​ដុត​កម្ទេច​ទំនិញ​ម្ហូបអាហារ ខូចគុណភាពចំនួន​ជាង៦ តោន​

312

(​ក្រុងព្រះសីហនុ​)៖ ទំនិញ​ម្ហូបអាហារ​ខូចគុណភាព និង​ទំនិញ​មិនមាន​អនុលោមភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន​ជាង ០៦​តោន ត្រូវបាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល តាមរយ​:​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ធ្វើ​ការដុត​កម្ទេចចោល កាលពី​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីលាន​ចាក់សំរាម ស្ថិតនៅ​ភូមិ​អូរ​កំបុត ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​គណ​:​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម និង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដែល​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរខេត្ត ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​នៅក្នុង​ផ្សារ និង​នៅតាម​ហាង​ទំនិញ​មួយចំនួន​ទូទាំង​ខេត្ត ហើយ​បាន​ដកហូត​ទាន់ពេលវេលា​នូវ​ទំនិញ​ប្រភេទ​ម្ហូបអាហារ ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដើម្បី​ដុត​កម្ទេចចោល​នាពេលនេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​មន្ត្រី​កាំកុងត្រូល​ទាំងអស់ ធ្វើការ​ពង្រឹងសមត្ថភាព និង​ដកស្រង់​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​អន្តរជាតិដើម្បី​បម្រើ​ការងារ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ចំណីអាហារ ធានា​ឲ្យ​បាន​នូវ​អនុលោមភាព​របស់​ទំនិញ​ទាំង​នាំចេញ និង​នាំចូល​។​

​សូមបញ្ជាក់ថា​ទំនិញ​ដែល​ត្រូវបាន​ដុត​កម្ទេចចោល​នាពេលនេះ មានដូចជា ម្សៅ​ទឹកដោះគោ ភេសជ្ជៈ គ្រឿងឧបភោគ​បរិភោគ គ្រឿង​សមុទ្រ បន្លែ ជ្រក់ ប្រហិត សរុប​ចំនួន ៦.០៨០ គីឡូក្រាម​៕អត្ថបទ៖ក្រសួង/sn

(រូប៖ក្រសួងពាណិជ្ជកម្ម)