​ដំណាំ​សណ្តែកបាយ​នៅ​ខេត្តព្រះវិហារ​ឆ្នាំនេះ​ទិន្នផល​ខ្ពស់​និង​តម្លៃ​ទីផ្សារ​ល្អប្រសើរ​

795
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រជាកសិករ​ដាំ​ដំណាំ​សណ្តែកបាយ​នៅ​ខេត្តព្រះវិហារ​ឆ្នាំនេះ​មាន​កម្លាំងចិត្ត​ក្នុងការ​បង្កបង្កើត​ផល​ដោយ​នៅលើ​ទីផ្សារ​ក្នុងស្រុក​ឆ្នាំនេះ​មាន​ហាងឆេង​ល្អ​ជាង​ឆ្នាំមុន​ស្របពេល​ឆ្នាំនេះ​ទទួលបាន​ទិន្នផល​ខ្ពស់​និង​គុណ​ភាពល្អ​ទៀតផង​។​

​លោក​វ៉ាន់​វុទ្ធី​កសិករ​ដាំ​សណ្ដែកបាយ​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​បានឱ្យដឹងថា​ឆ្នាំនេះ​គ្រួសារ​លោក​បាន​ដាំ​ដុះ​ដំណាំ​សណ្ដែកបាយ​លើ​ផ្ទៃដី​ចំនួន​៤​ហិកតា​។​ចាប់តាំងពី​លោក​ដាំ​ដុះ​រហូតមកដល់​ថ្ងៃ​ប្រមូល​ផល​ឃើញថា​ទទួលបាន​ទិន្នផល​ខ្ពស់​និង​គុណភាព​ល្អ​ជាង​ឆ្នាំមុនៗ​។​អាច​ប្រមូល​ផល​បាន​ប្រមាណ​ជិត​១​តោន​ក្នុង​១​ហិកតា​។​ព្រោះថា​ឆ្នាំនេះ​ពុំមាន​បាតុភាព​អ្វី​មក​យាយី​ដំណាំ​គាត់ ដូច​កាលពី​ឆ្នាំមុនៗ ដោយសារ​ដង្កូវ​ហ្វូង​នោះទេ​។​

​លោក​វ៉ាន់​វុទ្ធី​បាន​បន្តថា​ស្របពេល​នឹង​ទិន្នផល​ទទួលបាន​ច្រើន​តម្លៃ​ហាងឆេង​សណ្ដែកបាយ​ក្នុងស្រុក​ឆ្នាំនេះ​ក៏មាន​សន្ទុះ​ឡើងថ្លៃ ដែលមាន​ឈ្មួញ​មក​ទទួល​ទិញ​ដល់​កន្លែង មានតម្លៃ​ដល់​ទៅ​៣.៣០០​រៀល ទៅ​៣.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ទៅតាម​ប្រភេទ​គុណភាព​សណ្ដែក​។​បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ សណ្ដែកបាយ​មានតម្លៃ​ត្រឹមតែ ១.៦០០ ទៅ​១.៧០០​រៀល តែប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​។​

​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​មាន ប្រសាសន៍ថា បើទោះបី​អំណោយផល​ទឹកភ្លៀង​ឆ្នាំនេះ​មាន​ភាពយឺតយ៉ាវ​បន្ដិច​មែន​។​ប៉ុន្ដែ​បើ​គិត​ត្រឹម​ចុងខែ​មិថុនា​នេះ មាន​ភ្លៀង​ធ្លាក់​មក​គ្រប់គ្រាន់​ដំណាំ​រួម​ផ្សេងៗ​របស់​ប្រជាកសិករ​ក៏​លូតលាស់​បានល្អ​ជា​។​

​ពិសេស​ដំណាំ​សណ្ដែកបាយ​របស់​ប្រជាកសិករ​ឆ្នាំនេះ​ទទួលបាន​ទិន្នផល​ខ្ពស់​គុណភាព​ល្អ​និង​មានតម្លៃ​លើ​ទីផ្សារ​សមរម្យ​ដែល​អាចជួយ​លើកស្ទួយ​ជីវភាព​កសិករ​ឱ្យ​កាន់តែ​ធូរធារ​ថែមទៀត​មួយកម្រិត​ទៀត​។​ជាមួយនេះ លោក ពឹង ទ្រី​ដា ក៏បាន​បញ្ជាក់​ឱ្យដឹងថា ដំណាំ​សណ្ដែកបាយ នៅ​ទូទាំង​ខេត្តព្រះវិហារ មាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជាង​១​ម៉ឺន​ហិកតា​។​ស្រុក​ដែលមាន​ការដាំដុះ​ច្រើនជាងគេ​គឺមាន​នៅ​ស្រុក​សង្គម​ថ្មី ស្រុក​គូលែន ស្រុក​ត្បែងមានជ័យ និង​នៅ​ក្រុង​ព្រះវិហារ​។​

​លោក​បន្ដទៀតថា​ក្នុង​មួយ​រដូវ​បងប្អូន​ប្រជាកសិករ​ដាំ​ដំណាំ​សណ្ដែកបាយ​នេះ​អាច​ប្រមូល​ផល​បាន​២​ទៅ​៣​ដង​អាស្រ័យ​លើ​ការថែទាំ​បាន​ដិតដល់​។​អ្វីដែល​ចាប់អារម្មណ៍​ទៀត​នោះ​ក្រោយពី​ប្រមូល​ផល​សណ្ដែកបាយ​ចប់ កសិករ​យើង​តែងតែ​ដាំ​ដុះ​ដំណាំ​សណ្ដែកសៀង​បន្ដទៀត​។​

​គួរ​បញ្ជាក់ថា សណ្តែកបាយ​ជា​មុខទំនិញ​កសិផល​មួយ​ប្រភេទ​រក្សា​តម្លៃ​បានល្អ ទាំង​លើ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​ដូចជា​ប្រទេស​វៀតណាម​និង​ថៃ​ជាដើម​ដើម្បី​ចូល​រោងចក្រ​ផលិត​ចំណីអាហារ​ផ្សេងៗ​៕S/​