​ដាស់តឿន​ឱ្យ​បេក្ខជន​មកឱ្យ​ទាន់​ម៉ោង​ប្រឡង​បើ​ពុំនោះ​នឹង​ប្រឈម​មិនបាន​ប្រឡង​

208
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានធ្វើការ​ដាស់តឿន​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ទាំងអស់​ត្រូវ​មក​ប្រឡង​ឱ្យទាន់​ម៉ោង​។​បើ​យឺត​ត្រឹម​១៥​នាទី​នឹង​ប្រឈម​មិនបាន​ប្រឡង​ដូច​ករណី​យុវតី​ជា​បេក្ខជន​មួយ​រួប​នៅ​ខេត្តសៀមរាប​ពុំខាន​។​

​លោក​ឌី​ខាំ​បូ​លី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​ថា​ការ​ដំណើរ​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ចំណេះ ទូទៅ និង បំពេញវិជ្ជា​នា​ថ្ងៃទី​១​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ​ដោយ​ពុំមាន​អ្វី​ខុស​ប្រក្រតី​បន្តិច​ណា​ទេ​។​ក្នុងនេះ​ដូចជា​ការយក​ឯកសារ​ចូល​មណ្ឌល​ប្រឡង​របស់​បេក្ខជន​ទូទាំង​២៤​ខេត្ត​ក្រុង​លោក​ពុំ​បានទទួល​របាយការណ៍​ណាមួយ​ខុសពី​ប្រក្រតី​ឡើយ​។​

​លោក​បានបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា​“​នៅ​ថ្ងៃទី​១​ដែល​បាន​ដំណើរការ​ប្រឡង​បញ្ចប់​នេះ​គឺ​បេក្ខជន​ទាំងអស់​បាន​គោរព​នូវ​បទបញ្ញត្តិ​ហួស​ពី​ការរំពឹងទុក​ទៅទៀត​។​នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​ក្នុង​ថ្ងៃទី​១​នៃ​ការប្រឡង​”​។​ព្រម​ជាមួយគ្នានេះ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បានលើកឡើង​ដែរ​ថា​បញ្ហា​សុខភាព​របស់​បេក្ខជន​គេ​ឃើញ​នៅតែមាន​បញ្ហា​ចោទឡើង​នៅឡើយ​។​ប៉ុន្តែ​យ៉ាងណាក្តី​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​នីមួយៗ​បាន​ខិតខំ​ដោះស្រាយ​និង​ព្យាបាល​ដើម្បី​ជួយ​ដល់​បេក្ខជន​បាន​ប្រឡង​ឡើងវិញ​ផងដែរ​។​

​យ៉ាងណាក្តី​ឌី​ខាំ​បូ​លី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានធ្វើការ​ដាស់តឿន​ដល់​បេក្ខជន​ប្រឡង​បាក់​ឌុប​ទាំងអស់​ត្រូវ​រួសរាន់​មក​ប្រឡង​ឱ្យទាន់​ម៉ោង​បើ​ពុំ​នោះទេ​នឹង​ប្រឈម​មិនបាន​ចូល​ប្រឡង​ដូច​ករណី​បេក្ខជន​ជា​យុវតី​មួយរូប​នៅ​ខេត្តសៀមរាប​ពុំខាន​។​

​លោក​បាន​មានប្រសាសន៍​ជុំវិញ​បញ្ហា​នេះ​ថា​“​ខ្ញុំ​សុំ​ជំរាប​ថា​មិន​អនុ​ញ្ញា​ត្ត​ឱ្យចូល​ប្រឡង​បើសិនជា​មក​យឺត​លើសពី​១៥​នាទី​គឺ​មិន​អនុ​ញ្ញា​ត្ត​ប្រឡង​ទេ​លើកលែងតែ​ករណី​ពិសេស​ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​ក្នុងនេះ​គណៈកម្មាធិការ​វិន័យ​នឹង​បើក​កិច្ចប្រជុំ​ធ្វើការ​ពិចារណា​។

​ប៉ុន្តែ​បើសិន​ហេតុផល​ការ​មក​យឺត​នេះ​ដោយសារ​ធ្វេសប្រហែស​គឺ​មិន​អនុ​ញ្ញា​ត្ត​ឱ្យចូល​ប្រឡង​ឡើយ​។​ដូច្នេះ​សូម​បេក្ខជន​មក​មណ្ឌល​ប្រឡង​មកឱ្យ​ទាន់ពេលវេលា​។​គឺ​មកដល់​មណ្ឌល​ប្រឡង​ឱ្យបាន​មុន​១​ម៉ោង​មុនពេល​ការប្រឡង​ចាប់ផ្តើម​គឺ​មកដល់​មណ្ឌល​ប្រឡង​ម៉ោង ៦,០០​ឬ​៦,៣០​នាទី​ព្រឹក​យ៉ាងយូរបំផុត​”​។​

​សូមបញ្ជាក់ថា​យុវតី​មួយរូប​ឈ្មោះ​ជា​ចាន់​ស្រី​នាង​ជា​សិស្ស​រៀន​វិទ្យាល័យ​អង្គរ​ខេត្តសៀមរាប​ហើយ​ត្រូវ​ប្រឡង​នៅ​មណ្ឌល​ប្រឡង​ក្នុង​វិទ្យាល័យ​១០​មករា​ខាងជើង​ដោយ​មិនបាន​ប្រឡង​លើ​មុខវិជ្ជា​ម៉ោង​ដំបូង​នោះ​គឺ​ត្រូវបាន​ពិន្ទុ​សូន្យ​ហើយក៏​ត្រូវ​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​ផងដែរ​ដោយសារតែ​មក​យឺត​រយៈពេល​៣០​នាទី​៕S/

​ក្រសួង​អប់រំ​ដាស់តឿន​ឱ្យ​បេក្ខជន​ប្រឡង​បាក់​ឌុប​មក​មណ្ឌល​ប្រឡង​ឱ្យទាន់​ពេលវេលា​បើ​ពុំនោះ​នឹង​ប្រឈម​ធ្លាក់​ជា​ស្វ័យប្រវត្តិ​

#