​ដោយសារ​សង្គ្រាម​ទើប​ខ្ញុំ​បានមក​រស់នៅ​ស្រុក​វាលវែង​

1123
ចែករម្លែក
  • 88
    Shares

ដោយ ៖ សុខ វណ្ណៈ អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​ស្រុក​វាលវែង​ស្ថិតនៅក្នុង​ខេត្តពោធិសាត់ និង​មាន​ចម្ងាយ​ប្រមាណ​១៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ដោយ​យើង​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​លេខ​ជាតិ​៥៥​។ ស្រុក​វាលវែង​ពី​សម័យ​ខ្មែរក្រហម​ស្ថិតនៅក្នុង​តំបន់​៦ ភូមិភាគ​ពាយ័ព្យ​។ ស្រុក​នេះ​សម្បូរ​ទៅដោយ​ព្រៃ និង​ឈើ​ល្អៗ​ជាច្រើន​ប្រភេទ ដូចជា បេង នាងនួន ធ្ន​ង ស្រឡៅ កកោះ និង​ក្រញូង ជាដើម​។​

រូបខាងស្តាំ ៖ គីម ឡៃ កំពុងផ្តល់បទសម្ភាសន៍ដល់

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រុក​វាលវែង​ក៏​សម្បូរ​សត្វព្រៃ​ជាច្រើន​ប្រភេទ ដែរ​ដូចជា ដំរី ខ្លា ទន្សោង ខ្ទីង ឈ្លូស ជ្រូកព្រៃ​ដោយសារ​តំបន់​នេះ​សម្បូរ​ជ្រោះ និង​ភ្នំ​។ ស្រុក​វាលវែង​មាន​ភូមិសាស្ត្រ​ខាងកើត​ជាប់​ស្រុក​ក្រវ៉ា​ញ ខាងជើង​ជាប់​ស្រុក​សំឡូត​ក្នុង​ខេត្តបាត់ដំបង ខាងត្បូង​ជាប់​ខេត្តកោះកុង និង​ខាងលិច​ជាប់ ខេត្ត​ត្រាត ប្រទេស​ថៃ​។​

​សព្វថ្ងៃ​ស្រុក​វាលវែង មាន​ឃុំ​ចំនួន​ប្រាំ ដូចជា ឃុំ​អន្លង់​រាប ឃុំ​ក្រពើ​ពីរ ឃុំ​ប្រ​ម៉ោ​យ និង​ឃុំ​ថ្មដា​។ ប្រជាជន​ចំណូល​ថ្មី​ដែល​បាន​ចូលមក​រស់នៅ​តំបន់​វាលវែង​នេះ ភាគច្រើន​គឺជា​អតីត​យោធា និង​កម្មាភិបាល​ខ្មែរក្រហម ដែល​បាន​រត់​ភៀសខ្លួន​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​ឆ្នាំ​១៩៧៩ និង​ក្នុងអំឡុង​សង្គ្រាមស៊ីវិល​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។

