​ដាក់​ឆ្នាំង​រំងាស់​ស៊ុប​និង​រំងាស់​ទឹកត្រី​ភ្លេចខ្លួន​មួយ​ភ្លែត​ឆេះ​ផ្ទះបាយ​ហ្មត់​

688
ចែករម្លែក

ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​ផ្ទះបាយ​មួយ​ខ្នង​រួម​សម្ភារៈ​មួយចំនួន​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ហ្មត់​គ្មាន​សល់​។​ប៉ុន្តែ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ខណៈដែល​ម្ចាស់​រវល់​ហើយ​បានដាក់​ឆ្នាំង​រំងាស់​ស៊ុប​និង​រំងាស់​ទឹកត្រី​ចោល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​និង​បាញ់​ទឹក​ពន្លត់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិត​ក្នុងភូមិ ឃោ​សាង សង្កាត់ ស្វាយ​តឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង​កាលពី​វេលា​ម៉ោង​១៣:០៥​នាទី​រសៀល​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨​។​

​តាម​សមត្ថកិច្ច​បានឱ្យដឹងថា​ផ្ទះបាយ​ដែលមាន​ត្រូវបាន​ឆាបឆេះ​អស់នោះ​មាន​ទំហំ​៤​ម៉​គុណ​៦​ម៉ែត្រ​ត្រូវ​ភ្លើង​ឆាបឆេះ​សល់​តែ​ផេះ​។​ម្ចាស់​ឈ្មោះ​ប៉ាល់​សារ៉ាន​ភេទ​ស្រី​អាយុ​៦០​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​បានដាក់​ឆ្នាំង​រំងាស់​ស៊ុប​នៅក្នុង​ផ្ទះបាយ​រួច​គាត់​រវល់​ទៅផ្ទះ​អ្នកជិតខាង​ភ្លេចខ្លួន​ថា​រំងាស់​ស៊ុប​និង​ទឹកត្រី​ទល់​តែមាន​ផ្សែងហុយ​ចេញពីផ្ទះ​បាយ​ទើប​ដឹងថា​មាន​ភ្លើង​ឆេះ​ក៏បាន​នាំគ្នា​ដងទឹក​ជះ​ពន្លត់​។​

​ប្រភព​បាន​បន្តទៀតថា​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ពលរដ្ឋ​ថា​មាន​អគ្គិភ័យ​ឆាបឆេះ​នោះ​រថយន្ត​បាញ់​ទឹក​របស់​នគរបាល​ខេត្តស្វាយរៀង​១​គ្រឿង​និង​រថយន្ត​របស់​កម្លាំង​កង​រាជ​អាវុធ​ខេត្តស្វាយរៀង​មួយគ្រឿង​ចេញ​មកដល់​កន្លែងកើតហេតុ​ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់​ទើប​ធ្វើ​ឲ្យ​ភ្លើង​ដែល​ឆាបឆេះ​រលត់​ទាំងស្រុង​។​ផ្ទះបាយ​និង​ស​ម្លា​រៈ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​គេ​ពុំទាន់​ដឹងថា​ខូចខាត​អស់​ប៉ុន្មាន​នោះ​។​

​សូមបញ្ជាក់​ផង​ដែលថា​៖​កន្លងមក​លោក​ម៉ែន​វិបុល​អភិបាល​ខេត្តស្វាយរៀង​ធ្លាប់បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ភ្លើងទាន​ធូប​ភ្លើងចង្ក្រាន​និង​អគ្គិសនី​ដែល​បង្ក​ជា​អគ្គិភ័យ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​និង​អាយុជីវិត​៕S/​

​ដាក់​ឆ្នាំង​រំងាស់​ស៊ុប​និង​រំងាស់​ទឹកត្រី​ភ្លេចខ្លួន​មួយ​ភ្លែត​ឆេះ​ផ្ទះបាយ​ហ្មត់​