​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ត្រូវបាន​បែង​ចែកជា​បួន​តំបន់​

926
ចែករម្លែក
  • 35
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៅ​ខេត្ត​មណ្ឌល​គី​រី​ត្រូវបាន​បែង​ចែកជា​បួន​តំបន់​។ ក្នុងនេះ​មានៈ តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សម្រាប់​បម្រើ​ដល់​ការងារ​គ្រប់គ្រង​ថែរក្សា អភិរក្ស និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​និរន្តរភាព​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩​។

​ទន្ទឹមនេះ អង្គការ​អន្តរជាតិ​ដ៏​ធំ​មួយ ដែល​ធ្វើ​សកម្មភាព​អភិរក្ស​សត្វព្រៃ បាន​ស្វាគមន៍​ភ្លាមៗ ចំពោះ​ការសម្រេច​នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃទី​៤​ខែកុម្ភៈ​ថា ការបែងចែក​តំបន់​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ជា​បួន តំបន់​រួមមាន​តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សម្រាប់​បម្រើ​ដល់​ការងារ​គ្រប់គ្រង​ថែរក្សា អភិរក្ស និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​និរន្តរភាព គឺ​ក្នុង​គោលបំណង​ដើម្បី​ធានា​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក៏ដូចជា​ការលើកកម្ពស់​ចូលរួម​របស់​សហគម​ន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុងការ​រួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ​និង​ធនធានធម្មជាតិ​ក្នុង​តំបន់ ព្រមទាំង​ធានាឱ្យមាន​ការថែទាំ​សត្វព្រៃ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេងៗ​។
​អ្នកនាំពាក្យ​ដដែល​បន្តថា​ក្រោយពី​ការ​បែង ចែក​តំបន់​គ្រប់គ្រង​នេះ ក្រសួងបរិស្ថាន​ជឿជាក់ថា​នឹង​ធ្វើឱ្យ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​នោះ​កាន់​តែមាន​ប្រសិទ្ធភាព ហើយនឹង​កាត់បន្ថយ​បាន​ច្រើន​លើ​បទល្មើស​ធនធានធម្មជាតិ និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់​ពី​សំណាក់​ក្រុម​ជនខិលខូច​។​

​ដោយឡែក អង្គការ WWF-​កម្ពុជា នៅ​ថ្ងៃទី​៤​ខែកុម្ភៈ​បានប្រកាស​អបអរ​ចំពោះ​ការសម្រេច​នេះ​។ ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ដែល​បាន​ផ្សព្វផ្សាយ​ដល់​បណ្តាញសារព័ត៌មាន​បាន​បញ្ជាក់ថា សូម​អបអរសាទរ​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានអនុម័ត​ជា​ផ្លូវការ​នូវ​ផែនការ​គ្រប់​គ្រង់​តំបន់​ការពារ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក (SWS) ស្ថិតក្នុង​ខេត្តមណ្ឌលគិរី ហើយ​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចការពារ​ជីវៈចម្រុះ​និង​សហគមន៍​ជនជាតិដើម​ភាគតិច​។​

​អង្គការ​នេះ​បញ្ជាក់ថា​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​ចេញ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ នឹង​ធានាបាន​នូវ​កិច្ចការពារ​យ៉ាង​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​បទល្មើស​បរិស្ថាន​ដូចជា ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ការកាប់បំផ្លាញ​ព្រៃ និង​ការទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​។ ការកំណត់​តំបន់​ក្នុង​តំបន់​ការពារ​បញ្ជាក់​ពី​ការ​ខណ្ឌ​ចែក​ព្រំប្រទល់​យ៉ាងច្បាស់ ទៅតាម​ប្រភេទ​នៃ​ការប្រើប្រាស់​ដី​នានា ដូចជា​៖ តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ប្រក​ដ​ដោយ​ចិ​រ​ភាព និង​តំបន់​សហគមន៍​។ សេចក្តី​ប្តេជ្ញា​នេះ នឹង​បង្កើន​ឱ្យមាន​ការចូលរួម​យ៉ាង​កុះករ​ពី​សហគមន៍​មូលដ្ឋាន ពីព្រោះ​វា​បាន​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុងការ​អភិរក្ស​ជីវៈចម្រុះ​ដ៏​សម្បូរបែប​ក្នុងប្រទេស​កម្ពុជា​។​

​លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជា​បាន​បញ្ជាក់ថា​“​ការអនុម័ត​ផែនការ​គ្រប់គ្រង​តំបន់​ការពារ​នេះ នឹង​អនុញ្ញាតឱ្យ​ឧ​ទ្យា​នុ​រក្ស​អនុវត្ត​ច្បាប់​តំបន់​ការពារ​ប្រកបដោយ​ប្រសិទ្ធិភាព និង​បញ្ឈប់​ការទន្ទ្រាន​យក​ដី​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។ ជាពិសេស វា​ជា​ជំហាន​ធំ​មួយទៀត​សម្រាប់​ការធានាបាន​នូវ​តំបន់​សុវត្ថិភាព​សម្រាប់​កម្មវិធី​ស្តារ​សត្វ​ខ្លាធំ​ឡើងវិញ​”​។ លោក​បាន​បន្ថែមទៀតថា “​យើង​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានាថា​តំបន់​គ្រប់គ្រង​ទាំងនេះ ត្រូវបាន​អនុវត្ត ពង្រឹង និង​ត្រួតពិនិត្យ​យ៉ាង​តឹងរឹង​។​”

​លោក​បន្តទៀតថា ព្រៃឈើ​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ប្រភេទ​សត្វព្រៃ​កំពុង​រងគ្រោះ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ហើយ​ជាការ​ចាំបាច់​ណាស់​ក្នុង​កិច្ចការពារ​ប្រភេទ​សត្វ​ទាំងអស់នេះ ប្រសិនបើ​យើង​ចង់​ជួយសង្គ្រោះ​ប្រភេទ​សត្វ​ទាំងអស់នេះ​។ ព្រៃឈើ​ក៏​ផ្តល់​សេវាកម្ម​ធម្មជាតិ​សំខាន់ៗ ដូចជា​ធនធានធម្មជាតិ​សម្រាប់​ជីវភាព​របស់​សហគម​ន៍​មូលដ្ឋាន រួមមាន​ផលិតផល​អនុផល​ព្រៃឈើ​ដូចជា​ប្រភេទ​រុក្ខជាតិ​ឱសថ ទឹកឃ្មុំ និង​ជ័រ​ឈើ​។ ព្រៃឈើ​ក៏មាន​សារសំខាន់​ក្នុងការ​ចាប់យក និង​ស្តុក​ទុក​កាបូន ព្រមទាំង​ការពារ​ទឹកជំនន់ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះរាំងស្ងួត​។ ដូច្នេះហើយ ព្រៃឈើ​ដែលជា​ម្រ​ក​ទាំងនេះ​មានគុណ​តម្លៃ​យ៉ាងខ្លាំង​សម្រាប់​ការអភិរក្ស និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៃ​ប្រទេស​កម្ពុជា​។​

​លោក​បន្ថែមថា​អង្គការ WWF-​កម្ពុជា ប្តេជ្ញាចិត្ត​ក្នុងការ​គៀងគរ​ធនធាន និង​សមត្ថភាព​ក្នុង​ការគាំទ្រ​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព និង​ការពារ​ទីតាំង​តំបន់​ការពារ​នានា​សម្រាប់​ជំនាន់​បច្ចុប្បន្ន និង​ជំនាន់​ក្រោយ​។​

​យោងតាម​អង្គការ​WWF-​កម្ពុជា​គឺ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ដែលមាន​ផ្ទៃដី​សរុប ៣.៧៣.០០០ ហិកតា ជា​ជម្រក​សម្រាប់​ប្រភេទ​សត្វ​កំពុង​រងគ្រោះ​ជាស​កល​ជាច្រើន​ដូចជា ដំរី​អាស៊ី ខ្លារខិន ខ្លា​ពពក ទន្សោង ត្រយង​យក្ស ត្រយង​ចង្កំ​កស និង​ក្រពើ​ភ្នំ​។ វា​ធ្លាប់ជា​ជម្រក​របស់​សត្វ​ខ្លាធំ ហើយ​វា​ត្រូវបាន​រដ្ឋាភិបាល​កំណត់​ជាទី​តាំង​អាទិភាព​សម្រាប់​កម្មវិធី​ស្តារ​សត្វ​ខ្លាធំ​ឡើងវិញ​។ បន្ថែម​លើស​នេះ​ទៀត វា​ក៏មាន​សារសំខាន់​ផងដែរ ក្នុង​បរិបថ​សង្គម និង​វប្បធម៌​របស់​សហគម​ន៍​ជនជាតិដើម​ភាគតិច​ដែល​រស់នៅក្នុង​ដែន​អាណាចក្រ​ព្រៃឈើ​៕