​ដើម​រាំង​ដែល​សមត្ថកិច្ច​ចាប់បាន​ពី​ឈ្មួញ​កាលពីពេល​កន្លងទៅ​ត្រូវបាន​ដាំ​ក្នុង​វត្ត​ហើយ​

330

(​ព្រៃវែង​)៖​ក្រោយពី​សមត្ថកិច្ច​នគ​របាល​ស្រុក​ពារាំង​ចុះ​ចាប់​គល់រាំង​មួយ​គល់​ធំ​ដែល​ឈ្មួញ​ខិលខូច​លួច​គាស់​ពី​មាត់បឹង​បម្រុង​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​កាលពីពេល​កន្លងមក​នោះ​ពេលនេះ​ត្រូវបាន​អាជ្ញាធរ​និង​សមត្ថកិច្ច​រួមទាំង​គណៈកម្មការ​វត្ត​យកមក​ដាំ​នៅក្នុង​វត្ត​អង្គា​រ៍​ដី​រួចរាល់​ហើយ​។​

លោក​មឿង​រី​នាយប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ព្នៅ​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា​គល់រាំង​ដែល​សមត្ថកិច្ច​យើង​ធ្វើការ​បង្ក្រាប​កាលពីពេល​កន្លងទៅ​នោះ​នៅ​ព្រឹក​ថ្ងៃទី​១៩​សីហា​ឆ្នាំ​២០១៧​នេះ​ត្រូវបាន​អ្នកភូមិ​គណៈកម្មការ​វត្ត​ដឹក​យកមក​ដាំ​រួចរាល់​ហើយ​នៅក្នុង​វត្ត​អង្គា​រ៍​ដី​។

គួ​រម្លឹកថា​ក្រោយពី​កាសែត​រស្មី​កម្ពុជា​បានធ្វើការ​ចុះផ្សាយ​អំពី​គល់រាំង​មួយ​គល់​ធំ​ដែល​ឈ្មួញ​គាស់​ពី​មាត់បឹង​និង​បម្រុង​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ទោ​ស្រេង​ជា​ស្នងការ​ខេត្តព្រៃវែង​បញ្ជា​ឲ្យ​កម្លាំង​នគរ​បាន​ចុះ​ឃាត់​និង​យកមក​ដាំ​ក្នុង​វត្ត​។​ការឃាត់​គល់រាំង​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​ខាងលិច​ភូមិ​អង្គា​រ៍​ដី​ប្រហែល​២០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​អង្គា​រ៍​ដី​ឃុំ​ព្រៃ​ព្នៅ​ស្រុក​ពារាំង​ខេត្តព្រៃវែង​។​

លោក​ឧត្ដមសេនីយ៍​ស្នងការ​បាន​ឲ្យ​ដឹងថា​ក្រោយ​ពេលដែល​លោក​បានទទួល​ព័ត៌មាន​ថា​មាន​ឈ្មួញ​លួច​គាស់​គល់រាំង​ពី​កន្លែង​ផ្សេង​ដោយ​បណ្ដែត​តាម​ទឹក​រួច​យកមក​ទុក​នៅ​ចំណុច​ខាងលើ​នោះ​ភ្លាម​គឺ​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​មូលដ្ឋាន​និង​នគរបាល​សេដ្ឋកិច្ច​ឲ្យ​ទប់ស្កាត់​និង​ឃាត់​គល់រាំង​នោះ​ទុក​ដើម្បី​ប្រគល់​ឲ្យ​គណៈកម្មការ​វត្ត​អង្គា​រ៍​ដី​យកទៅ​ដាំ​ក្នុង​គោលបំណង​ការពារ​ធនធានធម្មជាតិ​។​

​ដោយឡែក​ពលរដ្ឋ​នៅ​ភូមិ​ខាងលើ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​គល់រាំង​នេះ​មាន​ទំហំ​ធំ​ប៉ិន​មួយ​អោបដៃ​មនុស្ស​ចាស់​ដែលមាន​ប្រវែង​ចាប់ពី​៥​ទៅ​៧​ម៉ែត្រ​។​មិនតែប៉ុណ្ណោះ​គល់រាំង​នេះ​មាន​មែក​និង​ឬ​ស​ក្រ​ញ៉េ​ង​ក្រ​ញ៉ា​ង​ជាច្រើន​ដែលជា​ហេតុ​នាំ​ឲ្យ​គល់រាំង​មួយ​គល់​នេះ​មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​វៀតណាម​។​ទើប​ពួក​ឈ្មួញ​ហ៊ាន​ចំណាយ​ប្រាក់​ក្នុង​ការជួល​កម្ម​ករម​ក​គាស់​ដឹក​ជ​ញ្ជួ​ន​តាម​ទឹកជា​ច្រើន​ដំណាក់​និង​លើកដាក់​រថយន្ត​ទម្រាំ​ដល់​ប្រទេស​វៀតណាម​។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រុម​ឈ្មួញ​ដែល​ដើរ​គាស់​គល់រាំង​ទាំងនោះ​គឺ​តែងតែ​មក​លួច​គាស់​គល់រាំង​របស់​កសិក​រ​ដោយ​ពុំបាន​ទិញដូរ​ជា​ប្រា​ក់អី​ទេ​គឺ​ភាគច្រើន​ពួកគេ​មក​លួច​គាស់​ពេល​ល្ងាច​ឬ​ពេលយប់​ចំពេល​ដែល​កសិករ​វិល​ពី​ស្រែ​មក​ផ្ទះ​វិញ​។​រហូតដល់​មានពេលខ្លះ​ពលរដ្ឋ​និង​ប្រជា​ការពារ​ភូមិ​នាំគ្នា​ដេញ​ក្រុម​នោះ​យ៉ាង​ព្រ​ភិត​ព្រ​ភីង​ក៏មាន​។​

ប៉ុន្តែ​ពួកគេ​នៅតែ​មិន​រៀងចាល​ដោយ​លួច​គាស់​ពី​កន្លែង​នេះ​មិនបាន​ទៅ​គាស់​នៅ​កន្លែង​នោះ​គឺ​បំឡាស់​ទី​រហូត​។ ទោះបីជា​យ៉ាងណា​ពលរដ្ឋ​នៅក្នុង​ភូមិ​ខាងលើ​បាន​សារ​ទរ​ចំពោះ​សមត្ថកិច្ច​ដែល​បានធ្វើ​ការបង្ក្រាប​និង​ទប់ស្កាត់​មកលើ​ក្រុម​ឈ្មួញ​ខិលខូច​ដែល​តែងតែ​មក​លួច​គាស់​គល់រាំង​របស់​អ្នកភូមិ​៕S/​ដោយ​៖​ចាន់ ថន​

​ដើម​រាំង​ដែល​សមត្ថកិច្ច​ចាប់បាន​ពី​ឈ្មួញ​កាលពីពេល​កន្លងទៅ​ត្រូវបាន​ដាំ​ក្នុង​វត្ត​