​ដីព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ​ឈ្មួញ​កំពុង​ប្រើ​វិធីសាស្ត្រ​គ្រប់​រូបភាព​រំលោភ​យក​

368
ចែករម្លែក

ដោយៈ​ឫទ្ធិ​ស័ក្តិ​/​កំពង់ឆ្នាំង​:​ករណី​ការរំលោភបំពាន​ដីធ្លី​របស់​រដ្ឋ​ពី​សំណាក់​ក្រុម​ឈ្មួញ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ត្រូវគេ​មើលឃើញថា​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​មួយចំនួន​ខិតខំ​ប្រើ​គ្រប់​វិធីសាស្ត្រ​ដើម្បី​ក្លែងបន្លំ​ឯកសារ​ដើម្បី​យក​ដី​ទាំងនោះ​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ក្រោមរូបភាព​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​ដែលមាន​សុទ្ធ​តែព្រៃ​។​

​អាជ្ញាធរខេត្ត​ក្នុង​រឿងនេះ​បាន​ចាត់​ប្រធាន​មន្ទីរ​អធិការកិច្ច​ជា​ប្រធាន​ក្រុមចម្រុះ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ លើ​ករណីនេះ​តែ​ក្រុមការងារ​ដែល​អនុវត្ត​ន៍​ច្បាប់​ក៏​រង​នូវ​សម្ពាធ​ពី​សំណាក់​ក្រុម​ឈ្មួញ​ដី​ដែល​ប្រើ​ឥទ្ធិពល​អ្នកមានអំណាច​ធំៗ​ពី​ថ្នាក់លើ​ដោយ​ក្រុម​ឈ្មួញ​មួយចំនួន​អះអាងថា​ដី​ដែល​គេ​ឈូសឆាយ​នោះ​មាន​ប័ណ្ណកម្មសិទ្ធិ ។​

​ពាក់​ព​ន្ធ័​ករណី​កន្លងមកនេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ប្រាប់ថា នៅក្នុង​ផ្ទៃដី​ទាំងនោះ​មួយចំនួន​ជា​ដីព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​។​មួយចំណែក​ទៀត​ជា​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋបាល​ព្រៃឈើ ហើយក៏​គ្មាន​នរណាម្នាក់​ហ៊ាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​ដែរ​។ លោក​ក៏​ឆ្ងល់​ថា បើជា​ដី​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ ហេតុម្ដេច​ក៏បាន​ជាមាន​ប័ណ្ណកម្មសិទ្ធិ​លើដី​នោះ​វិញ ?

​ប្រធាន​មន្ទីរ​កសិក្ម​ខេត្ត​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​នឹង​ករណី​ជនខិលខូច​រំលោភបំពាន​លើដី​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ​ដែលមាន​ប្រមាណ​ជាង ១.០០០ ហិកតា នៅក្នុង​ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ដែលមាន​ចំនួន ៣​ភូមិ លោក​នឹងមិន​លើកលែង​ឡើយ​ហើយ​លោក​និង​អនុវត្ត​តាមច្បាប់​។​

​ចំណែក​ប្រធាន​មន្ទីរ​អធិការកិច្ច​លោក​សោម​សុជាតិ​តា​ទទួល​បទបញ្ជា​ពី​អភិបាលខេត្ត​ក្នុង​ការចុះ​ស្រាវជ្រាវ​លើ​ករណីនេះ​បាន​បញ្ជាក់ថា​ផ្ទៃដី​ដែល​គេ​បាន​ឈូសឆាយ​ក្រោមលេស​លើក​ជា​ផ្លូវ​មាន​ប្រមាណ​ជា​៥០​ហិកតា​។​នៅក្នុង​តំបន់​នោះ​គឺ​សុទ្ធតែជា​ព្រៃ​ដែលជា​ដី​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ​មិនឃើញ​មាន​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​នោះឡើយ​។​លោក​នឹង​បន្ត​ស្រាវជ្រាវ​ដើម្បី​ប្រមូល​ដី​ទាំង​នោះមក​ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ​។​

​ទាក់ទង​ករណី​ខាងលើនេះ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ក្រុម​ជនខិលខូច​មួយចំនួន​ដែល​បាន​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​សហគមន៍​បម្រុង​ទុក​របស់​រដ្ឋ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​អំពិល ភូមិ​ប្រ​ស្និ​ប ភូមិ​ស្អំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

ការព្រមាន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ដីព្រៃ​សហគមន៍​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩​។​ដីព្រៃ​សហគមន៍​ដែល​ក្រុម​ឈ្មួញ​ឈូសឆាយ​ធ្វើជា​កម្មសិទ្ធិ គឺមាន​ប្រមាណ​ជាង ១.០០០​ហិកតា​។​