​គឹម ឡៃ គឺជា​អតីត​នារី​ពេទ្យ​ខ្មែរក្រហម​ម្នាក់ ដែល​បាន​ចូលមក​រស់នៅ​ស្រុក​វាលវែង​តាំងពី​ឆ្នាំ​១៩៨៥ រហូតដល់​បច្ចុប្បន្ន​។ សព្វថ្ងៃ គឹម ឡៃ មាន​អាយុ​៦៣​ឆ្នាំ បាន​រៀបរាប់ថា ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែ ស្រុក​ក្រចេះ ខេត្តក្រចេះ​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ គង់ កឺ​ប ម្តាយ​ឈ្មោះ ប៉ាន់ សា​មីន និង​មាន​បងប្អូន​ពីរ​នាក់ ស្រី​មួយ ប្រុស​មួយ​។ ឪពុកម្តាយ​ខ្ញុំ ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​នៅពេលនោះ​។ ខ្ញុំ​បានរស់នៅ​ជាមួយ​ឪពុកម្តាយ​របស់ខ្ញុំ និង​បាន​រៀនសូត្រ​នៅ​សាលាបឋមសិក្សា​ថ្ម​គ្រែ​បាន​ត្រឹម​ថ្នាក់​ទី​១០(​ចាស់​)​។ ក្រោយមក ខ្ញុំ​បាន​ឈប់រៀន​ដោយសារ​ប្រទេសជាតិ​មាន​សង្គ្រាម និង​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៧០​។ នៅពេលនោះ​សង្គ្រាម​ក៏​ចាប់ផ្តើម​ផ្ទុះឡើង​កាន់តែខ្លាំង​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ចលនា​បដិវត្តន៍​របស់​ខ្មែរក្រហម និង​ទាហាន​វៀត​កុង (​វៀតណាម​ខាងជើង​) ក៏បាន​ចូលមក​ក្នុងភូមិ​កាន់តែច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាជនមាន​ការភ័យខ្លាច​យ៉ាងខ្លាំង​។ ចំណែក​កងទ័ព​ខាង​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​របស់ លន់ នល់ ក៏បាន​វាយប្រហារ និង​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​របស់​ខ្មែរក្រហម និង​វៀត​កុង​ទាំងនោះ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ការទម្លាក់​គ្រាប់​នោះបាន​បណ្តាល​ឲ្យ​ប្រជាជន​រងរបួស និង​ស្លាប់​ជាច្រើន​នាក់​ទៅវិញ​។ ស្របពេលនោះ កម្លាំង​យុវជន​រស់នៅ​ក្នុងភូមិ​ខ្លះ​ក៏ត្រូវ​បាន​កងទ័ព លន់ នល់ កេណ្ឌ​យកទៅ​ធ្វើ​ទាហាន និង​បញ្ជូន​ឲ្យ​ឡើងទៅ​ប្រយុទ្ធ​នៅលើ​សមរភូមិ​ដែរ​។​

​ខ្ញុំ​បាន​ស្ម័គ្រ​ចូលរួម​ជាមួយ​ចលនា​បដិវត្តន៍​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧០ បន្ទាប់ពី​រដ្ឋប្រហារ​ទ​ម្លា​ក់​សម្តេចព្រះ​នរោត្តម សីហនុ ភ្លាមៗ​។ ចូល​ដំបូង ខ្ញុំ​នៅក្នុង​អង្គភាព​សមាគមនារី​ភូមិ​។ មកដល់​ឆ្នាំ​១៩៧១ អង្គការ​ចាត់តាំង​ខ្ញុំ​ឲ្យ​ចូល​អង្គភាព​មន្ទីរពេទ្យ​ស្រុក ដើម្បី ជួយ​ព្យាបាល​ប្រជាជន និង​កង​យុវជន​-​យុវនារី​នៅតាម​អង្គភាព ដែលមាន​ជំងឺ និង​រងរបួស​ដោយសា​រ​ឡើងទៅ​ប្រយុទ្ធ​តទល់​នឹង​កងទ័ព​រប​ស់ លន់ នល់​។ កាលនោះ​មន្ទីរពេទ្យ​មិនមាន​ថ្នាំ​ល្អៗ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ទេ ថ្នាំ​ភាគច្រើន​ផលិត​ខ្លួនឯង​ដោយ​យក​ឫស ឈើ​មក​ផ្សំ សូន្យ​ជា​គ្រាប់​សម្រាប់​អ្នកជំងឺ​លេប​។​

