនីតិជន​ជាប់​ពាក់​ព​ន្ធ័​គ្រឿងញៀន​ច្រើនណាស់​ដែល​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មណ្ឌល​កែប្រែ ចុះ​ជននេះ​ហេតុ​អី​ក៏ត្រូវ​ដោះលែង​។ ចុះបើ​ថ្ងៃក្រោយ​សម្លាប់​គេ​ទៀត តើ​ត្រូវ​ដោះលែង​រហូត​ឬ​យ៉ាងណា​?​លោកស្រី​ហេង ភា​រុំ បញ្ជាក់ថា ករណីនេះ​រូបគាត់​រួមទាំង​ក្រុមគ្រួសារ​មិន​សុខចិត្ត​ឡើយ​។ គឺ​បន្ត​ប្តឹងទៅ​សាលា​ឧ​ទ្ទរ​ណ៏​ជា​បន្ត រហូត​ទទួលបាន​ភាព​យុត្ត​ធ​ម៏​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥​ខែសីហា កម្លាំង​នគរបាល​ខេត្តសៀមរាប​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មាន​វ័យ​ជិត​១៤​ឆ្នាំ ដែល​ជាប់​ពាក់ព័ន្ធ​ចាប់​កូនក្មេង​អាយុ​៤​ឆ្នាំ​ជ្រមុជ​ទឹក​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច អ​ធ័​ម​។​យោងតាម​កំណត់ហេតុ​ចាប់ខ្លួន របស់​នគរបាល​សង្កា​ត់​គោកចក​បញ្ជាក់ថា​ជនសង្ស័យ​មានឈ្មោះ យ៉ិ​ត​ស្នា អាយុ​១៣​ឆ្នាំ​និង​១១​ខែ​(២៥.៩.២០០៣)​រស់នៅ​ជាមួយ​ជីដូន ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​ក្រុង​សៀមរាប​។​រីឯ​ក្មេងរងគ្រោះ ឈ្មោះ​ស៊​ត់ ភា​រិ​ទ្ធ អាយុ​៤​ឆ្នាំ ត្រូវជា​កូន របស់​ឈ្មោះ​ស៊​ត់ សៃ នាយ​ប៉ុស្ដិ៍នគរបាល សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​។

​ដំណើររឿង​កើតហេតុ​នៅ ចំណុច​ផ្លូវ​១៥​ម៉ែត្រ នៅក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក​ក្រុង​សៀមរាប​។​ខណ​:​ជនសង្ស័យ​កំពុង​លាង​ម៉ូតូ ក្មេងរងគ្រោះ​បាន​ចុះ​លេង​ទឹក​ប្រឡែង​និង​បាចទឹក​លើ​ជនសង្ស័យ​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ចាប់​ក្បាល​ជ្រមុជ​ទឹក​រហូតដល់​ស្លាប់​។​ប៉ុន្តែ​ដោយ​ជន​នោះ​ជា​អនីតិជន​មិនទាន់​គ្រប់​១៤​ឆ្នាំ​ទើប​ខាង​សមត្ថកិច្ច​សុំ​យោបល់​ទៅ​លោក​ព្រះរាជអាជ្ញា​ហើយ​លោក​ព្រះរាជអាជ្ញា​មិន​អនុញ្ញាត​ឲ្យ​ឃាត់ខ្លួន​ទេ​ដោយ​អោយ​អាណាព្យាបាល​មក​ធានា​យកទៅ​ផ្ទះ​វិញ​ដើម្បី​អប់រំ​៕S/​ដោយ​:​អង្គរតូច​

​រូបភាព​:​ស្ត្រី​ឈ្មោះ​ហេង ភា​រុំ ពេល​ផ្តល់​សម្ភាសន៍ ក្មេង​ស្លាប់់​និង​ជនសង្ស័យ​កាល​ចាប់ខ្លួន​។​