​សេចក្តីរាយការណ៍​បានឱ្យដឹងថា​ករណី​ដែល​ក្រុម​ឈ្មួញ​បាន​ឈូសឆាយ​ក្រោមរូបភាព​ធ្វើ​ផ្លូវ​ដើម្បី​រំលោភ​យក​ដី​សហគមន៍​គឺមាន​រយៈពេល​យូរ​ខែ​មកហើយ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ប្រ​ស្និ​ប​ចំណុច​”​លោកតា​មឺ​ន​គង់​”​ដែល​ដី​សហគមន៍​មាន​ប្រមាណ​ជាង​១.០០០​ហិកតា​”​ព្រំប្រទល់​ដែន​ព្រៃ​ជម្រក​ទុក​អចិន្ត្រៃយ៍​ស្ថិតនៅ​ក្នុងស្រុក​រលាប្អៀរ​”​។​

ប្រភព​បាន​បង្ហើប​ថា​ករណីនេះ​គឺមាន​ការពាក់ព័ន្ធ​ជាមួយ​មន្ត្រី​យោធា​និង​មនុស្ស​មួយចំនួន​ដែល​បាន​ឃុបឃិត​គ្នា ក្នុង​ការយក​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​សហគមន៍ ដើម្បី​យកទៅ​ពុះ​ឡូត៍​លក់​។​

​ចំណែក​លោក​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ចំពោះ​ករណីនេះ​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​មើល​ត្រួត​ពិនិត្យមើល​ទីតាំង​ដីព្រៃ​សហគមន៍​នៅ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​

ដោយ​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​“​ខ្ញុំ​បាន​ជូនដំណឹង​នេះ​ទៅ​ឯកឧត្តម​អ៊ុង​សំអាត​ថា​នឹង​អាច​ចុះ​មើល​ទីតាំង​ព្រោះ​គាត់​ទទួលបន្ទុក​លេខាធិការ​ដ្ឋា​ន​អ្នក​ដែល​កាប់​ឈូសឆាយ​យក​ដីធ្លី​នឹង​គឺ​យើង​នឹង​អាច​ទៅ​ត្រួត​ពិនិត្យមើល​ហើយ​និង​អាច​កសាង​សំណុំរឿង​ទាក់ទង​បញ្ហា​នេះ​”​។​

សូម​រំលឹកថា ដីព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ មួយចំនួន​កំពុង​រង​ការរំលោភបំពាន ប្រមាណ​ជាង ៤០០​ហិកតា​លើ​ផ្ទៃដី​បម្រុង​ទុក​១.០០០​ហិកតា​នៅ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​ដែល​បាន​រង​ការ​ឈូសឆាយ​យក​ធ្វើជា​កម្មសិទ្ធិ​របស់​ឈ្មួញ​,​ជា​រើ​យៗ​មាន​ក្រុម​ឈ្មួញ​ដី​ខិលខូច​មួយចំនួន​តូច​តែងតែ​បង្ក​ព្យុះភ្លៀង​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ​លួច​រំលោភ​ដី​របស់​រដ្ឋ​ទុក​លក់​បន្ត​ឱ្យទៅ​ឈ្មួញ​ដី​ធំៗ​ចូលមក​ទិញ ។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៩​ឃើញ​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ និង​រំលោភបំពាន​យក​ដីព្រៃ​សហគមន៍​ស្ថិតក្នុង​ឃុំ​ប្រ​ស្នឹ​ប​ស្រុក​រលាប្អៀរ​ដោយ​ក្រុម​ឈ្មួញ​ដី​ប្រើ​រូបភាព ក្រោមលេស​ធ្វើ​ផ្លូវ​។ ដីព្រៃ​សហគមន៍​នៅ​ចំណុច​នោះ​មាន​ប្រមាណ​ជាង ១.០០០ ហិកតា ស្ថិតនៅក្នុង​៣​ភូមិ (​ភូមិ​ត្រពាំង​ពិល​, ភូមិ​ប្រ​ស្និ​ប​, ភូមិ​សា​អង ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​) ក៏​ជា​ដី​ដែលជា​ចំណី​អារម្មណ៍​យ៉ាងខ្លាំង​របស់​ក្រុម​ជនខិលខូច​មួយ​ក្ដាប់​តូច ។​

​ករណីនេះ​ប្រមុខ​រដ្ឋាភិបាល​ក្រសួង​ពាក់ព័ន្ធ​នឹង​អាជ្ញាធរខេត្ត​គួរតែ​ត្រួតពិនិត្យ​ស្រាវជ្រាវ​និង​ទប់ស្កាត់​វែកមុខ​រក​អ្នក​នៅ​ពី​ក្រោយខ្នង យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/​

#