​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៤ ខ្ញុំ​ត្រូវបាន​អង្គការ​បញ្ជូនមក​ធ្វើការ​នៅ​មន្ទីរពេទ្យ​តំបន់​៥០៥ ដែល​កាលនោះ​គណៈ​តំបន់​ឈ្មោះ យី គួ​ន បាន​ចាត់តាំង​ឲ្យ​បុគ្គលិក​មន្ទីរពេទ្យ​ទាំងអស់​យកចិត្តទុកដាក់​ព្យាបាល​អ្នករបួស​ជា​យោធា​ខ្មែរក្រហម​ដែល​វាយ​ប្រយុទ្ធ​ជាមួយ​កងទ័ព លន់ នល់​។​
​នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ពេល​របប​ខ្មែរក្រហម​ឡើងកាន់​អំណាច​ទូទាំងប្រទេស អង្គការ​បាន​ចាត់តាំង​អង្គភាព​យោធា​មួយចំនួន​ធ្វើស្រែ ខ្លះ​បាន​ធ្វើជា​កម្មករ​រោងចក្រ ខ្លះទៀត​ទៅ​ការពារ​ព្រំដែន​នៅ​ខាង​ស្រុក​ស្នួល ខេត្តក្រចេះ​។ ខ្ញុំ​មាន​វាសនា​បានធ្វើ​នារី​ពេទ្យ​ប្រចាំ​តំបន់​៥០៥ ដដែល ដែល​កាលនោះ​មាន​បុគ្គលិក​ពេទ្យ​សរុប​ទាំងប្រុស​ទាំងស្រី​មាន​ចំនួន​៣០០​នាក់ ដោយ​រាប់បញ្ចូល​ទាំង​អង្គភាព​ព្យាបាល​ជំងឺ​ទូទៅ អង្គភាព​ពេទ្យ​ផ្នែក​ផលិត​សេរ៉ូម និង​អង្គភាព​ស្លថ្នាំ​។ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៧៧ ប្រជាជន​ភាគច្រើន​កើត​ជំងឺ​ហើម ដោយសារ​ខ្វះខាត​អាហារ​រូប​ត្ថ​ម្ភ ធ្វើការ​ងារ​លើស​កម្លាំង និង​ហូប​អាហារ​គ្មាន​អនាម័យ​ជាដើម​។ នៅ​ឆ្នាំ​១៩៧៨ ពេល​មាន​កម្មាភិបាល​ភូមិ​និរតី​ចូលមក​គ្រប់គ្រង​តំបន់​៥០៥ កម្មាភិបាល​ខ្មែរក្រហម​ចាស់​ដែល​ធ្លាប់បាន​គ្រប់គ្រង​តំបន់​៥០៥ មួយចំនួន ត្រូវ​អង្គការ​ចាប់ខ្លួន​ដោយ​មិន​បានដឹង​មូលហេតុ​។ មិនយូរប៉ុន្មាន​អង្គការ​បាន​ចាប់ខ្លួន​ប្រធាន​មន្ទីរពេទ្យ​មួយចំនួន​ថែមទៀត រួមមាន​ឈ្មោះ រស់ (​អនុ​ធន​សិស្ស​) ឡែ​ម (​ភេទ​ស្រី​) នាថ និង យ៉ា​ត​។ នៅ​ឆ្នាំ​១៩៧៨ បុគ្គលិក​នៅ​អង្គភាព​ពេទ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដោយសារ​ការបន្ត​ចាប់ខ្លួន​នេះ​។ នៅ​ខណៈនោះ​ក៏មាន​យោធា​រងរបួស​កាន់តែច្រើន​ដោយសារ​ការឡើង​ទៅ​វាយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម ត្រូវបាន​បញ្ជូន​តាម​ឡាន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តំបន់​ស្ទើរ​រាល់ថ្ងៃ ហើយ​អ្នករបួស​ខ្លះ​ក៏ត្រូវ​បាន​ដឹក​តាម​កាណូត​បន្តទៅ​ព្យាបាល​នៅ​ភ្នំពេញ​ទៀត​។ ទោះបី​ក្រុមគ្រូពេទ្យ​ខិតខំ​ជួយ​ព្យាបាល​យ៉ាងណាក៏ដោយ​ក៏​នៅមាន​អ្នករងរបួស​ស្លាប់​ច្រើន​ដែរ ដោយសារ​ខ្វះ​ថ្នាំពេទ្យ​ព្យាបាល​។ សាកសព​ទាំងនោះ​ភាគច្រើន​មាន​វ័យក្មេង ត្រូវបាន​ដឹកជញ្ជូន​តាម​ឡាន​យកទៅ​កប់​ដោយ​មិនមាន​សាច់ញាតិ ឬ​កូនចៅ​មក​ទទួល​ឡើយ​។​

