​ដើមឆ្នាំ​ភ្លាម​ផ្ទុះ​តារាចម្រៀង​កំពូល​ទាំងពីរ​បោះជំហាន​លើ​វិស័យ​ដីធ្លី​រួមគ្នា​ក្នុង​ទឹកដី​ខេត្ត

568
ចែករម្លែក
  • 54
    Shares

​ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​តារាចម្រៀង​កំពូល​ល្បី​២​ដួង លោក ឆាយ វីរៈ​យុទ្ធ និង​អ្នកនាង ខាត់ សុ​ឃីម ព្រមទាំង​លោក ម៉េ​ន កា​នី បាន​បោះទុន​វិនិយោគ​រួមគ្នា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២​លាន​ដុល្លារ បើក​ជំនួញ​ដីធ្លី​លើកដំបូង ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​គាំទ្រ និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។

​កាលពី​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ តារាចម្រៀង​អ្នកនាង ខាត់ សុ​ឃីម និង​លោក ឆាយ វិ​រៈ​យុទ្ធ បានប្រកាស​ដឹង​ពី​គម្រោង​បើកសម្ពោធ​លក់​ដី​ឡូ​តិ៍​របស់ខ្លួន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅលើ​ទឹកដី​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​លើ​ទំហំ​ជាង​១០​ហិកតា ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន GM បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមការងារ​ជាច្រើន​នាក់​ទៀត​។

​តារាចម្រៀង​ឆាយ​វិ​រៈ​យុទ្ធ​បាន​ប្រាប់ថា​ទោះបី​នេះ​ជាការ​វិនិយោគ​លើកដំបូង​ក្នុង​វិស័យ​អចលនទ្រព្យ​ក៏ពិតមែន ប៉ុន្តែ​លោក​រំពឹងថា នឹង​ទទួលជោគជ័យ ព្រោះ​បច្ចុប្បន្ននេះ​លោក​បាន​មើលឃើញថា ទីផ្សារ​ទិញ​លក់​ដី​គឺមាន​សន្ទុះ​ខ្លាំងក្លា​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​ទីតាំង​ដែល​លោក​បាន​បោះទុន​វិនិយោគ​នេះ គឺជា​ទីតាំង​ល្អ ជា​តំបន់​អភិវឌ្ឍន៍ និង​មានឱកាស​ចំណេញ​ខ្ពស់​សម្រាប់​បងប្អូន​អតិថិជន​ទិញ​បន្ត​។

​ម្ចាស់​បទ “​នឹក​ដូចគ្នា​” រូបនេះ​បាន​ថ្លែងបន្ត​ទៀតថា ជំនួញ​លើ​វិស័យ​អចលនទ្រព្យ​លើកដំបូង​នេះ មិន​ប៉ះពាល់​ដល់​ការងារ​សិល្បៈ​របស់លោក​ឡើយ​។ លោក​ក៏​ចង់​ឲ្យ​អ្នកសិល្បៈ​រួម​អាជីព​ទាំងអស់ ប្រសិនបើ​មានឱកាស​អាច​ងាក​មក​ចាប់​ជំនួញ​លើដី​ធ្លី​ដូច​រូបលោក​ក៏បាន​ព្រោះនេះ​ពេលវេលា​រកប្រាក់​ចំណូល​ប​ន្ថែ​ម បន្ទាប់ពី​ការងារ​សិល្បៈ​។

​ចំណែក​ដៃគូ​លោក​វិញ​អ្នកនាង​ខាត់​សុ​ឃីម​បាន​និយាយថា​គម្រោង​ដី​ឡូ​តិ៍​ដែល​អ្នកនាង​ប្រកាស​បើក​លក់​នេះ​មិនមែន​អ្នកនាង​គ្រាន់តែ​ឈរឈ្មោះ​ដើម្បី​យក​ផលចំណេញ​នោះទេ​គឺ​អ្នកនាង​បោះទុន​ទិញដូរ​ជាមួយ​តែម្ដង.។ ដោយ​អ្នកនាង​មាន​ហ៑ុន​២៥​ភាគរយ លោក ឆាយ វិ​រៈ​យុទ្ធ ២៥​ភាគរយ និង​ក្រុមហ៊ុន GM ដែលមាន​បទពិសោធន៍​ពុះ​លក់​ដី​ឡូ​តិ៍លក់​ជា​យូរ​មកហើយ​មាន​ហ៊ុន​៥០​ភាគរយ​។​គម្រោង​នេះ​មាន​ផ្ទៃដី​សរុប​ជាង​១០​ហិកតា ហើយក៏​ចំណាយ​ដើមទុន​មិនតិច​នោះដែរ ទម្រាំ​ឈានដល់​ការ​ចាប់ដៃគ្នា​ធ្វើ​ពិធី​បើកសម្ពោធ នៅថ្ងៃនេះ​។

​អ្នកនាង ខាត់ សុ​ឃីម បាន​បញ្ជាក់ថា នេះ​ជា​គម្រោង​លើក​ទី​១ តែ​ក៏​នឹងមាន​គម្រោង​បន្តបន្ទាប់​ផងដែរ ដោយសារតែ​អ្នកនាង និង​ដៃគូ ក៏មាន​គម្រោង​ទិញ​ដី​ចូលគ្នា​បើក​លក់​បែបនេះ​បន្តបន្ទាប់​ទៀត នៅពេល​ខាងមុខ​។​អ្នកនាង​ខ្លួន​មិន​ធ្លាប់​ស្រមៃ​ថា​បាន​ក្លាយជា​ម្ចាស់​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់​ជា​ទ្រង់ទ្រាយ​ធំ​បែបនេះ ពីមុនមក​ទេ ។

​​អ្នកនាង​ប្រកាសថា ទំហំ​ដី​៥ គុណ​២០ ដែល​បាន​ដាក់លក់ គឺជា​គម្រោង​មួយ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​វិនិយោគ​លើ​វិស័យ​ដីធ្លី​។​សមល្មម​សម្រាប់​អ្នកមាន​ធនធាន​មធ្យម​។ អ្នកនាង​ថា ខ្លួន​មិន​ចោល​ការងារ​សិល្បៈ​នោះទេ ដោយ​នៅតែ​បន្ត​ចេញ​បទ​ចម្រៀង ដោយ​នឹង​ត្រៀម​បញ្ចេញ​១២​បទ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​៕S/​