​ដំណាំ​ខាត់ណា​ផ្កា​ធ្វើឱ្យ​កសិករ​អាច​រកចំណូលបាន​ប្រចាំថ្ងៃ​

5738

(​ព្រះវិហារ​)៖​ប្រជាកសិករ​មួយចំនួន​ក្នុងភូមិ​ជាំ​ក្សាន្ត​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ក្រៅពី​មុខរបរ​ធ្វើស្រែ​ចម្ការ​ពួកគាត់​បាននាំគ្នា​ដាំ​ដំណាំ​ខាត់ណា​ផ្កា​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​ផ្កា​ខាត់ណា​ជា​ដំណាំ​ផ្កា​មួយ​ប្រភេទ​ដែល​គេ​យកទៅ​ធ្វើជា​ម្ហូប​បាន​ច្រើន​មុខ​និង​មានតម្លៃ​ខ្ពស់​ទៀតផង​។​

​ស្ត្រី​ម្នាក់​ឈ្មោះ ជុំ ម៉ាលី​ស រស់នៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​បាន​រៀបរាប់ថា​រដូវប្រាំង​ចូលមក​ដល់ ពួកគាត់​តែងតែ​នាំគ្នា​ដាំ​ដំណាំ​និង​បន្លែ​ផ្សេងៗ​ជាពិសេស​បន្លែ​ប្រភេទ​ផ្កា​ខាត់ណា​ផ្កា​នេះ​តែម្តង​។​ស្ត្រី​ម្ចាស់​ចម្ការ​បាន​បន្តថា​ការដាំ​ដំណាំ​ខាត់ណា​ផ្កា​នេះ​គឺ​ងាយស្រួល​បំផុត​។​ណាមួយ​ពួកគាត់​អាច​យក​ផ្កា​ខាត់ណា​ផ្កា​នេះ​ទៅ​លក់​ក្នុង​ទីផ្សារ​ដោយ​តម្លៃ​បោះ​ដុំ​បាន​ចំនួន ៧.០០០​រៀល និង​លក់រាយ​បាន​តម្លៃ​១​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​។​
​ស្ត្រី​កសិករ​បាន​បន្តថា​គាត់​អាច​កាត់​បាន​ចាប់ពី​១០​ទៅ​២០​គីឡូក្រាម​ក្នុង​១​ថ្ងៃ​។​មុខរបរ​ដាំ​បន្លែ​ផ្កា​ខាត់ណា​ផ្កា​នេះ​ក៏បាន​ជួយ​ដល់​ជីវភាព​គ្រួសារ​គាត់​ឲ្យ​បាន​ធូរធារ​មួយកម្រិត​ទៀត​ដែរ​។​ក្នុងនោះ​មិនចាំបាច់​ធ្វើ​ចំណាកស្រុក​និង​លបលួច​ទៅ​ក្រៅប្រទេស​ឬ​ទៅ​កាប់​ឈើ​ដោយ​ខុសច្បាប់​នាំ​ឲ្យ​មានការ​ចាប់ចង​ពី​សំណាក់​ទាហាន​ថៃ និង​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។​ពួកគាត់​គ្រាន់​នៅផ្ទះ​ដាំ​ដំណាំ ដើម្បី​យកទៅលក់​នៅ​ទីផ្សារ ក៏​គាត់​អាច​ចិញ្ចឹម​គ្រួសារ​គាត់​ឲ្យ​រស់​បាន​ស្រួល​ដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា​បន្លែ​ផ្កា​ខាត់ណា​ផ្កា​ដែល​ប្រជាកសិករ​ដាំ​នេះ​គឺ​មិន​មានប្រើ​ជីគីមី​នោះទេ​។​ចំពោះ​ការ​កម្ចាត់​សត្វល្អិត​វិញ​គឺ​ពួកគាត់​បាន​លាយ​សំបក​ស្ដៅ​និង​បណ្តូល​ពេ​ជ្យ​យកទៅ​បាញ់​ពីលើ​ដំណាំ​ដើម្បី​សម្លាប់​និង​ការពារ​កុំ​ឲ្យ​មាន​ពពួកសត្វ​បំផ្លាញ​មក​ក្បែរ​បាន​៕S/​សៅ​វ៉ាន់ឌី​

​ដំណាំ​ខាត់ណា​ផ្កា​ធ្វើឱ្យ​កសិករ​អាច​រកចំណូលបាន​ប្រចាំថ្ងៃ​