​ខ្ញុំ​បានធ្វើការ​នៅ​មន្ទីរពេទ្យ តំបន់​៥០៥ រហូតដល់​ឆ្នាំ​១៩៧៩ ពេល​កងទ័ព​វៀតណាម​វាយ​ចូលមក​ប្រទេស​កម្ពុជា​។ ពេលនោះ ខ្ញុំ​មិន​ហ៊ាន​រត់​ត្រឡប់​ទៅរក​ស្រុកកំណើត​ដើម្បី​ជួប​ឪពុកម្តាយ​បងប្អូន​ឡើយ ដោយ​ទី​១) ខ្ញុំ​គិតថា ខ្ញុំ​គឺជា​កម្មាភិបាល​ពេទ្យ ដូច្នេះ​ខ្លាច​កងទ័ព​វៀតណាម​ចាប់ និង​ធ្វើបាប​។ ទី​២) ខ្ញុំ​គិតថា ប្រជាជន​ស្អប់​កម្មាភិបាល​ខ្មែរក្រហម​ធ្លាប់​ធ្វើបាប​ខ្លួន ដូច្នេះហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​រត់​ចូល​ព្រៃ​ម្តងទៀត​ជាមួយ​នារី​ពេទ្យ​ខ្មែរក្រហម​រាប់រយ​នាក់​ទាំង​មិន​ស្គាល់​ទិស​តំបន់​។ កាលនោះ ខ្ញុំ​មាន​អាយុ​ទើបតែ​២០​ឆ្នាំ​ប៉ុណ្ណោះ​។ នៅក្នុង​ព្រៃ​ខ្ញុំ​បាន​ជួប​រឿងរ៉ាវ​ជាច្រើន​ដែល​យើង​មិន​នឹកស្មាន​ដល់​។ ខ្ញុំ​បានឃើញ​មនុស្ស​ជាច្រើន​បាន​ស្លាប់ អ្នកខ្លះ​ស្លាប់​នៅលើ​អង្រឹង អ្នកខ្លះ​ស្លាប់​នៅក្រោម​ដើមឈើ​ជាដើម​។ អ្នក​ទាំងនោះ ស្លាប់​ដោយសារតែ​ខ្វះ​ទឹក អត់​អាហារ និង​កើត​ជំងឺគ្រុនចាញ់​។ ខ្ញុំ​មានសំណាង​បាន​រត់​ចូល​ព្រៃ​ជាមួយ​អង្គភាព​ពេទ្យ​សរុប​ជាង​៣០០​នាក់ ប៉ុន្តែ​ក្រោយមក​សមាជិក​ពេទ្យ​ខ្លះទៀត​បាន​រត់​បែក​គ្នា និង​ខ្លះទៀត​បាន​ស្លាប់ នៅសល់​សមាជិក​សរុប​ប្រហែល​៥០​នាក់​ប៉ុណ្ណោះ បាន​ឡើងដល់​ភ្នំ​ដងរែក សំដៅ​មក​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ខ្ញុំ​បាន​ជួប តា​ម៉ុក នៅពេលដែល តា​ម៉ុក កំពុង​ប្រមូល​កម្លាំង​យុវជន​យុវនារី​ទាំងអស់​ឲ្យ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​កងទ័ព​វៀតណាម​។ ខ្ញុំ បាន​ចូល​អង្គភាព​យោធា ក្នុង​កងពល​៦១២ ដែលមាន​ប្រធាន​កងពល​ឈ្មោះ តា​ហឿន និង​តា​ឈាន​។​

​នៅ​ឆ្នាំ​១៩៨២ តា​ម៉ុក បានរៀបចំ​ឲ្យ​ខ្ញុំ​មាន​ប្តី​ឈ្មោះ ជ័យ សារី​។ បន្ទាប់ពី​រៀបការ​រួច តា​ម៉ុក បាន​បញ្ជូន​ខ្ញុំ​និង​ប្តី​ទៅ​សមរភូមិ​កោះកុង​ដើម្បី​វាយ​ប្រយុទ្ធ​តទល់​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល និង​កងទ័ព​វៀតណាម​។ នៅ​ទីនោះ ខ្ញុំ​មាន​ផ្ទៃពោះ​កូន​បី​ខែ ចំពេល​ដែល​អង្គ​ការចាត់​តាំង​ប្តី​របស់ខ្ញុំ​ឲ្យ​ចុះទៅ​ធ្វើការ​នៅ​សមរភូមិ​ខេត្តពោធិសាត់ ខេត្តបាត់ដំបង និង​ខេត្តកំពង់ឆ្នាំង​។ នៅពេល​ប្តី​របស់ខ្ញុំ​ត្រឡប់មកវិញ ខ្ញុំ​កើត​បាន​កូនស្រី​មួយ​អាយុ​ពីរ​ខែ​រួចទៅហើយ​។ នៅពេលដែល​កូន​របស់ខ្ញុំ​ធំ​បន្តិច ខ្ញុំ​ត្រូវ​ជួយ​ជញ្ជូន​គ្រាប់​ទៅ​ឲ្យ យោធា​ខ្មែរក្រហម​នៅ​សមរភូមិ​មុខ​។ នៅ​ឆ្នាំ​១៩៨៥ កងទ័ព​វៀតណាម​បាន​វាយ​សម្រុក​យ៉ាងខ្លាំង​ក្លា​ទៅលើ​មូលដ្ឋាន​យោធា​របស់​ខ្មែរក្រហម ធ្វើ​ឲ្យ​យោធា និង​គ្រួសារ​ខ្មែរក្រហម​រត់​ភៀសខ្លួន​ចូលទៅក្នុង​ទឹកដី​ថៃ​។ ខ្ញុំ​និង​កូន​បានរ​ត់ទៅ​រស់នៅ​ជំរំ​សុខសាន្ត​បាន​មួយរយៈ​ទើប​ត្រឡប់មក​រស់នៅ​ស្រុក​វាលវែង ខេត្តពោធិសាត់​វិញ​។ ពេល​ខ្ញុំ​មកដល់​ដំបូង ខ្ញុំ​សង្កេតឃើញ​ស្រុក​នេះ​មាន​ព្រៃឈើ​ដុះ​ជុំជិត និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​។ ទោះបី​ខ្ញុំ​ត្រឡប់មក​រស់នៅក្នុង​ទឹកដី​ខ្មែរ​ហើយក៏​ដោយ ក៏​នៅពេលនោះ​សង្គ្រាម​នៅតែ​បន្ត ឡើង ហើយ​ប្តី​របស់ខ្ញុំ​ត្រូវ​ចេញទៅ​ប្រយុទ្ធ​នៅ​សមរភូមិ​មុខជា​ញឹកញាប់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ព្រួយបារម្ភ​ជានិច្ច​។ លុះត្រាតែ​បានឃើញ​ប្តី​របស់ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ ទើប​ខ្ញុំ​បាន​ធូរស្បើយ និង​សប្បាយចិត្ត​។​

