​ដើម​ផ្កា​ជប៉ុន អូ​ការី គី​វ៉ា​តា ចាប់ផ្តើម​ចេញ​ផ្កាបង្អួត​សម្រស់​នៅតាម​សួនច្បារ​នានា​ ​នៅក្នុង​រាជធានី​ភ្នំពេញ​

126
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​:​ភ្នំពេញ​៖ ដើម​ផ្កា​ជប៉ុន អូ​ការី​គី​វ៉ា​តា បានចាប់ផ្តើម​ចេញ​ផ្កា បង្អួត​សម្រស់​ហើយ​នៅតាម​សួនច្បារ នានា​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ផ្កា​នេះ​ចេញ​ផ្កា​មួយឆ្នាំ​ម្តង ហើយ​អាយុកាល​នៃ​ការចេញ​ផ្កា​នេះ​មាន​រយៈពេល​ប្រមាណ ៤​ខែ ។​

លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​៩​តុលា​នេះ​ថា​៖ ដើម​ផ្កា​ជប៉ុន អូ​ការី​គី​វ៉ា​តា បានចាប់ផ្តើម​ចេញ​ផ្កា បង្អួត​សម្រស់​ហើយ ។​លោក​បញ្ជាក់ថា​៖ ដើម​ផ្កា​ជប៉ុន​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាំ​នៅ​សួនច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី​ក្នុង​ខណ្ឌ​ជ្រោយចង្វា​ចំនួន​២៩​ដើម ​និង​ដាំ​នៅ​ខាងលិច​សាកលវិទ្យាល័យ​ភូមិន្ទ​ក្នុង​ខណ្ឌទួលគោក​ចំនួន​៧​ដើម ហើយ​ដល់​វា​ចេញ​ផ្កា​គឺមាន​សម្រស់​ស្អាត​ណាស់ ជាការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាងខ្លាំង​ផងដែរ​។​

គួរ​បញ្ជាក់ថា​៖ ដើម្បី​លើក​សោ​ភ័ណ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង ​ជា​អភិបាល​បានធ្វើ​ការកែលំអ សួនច្បារ​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ ដោយសារ​ថា ​សួនច្បារ​ទាំងនេះ វា មិន​ត្រឹមតែ​លើក​សោ​ភ័ណភាព​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​ហាត់ប្រាណ​ដ៏​ពេញនិយម​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ថែម​ទៀតផង​។​

ពាក់ព័ន្ធ​នឹង​ការងារ​នេះដែរ​ កាលពីពេល​ថ្មីៗ​នេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឱ្យ​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដាំ​ដើមឈើ​ប្រណិតៗ​នៅលើ​សួន​ខាងលិច​ស្ពាន​ជ្រោយចង្វា ដើម្បីឲ្យ​សួន​នេះ​ក្លាយជា​សួនឧទ្យាន​មួយ​នៅក្នុង​ក្រុងភ្នំពេញ ហើយ​ដើមឈើ​ដែល​ត្រូវ​ដាំ​នៅ​ទីនោះ មាន​ប្រភេទ​ឈើ​ធ្នង់ គគីរ គ្រញូង ដោយមាន​ចំនួន​ចាប់ពី​២៥០​ទៅ​៣០០​ដើម ។​អ្វីដែល​ជាការ​គ្រោងទុក រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​នឹងធ្វើ​ពិធី​ដាំ​ដើមឈើ​នៅទីនេះ​តែម្តង ក្រោម​វត្តមាន លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ៕​/Ha