«​ដំណាប់​បណ្ដូល​ពេជ្រ​» ជា​របរ​ដ៏​ទាក់ទាញ​របស់​អ្នកភូមិ​នៅ​ស្រុក​កណ្ដាលស្ទឹង​

1660

​បងប្អូន​មួយចំនួន ទំនង​ពុំដែល​ឃើញ ឬ​រឹតតែ​ពុំ​ធ្លាប់​ភ្លក្ស​ឡើយ​នូវ​ដំណាប់​បណ្ដូល​ពេជ្រ​។ ដំណាប់​បណ្ដូល​ពេជ្រ ដែល​កែច្នៃ​ពី វ​ល្លិ៍​បណ្ដូល​ពេជ្រ ដ៏​ល្វីង ជា​ដំណាប់​មួយ​មុខ​ក្នុងចំណោម​ដំណាប់​ប្រពៃណី​ជាច្រើន​ទៀត ដូចជា ដំណាប់​ផ្លែ​បាស ល្ហុង និង​ដំណាប់​ក្រូចសើច របស់​អ្នក ភូមិ​ត្រពាំង​សំរឹទ្ធ ស្ថិតនៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​


(​តំណាប់​បណ្តូល​ពេជ្រ​ដែល​កំពុង​ដាក់លក់​ជាមួយ​តំណាប់​ផ្សេងទៀត​/​រូបភាព​៖ រុងរឿង ចិន្ដា​)

អ្នកស្រី តូ សុខលី ជា​អ្នកភូមិ​មួយរូប​ដែល​បាន​ចេះ​ចាំ​នូវ​វិធី​ធ្វើ​ដំណាប់​ទាំងនេះ តាំងពី​ធំ​ដឹងក្ដី​មកម្ល៉េះ​។ អ្នកស្រី​ពោលថា ដំណាប់​នេះ មាន​យូរយា​ណាស់​មកហើយ​។ អ្នកភូមិ​អ្នកស្រី តែង​ធ្វើ​ដំណាប់​តៗ​គ្នា មិនដឹង​តាំងពី​ពេលណា​មក​ឡើយ​។ ថ្វីបើ​វា​សម​ញ្ញ​សម្រាប់​អ្នកស្រុក​នេះ តែ​ស្ត្រី​រូបនេះ​អះអាងថា ប្រជាជន​មកពី​តំបន់​ផ្សេង តែង​ចាប់អារម្មណ៍ នឹង​ចម្លែក​ចិត្ត​ចង់​ទិញ​ភ្លក្ស​សាក​នូវ​ដំណាប់ បណ្ដូល​ពេជ្រ ដែល​ពួកគេ ធ្លាប់តែ​ដឹងថា​មាន​រសជាតិ​ដើម​ល្វីង​នោះ​។​


(​អ្នកស្រី តូ សុខលី កំពុង​លក់​ដំណាប់​ផ្លែឈើ​/ រូបភាព​៖ រុងរឿង ចិន្ដា​)

​ធ្លាប់ធ្វើ​លក់​តាំងពីក្មេង ស្ត្រី​វ័យ​៣៥​ឆ្នាំ​បន្ថែមថា ជាទូទៅ​ប្រជាជន​មួយចំនួន​ក្នុងភូមិ និយម​ធ្វើ ដំណាប់​បណ្ដូល​ពេជ្រ និង​ដំណាប់​ផ្សេងៗ​ទៀត លក់​នៅតាម​វត្ត រាល់​រដូវ​បុណ្យប្រពៃណី​ធំៗ ដូចជា​ភ្ជុំ និង​កឋិន ដែលជា​បុណ្យ​សម្បូរ​មនុស្សម្នារ​បំផុត​សម្រាប់ អ្នក​ជនបទ​ដូច​អ្នកស្រី​។ អ្នកស្រី​ពន្យល់​ថែម​ទៀតថា ដំណាប់​បណ្ដូល​ពេជ្រ ស្នាដៃ​អ្នកភូមិ​នេះ ផ្អែម​ដូច​ដំណាប់​ផ្សេងៗ​ដែរ តែ​គេ​ជឿថា​ទំនង មានគុណ​ប្រយោជន៍​ក្នុងការ​ទទួលទាន ត្បិត វ​ល្លិ៍​បណ្ដូល​ពេជ្រ ជា​ថ្នាំ​ត្រជាក់ ដែល​ប្រជាន​ជន​ខ្មែរ​តាម​ស្រែក​ម្ការ និយម​ធ្វើជា​ថ្នាំបុរាណ ថ្នាំ​ត្រាំ​ស្រា​ជំនួយ​សុខភាព ជាដើម​។ បើតាម អ្នកស្រី តូ សុខលី ឲ្យ​ដឹង​ទៀតថា ក្រៅ​តែ​ជា​របរ​បន្ទាប់បន្សំ​ក្នុងភូមិ សហគម​អ្នកស្រី​ក៏​ធ្លាប់​នាំយក​ដំណាប់ បណ្ដូល​ពេជ្រ​នេះ រួម​នឹង​ដំណាប់​ផ្សេងៗ​ទៀត​ប្រចាំ​តំបន់​ដូចជា ដំណាប់​ផ្លែ​បាស ល្ហុង និង​ដំណាប់​ក្រូចសើច ទៅ​តាំង​បង្ហាញ ក្នុង​ពិ​ពណ៍​ផលិតផល​ខ្មែរ​នៅ​ភ្នំពេញ​ផងដែរ នាពេល​កន្លងមក ដោយ​ទទួល​ការចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​ទូទៅ​៕​អត្ថបទ​៖ រុងរឿង ចិន្ដា /sn​