​ដេញ​ឡាន​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​ឲ្យ​ចូល​ចត​ក្នុង​បេន​តែ​ហាក់​មិន​ជោគជ័យ​

1551
ចែករម្លែក

​ដោយៈ​អង្គរតូច​/​សៀមរាបៈ​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់ និង​ចរាចរ​ណ៏​ខេត្ត បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ដេញ​ឡាន​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ ដែល​ឈប់​ចាប់​ម៉ូយ អនាធិបតេយ្យ​តាម​ចិញ្ចើមថ្នល់ ឲ្យ​ចូល​ចត​ក្នុង​បេន​។​ប៉ុន្តែ​ត្រូវគេ​មើលឃើញថា វា​មិនអាច​ទៅរួច​នោះ គឺ​ស្មើរ​និង​បរាជ័យ​ទាំងស្រុង ព្រោះ​បរាជ័យ​រាប់មិនអស់​រួចទៅហើយ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមេសា​នេះ គេ​ឃើញ​កម្លាំង​នគរបាល​ទាំងពីរ​ស្ថាប័ន​ខាងលើ ចុះទៅ​អនុវត្ត​ដេញ​ឡាន​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ ដែល​ឈប់​ចាប់​ម៉ូយ​បែប​អនាធិបតេយ្យ តាម​ចិញ្ចើម​ថ្នល់ជាតិ​លេខ​៦ ឲ្យ​ចូល​ចត​ក្នុង​បេន បុរី​សៀង​ណាំ ដើម្បី​ឲ្យ​អ្នកធ្វើដំណើរ​ទាំងឡាយ ចូលទៅរ​កឡាន​ជិះ​ក្នុង​បេន ខាងលើ​។ ក្នុង​ប្រតិបត្តិការ​នេះ គឺ​អនុវត្ត​ចាប់ពី​ចំណុច​ស្តុ​ប​កែង​ផ្លូវ​៦០​ម៉ែត្រ រហូតដល់​មុខ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ក្នុង​បំណង​បំបាត់​ភាពអនាធិបតេយ្យ លើកស្ទួយ​សោ​ភ​ណ័​ភាព​ក្រុង​ទេសចរ​ណ៏ ពិសេស​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរ​ណ៏​ផ្សេងៗ​។

នាយការិយាល័យ​នគរបាល​ចរាចរ​ណ៏ ផ្លូវគោក​ខេត្តសៀមរាប លោក​វរ​សេនី​យ៏​ឯក​ជឹម សុវណ្ណ បានផ្តល់​បទ​សម្ភាស​ន៏​ថា កម្លាំង​របស់លោក​និង​កម្លាំង​ខាង​សណ្តាប់​ធ្នាក់ នឹងធ្វើ​ឲ្យ​ខាងតែបាន​។ ក្រោយពេល​បោសសំអាត​ហើយ នឹងដាក់​កម្លាំង​ជាប្រចាំ រហូត​អស់​ឡាន​ចាប់​ម៉ូយ​តាម​ចិញ្ចើមថ្នល់ ហើយ​ចូលទៅ​ចត​ចាប់​ម៉ូយ​ក្នុង​បេន​។ នៅពេល​សួ​ថា ក្រុម​អ្នករត់​តាក់ស៊ី (​ឡាន​កាមរី​) អះអាងថា បើ​ឡាន​ក្រុមហ៊ុន​ធំៗ​(៤៥​កី​អី​)​ចូលក្នុង​បេន ពួកគេ​ក៏​ព្រម​ចូល​តាម​។​

លោកនាយ​ការិយាល័យ​ឆ្លើយថា អាហ្នឹង ទាល់តែ​ខាង​ក្រុមហ៊ុន​សហការ​ទើប​អាចទៅរួច​។ លុះ​សួរ​ទៀតថា បើ​ក្រុមហ៊ុន​ឡានក្រុង​ធំៗ មិន​សហការ ហើយ​នៅតែ​បន្ត​ឈប់​ចាប់​ម៉ូយ​តាម​ថ្នល់ តើ​មាន​វិធានការ​យ៉ាងណា លោក​ឆ្លើយថា ចាំ​បញ្ជា​ថ្នាក់លើ​។​

