​ដុត​កម្ទេច​សត្វព្រៃ​ជិត​៧០០​ក្បាល​ដែល​ដាក់លក់​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​សង្កែ​

583

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​សមត្ថកិច្ច​ចម្រុះ​មាន​រដ្ឋបាល​ស្រុក​ប៉េអឹម​ប៉ូលិស​ស្រុក​សង្កែ​ដឹកនាំ​ដោយ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​បាន​ចុះបង្ក្រាប​កន្លែង​លក់ដូរ​សត្វព្រៃ​ខុសច្បាប់​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ​ផ្លូ​ប​ជាតិ​លេខ​៥​ក្នុងភូមិ​ពុល​ឆ្មារ​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​។​

​ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកលក់ដូរ​សត្វព្រៃ​ខុសច្បាប់​ចំនួន​៦​នាក់​និង​រឹបអូស​សត្វព្រៃ​១០​ប្រភេទ​ចំនួន​៦៤៦​ក្បាល​យកទៅ​ដុត​កម្ទេចចោល​នៅ​រសៀល​ថ្ងៃ​ដដែល​ដើម្បី​ជាការ​ព្រមាន​។​ចំណែក​អ្នកលក់ដូរ​សត្វព្រៃ​បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​លោក​ពិត​ភារ​ក្ស​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បានឱ្យដឹងថា​អ្នកលក់​សត្វព្រៃ​ទាំង​៦​នាក់​សុទ្ធតែ​ស្រី​មាន​១​ឈ្មោះ​ហៃ សុ​ឃុន​អាយុ​៥២​ឆ្នាំ ២​ឈ្មោះ​រ៉េត ម៉ៅ​អាយុ​៣៩​ឆ្នាំ ៣​ឈ្មោះ​រ៉េត​សា​រៀង​អាយុ​១៧​ឆ្នាំ ៤​ឈ្មោះ​រ៉េត​ណា​លីន​អាយុ​១៤​ឆ្នាំ​(​កូនស្រី​)៥​ឈ្មោះ​សេង​ស៊ី​ណាត​អាយុ​១៣​ឆ្នាំ​។

​ទាំង​ប្រាំ​នាក់​នេះ​រស់នៅ​ភូមិ​ស្វាយ​កង់ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​និង​៦​ឈ្មោះ​យឿន​ធឿន​អាយុ​៥២​ឆ្នាំ​នៅ​ភូមិ​សំរោង​ក្នុង​ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​។​ចំណែក​សត្វព្រៃ​ដែល​ដកហូត​បាន​មាន​១០​ប្រភេទ​សរុប​ចំនួន​៦៤៦​ក្បាល​(​មាន​ខ្លះ​បោច​រួច​និង​ខ្លះ​ចៀន​រួច​)​។​

​លោកនាយ​ខណ្ឌ​បាន​បញ្ជាក់ថា​កន្លែង​លក់ដូរ​សត្វព្រៃ​មួយកន្លែង​សាងសង់​ជា​រោង​លក់​សត្វព្រៃ​ផង​និង​លក់​គ្រឿងក្លែម​ផង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​ស្រុក​ចុះ​ផ្សព្វផ្សាយ​និង​ធ្វើការ​អប់រំ​និង​កិច្ចសន្យា​ហាម​មិនឱ្យ​លក់ដូរ​ជាច្រើនលើក​មកហើយ​។​ប៉ុន្តែ​ពួកគេ​នៅ​បន្ត​លក់ដូរ​ដោយ​គ្មាន​ខ្លាចញញើត​ឡើយ​។​

​លោកនាយ​ខណ្ឌ​បាន​បន្តថា​សត្វព្រៃ​ទាំង​ជិត​៧០០​ក្បាក​ត្រូវ​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​សង្កែ​សម្រេច​ធ្វើ​ការដុត​កម្ទេចចោល​នៅក្នុង​បរិវេណ​អធិការនគរបាល​ស្រុក​នៅ​រសៀល​ថ្ងៃ​ដដែល​។

​ចំណែក​អ្នកលក់​សត្វព្រៃ​ទាំងចាស់ទាំងក្មេង​ចំនួន​៦​នាក់​ត្រូវ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទោ​សាលាដំបូង​ខេត្ត​ទុកឱ្យ​ព្រះរាជអាជ្ញា​និង​ចៅក្រម​សម្រេច​តាម​នីតិវិធី​៕S/

​ ​ ​