​ដើម្បី​កុំអោយ​ជាប់ពន្ធនាគារ​រយៈពេល​១​ខែ អតីតមន្ត្រី​របស់​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាត់បង់​អាសនៈ​ត្រូវ​ចូលមក​ប្រកាស​​ទ្រព្យសម្បត្តិ​

6066

(​ភ្នំពេញ​) ៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា អតីត​តំណាងរាស្ត្រ ក្រុមប្រឹក្សា​រាជ​​ធានី ខេត្ត ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ ជំទប់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​ណា​ដែល​មិន​បាត់​​បង់​កៅអី​របស់ខ្លួន បន្ទាប់ពី​បក្ស​នេះ​ត្រូវបាន​កាត់​រំលាយ​ដោយ​តុលាការ​កំពូល គឺ​មិន​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​នោះទេ ប៉ុន្តែ​សម្រាប់​​មន្ត្រី​ណា​ដែល​បាត់បង់​អាសនៈ តម្រូវ​ឲ្យ​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ក្នុង​រយៈពេល​៣០​ថ្ងៃ បើ​មិន​ទៅនឹង​ប្រឈម​ការជាប់​ពន្ធនាគារ​រ​យៈ​ពេល​១​ខែ​។​

លោកឱម យិនទៀង ថ្លែងទៅកាន់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១២ ធ្នូ

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ថ្លែង​បញ្ជាក់​បែបនេះ ក្នុង​ឱកាសលោក​អញ្ជើញ​ជា​អធិបតីភាព ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ និង​អន្តរជាតិ ប្រឆាំង​អំពើពុករលួយ​៩​ធ្នូ ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧​នេះ ដោយមាន​អ្នកចូលរួម​ប្រមាណ​៣​ពាន់​នាក់​នៅ​វិទ្យា​​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​
​ ​
​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បន្តថា ច្បាប់​បានចែង​ថា ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ណាមួយ ត្រូវបាន​បញ្ចប់​ការងារ​របស់ខ្លួន ត្រូវតែ​ប្រកាស​ទ្រព្យសម្បត្តិ​របស់ខ្លួន​ម្តងទៀត ជា​លើកចុងក្រោយ ក្នុង​រយៈពេល​៣០​ថ្ងៃ​។​
​ ​
​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់​ទៀតថា ក្រុមប្រឹក្សា​ទាំងអស់​ត្រូវ​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​របស់ខ្លួន​ចាប់ពី​ពេលដែល​គណ​​បក្ស​របស់ខ្លួន ត្រូវ​កាត់​រំលាយ​ជា​ស្ថាពរ​ដោយ​តុលាការ​កំពូល ដោយ​ខាង​ភាគី​ក្រសួងមហាផ្ទៃ ជា​អ្នកមាន​សមត្ថកិច្ច​លើ​នីតិវិធី​នេះ​។ ​ប្រសិនបើ​អតីត​តំណាងរាស្ត្រ ក្រុមប្រឹក្សា រាជធានី​-​ខេត្ត ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ មេឃុំ​-​ចៅសង្កាត់ ណា​មិន​ព្រម​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ នឹង​ប្រឈម​ការជាប់​ពន្ធនាគារ​រ​យៈ​ពេល​១​ខែ តាមច្បាប់​ប្រឆាំង​អំពើពុករលួយ​៕​ដោយ​៖​វិបុល​/sn