យោងតាម​ការផ្តល់​បទ​សម្ភាស​ន៏ របស់លោក​នាយការិយាល័យ នគរបាល​ចរាចរ​ណ៏ ដែលថា​អនុវត្ត​ហើយ​ដាក់​កម្លាំង​ជាប្រចាំ ប៉ុន្តែ​គ្រប់យ៉ាង​រងចាំ​បញ្ជា​ពី​ថ្នាក់​ខេត្ត ត្រូវបាន​គេ​មើលឃើញថា ការអនុវត្ត​ដេញ​ឡាន​ឲ្យ​ចូល​បេន​នេះ វា​ស្មើ​និង អង្រួន​មែកឈើ​បង្អើល​អង្ក្រង​ឲ្យ​ខាំ​តែប៉ុណ្ណោះ គឺ​បរាជ័យ​។​ពីព្រោះ​ករណី​ខាងលើ មិនមែន​ទើប​លើក​ទី​១​នោះទេ ហើយក៏​មិន​ធ្លាប់​ទទួលបាន​ជោគជ័យ​នោះដែរ​។​

ជុំវិញ​ករណីនេះ មហាជន​ធ្លាប់​លើកឡើងថា ចំណត​បេនឡាន​នៅ​ខេត្តសៀមរាប ក្រោម​ការគ្រប់គ្រង​រប​ស់​ឧកញ៉ា​ទូច ស៊ា គឺ​វា​តែ​ប៉ុណ្ណឹង​ទៅហើយ​។ សំខាន់​កូនចៅ​ក្រោម​ឪ​វ៉ាទ ចេះ​ដើរ​ប្រមូល​លុយ​ទៅ​វា​ជាការ​ស្រេច​ទៅហើយ​។ រឿង​ចូល​បេន​ឬ​អត់​មិន​សំខាន់​នោះទេ​។ តែ​ទោះ​នៅ​ឈប់​ចាប់​ម៉ូយ​ទីណា​ក៏​ត្រូវតែ​បង់លុយ​សម្រាប់​បេន​។​

សូមបញ្ជាក់ថា ក្នុង​អាណត្តិ​លោក​ឃឹម ប៊ុន​ស៊ុ​ង គ្រង​តំណែង​ជា​អភិបាល​ខេត្តសៀមរាប​នេះ គេ​សង្កេតឃើញ​ចំណត​ឡាន​តាក់ស៊ី គឺមាន​ចាប់ពី​ចំណុច​មុខ​ភោជនីយដ្ឋាន អា​ប៉ូ​ឡូ​ប្លា​ស្សា ភូមិក​ណ្តែ​ក ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង រហូតដល់​មុខ​ផ្សារលើ​ធំថ្មី និង​ធ្លាយ​ទៅដល់​មាត់​ស្ទឹង​គល់​ស្ពានថ្ម​ព្រះរាជដំណាក់​ទៀតផង តែ​ហាក់​មិន​ទើសភ្នែក​ថ្នាក់ដឹកនាំ​នេះ​ទេ​។

ផ្ទុយទៅវិញ ឆ្មាំ ឆ្វេង​ស្តាំ របស់​ឧកញ៉ា​ទូច ស៊ា ដែលជា​ម្ចាស់​បេនឡាន​ខេត្តសៀមរាប មិន​បណ្តោយ​ឲ្យ​ក្បាល់​ឡាន​មួយណា​ដឹក​ម៉ូយ​ចេញ​ដោយ​មិន​បង់លុយ​ថ្លៃ​បេន​នោះដែរ​។​ក្រុម​សមត្ថកិច្ច​ដែល​ផ្តើម​ចុះ​អនុវត្ត ដេញ​ឡាន​ឲ្យ​ចូល​បេន លើកចុងក្រោយ​នេះ ម្នាក់ៗ​រំពឹងថា លោក​អភិបាលខេត្ត នឹង​ផ្តល់​ដាវ​អា​ញា​សឹក​ដល់​ពួកគាត់ សម្រាប់​ចាត់វិធានការ​ចំពោះ​ឡាន​ដែល​ល្មើស មិន​ព្រម​ចូល​ចត​ក្នុង​បេន ចាប់ពី​ពេល​ចុះ​អនុវត្ត​នេះ​តទៅ​៕S/

​ដេញ​ឡាន​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​ឲ្យ​ចូល​ចត​ក្នុង​បេន​តែ​ហាក់​មិន​ជោគជ័យ​