​នៅ​ឆ្នាំ​១៩៩៣ ទោះបី​មានការ​រៀបចំ​បោះឆ្នោត​ដែល​ចូលរួម​ពី​គ្រប់ភាគី​ជម្លោះ​និង​ពាក់ព័ន្ធ​ដែល​រៀបចំឡើង​ដោយ​អង្គការសហប្រជាជាតិ​ក៏ដោយ ក៏​កម្លាំង​ខ្មែរក្រហម​មិន​ព្រម​ចូលរួម​ដែរ ហើយ​បានធ្វើ​សង្គ្រាម​បន្តទៀត​។ នៅ​ឆ្នាំ​១៩៩៦ កម្មាភិបាល និង​យោធា​ខ្មែរក្រហម​មួយចំនួនធំ នៅ​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់ អៀង សារី បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​នៅ​ភ្នំពេញ​។ ចំណែក​កម្មាភិបាល និង​យោធា​ខ្មែរក្រហម​មួយចំនួនទៀត​ដែល​មិន​ទុកចិត្ត​រដ្ឋាភិបាល និង​ការ​ចុះចូល​នេះ ក៏បានរ​ត់ទៅ​ចូលរួម​ជាមួយ តា​ម៉ុក នៅ​អន្លង់វែង និង​មួយចំនួនទៀត​បានមក​នៅ​ខាង​ស្រុក​វាលវែង​។​
​មកដល់​ឆ្នាំ​១៩៩៨ ទើប​កម្លាំងយោធា​ដែល​នៅ​សេសសល់​ចុងក្រោយ​របស់​ខ្មែរក្រហម​នៅ​តំបន់​អន្លង់វែង បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​ភ្នំពេញ ក្រោម​គោលនយោបាយ​ធានា​នូវ​អាយុជីវិត ទ្រព្យសម្បត្តិ តួនាទី​ដល់​អតីត​យោធា​ខ្មែរក្រហម​ទាំងនោះ​។ ខ្ញុំ​បាន​សប្បាយរីករាយ​យ៉ាងខ្លាំង ព្រោះ​បានរស់នៅ​ជួបជុំ​ប្តី និង​កូនៗ​វិញ​។ ខ្ញុំ​បាន​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​នៅ​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិសាត់ ទោះបី​មាន​ជីវភាព​មិនសូវ​ធូរធា​ក៏ដោយ​។ ចំណែក​កូនចៅ​របស់ខ្ញុំ​ក៏​អាច​ចូលរៀន​នៅ​សាលា ហើយ​ខ្ញុំ​ក៏​អាច​ទៅ​វត្ត​ធ្វើបុណ្យ ទៅ​មន្ទីរ​ព្យាបាល​ជំងឺ និង​ទៅ​ផ្សារ​ទិញ​របស់របរ​ដែ​រ​៕ ល​