​ដំណាំ​ស្វាយចន្ទី​នៅ​ស្រុក​កំពង់សៀម​ទើប​ប្រមូល​ផល​បែរជា​សត្វល្អិត​ស៊ី​ដើម​ងាប់​

1032
ចែករម្លែក
  • 29
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​: ចម្ការ​ស្វាយចន្ទី​ចំនួន បួន ហិកតា​នៅជាប់​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន និង​កំពុង​ប្រឈម​បញ្ហា​សត្វល្អិត​ដង្កូវ​ដួង ស៊ី​ប្រមាណ​ជិត ១០០ ដើម​និង​បាន​ងាប់​អស់​ជិត​១០​ដើម​ខណ​:​ដែល​កំពុង​ប្រមូល​លើកដំបូង​នេះ​។​ប៉ុន្តែ​ម្ចាស់​ចម្ការ​បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​កសិកម្ម​ជួយ​អន្តរាគមន៍​ព្យាបាល​និង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ទៅ​ដើម​ស្វាយចន្ទី​ដទៃ​ផ្សេងទៀត​ដែល​កំពុង​ប្រមូល​ផល​នោះ​។​

​លោក​ជុំ​ម៉េង​លាង​វ័យ​៦៥​ឆ្នាំ​ជា​ម្ចាស់​ចម្ការ​ស្វាយចន្ទី​ដែល​កំពុងមាន​បញ្ហា​ដង្កូវ​ដួង​ស៊ី​បំផ្លាញ​នោះបាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៤​មករា​នេះ​ថា​ចម្ការ​ស្វាយចន្ទី​ចំនួន​បួន​ហិកតា​គឺ​កូន​របស់លោក​ទើបបាន​ទិញ​កាលពី​កាលពី​ពីរ​សប្តាហ៍​មុន គឺ​ដើម្បី​ទុក​ឲ្យ​លោក និង​ភរិយា មើល​មើលថែ ជាមួយ​ស្វាយកែវ​រមៀត​ចំនួន ពីរ ហិកតា​ទៀត ប្រមូល​ផល​លក់ សម្រាប់​ចាយវាយ​ខ្លួនឯង​។​

​ម្ចាស់​ចម្ការ​បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្តែ​លោក និង​ភរិយា​គ្មាន​ជំនាញ​ខាង​ដំណាំ​ប្រភេទ​នេះ​ទេ គឺ​កំពុង​ប្រមូល​ផល​រើស និង​បេះ​ផ្លែស្វាយ​ចន្ទី​បណ្តើរ កាប់​ព្រៃ​សម្អាត​ក្រោម​ដើម​វា​បណ្តើរ​។ កត្តា​នេះ​ធ្វើ​ឲ្យ​គ្រួសារ​លោក មានការ​បារម្ភ គឺ​គ្មាន​វិធី​ព្យាបាល​ប្រើប្រាស់​ថ្នាំ​បែបណា ដើម្បី​កម្ចាត់​ជំងឺ​សត្វ​ដង្កូវ​ដួង​ស៊ី ដើម លើ​គល់​ស្វាយចន្ទី​ចំនួន​ជាង ៧០ ដើម​កំពុងផ្តល់​ផល និង​ចំនួន ប្រាំពីរ ដើម​ផ្សេងទៀត​បាន​ងាប់​។​​លោក ម៉េង​លាង បាន​បន្តថា អាស្រ័យហេតុនេះ​សូម​សំណូមពរ ដល់​មន្ត្រី​ជំនាញ​កសិកម្ម មេត្តាជួយ​ពិនិត្យ​និង​ព្យាបាល​ដើម្បី​សង្គ្រោះ​ដើម​ស្វាយចន្ទី​ចំនួន​ជាង​៧០​ដើម​ដែល​ដង្កូវ​ដួង​កំពុងស៊ី​នោះ បានក្លាយ​ជាដើម​ស្វាយចន្ទី​មាន​សុខ​ភាពល្អ​ឡើងវិញ​។ ដោយ​ខណ​:​នេះ​ខាង​លោក​បាន​ប្រមូល​ផល ប្រហែល​មួយ​សប្តាហ៍​ហើយ គឺ​ទទួលបាន​គ្រាប់ស្វាយចន្ទី​ពី ពីរ ទៅ ១៤ គីឡូក្រាម​ក្នុង​មួយថ្ងៃ​។​

ជុំវិញ​បញ្ហា​សត្វ​ដង្កូវ​ដួង​ស៊ី​ដើម​ស្វាយចន្ទី​នៅក្បែរ​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​ស្រុក​កំពង់សៀម​នេះ​លោក កាតំ​ម សូ​ណាវ​ណ្ណ អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម បាន​ប្រាប់ថា ដើម្បី​កម្ចាត់​ដង្កូវ​ដួង​ស៊ី​ដើម​ស្វាយចន្ទី​នេះ​គឺ​យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់​ថ្នាំ​សម្លាប់​ពួកវា​។​ប៉ុន្តែ​សូម​ម្ចាស់​ចម្ការ​រង់ចាំ​ពេល​មាន​ភ្លៀង​ធ្លាក់​សិន​ដើម្បី​ចៀសវាង​ប៉ះពាល់​បរិស្ថាន​និង​ការប្រមូល​ផល​ស្វាយចន្ទី​។​

​មន្ត្រី​ជំនាញ​រូបនេះ​បាន​បន្តថា ប៉ុន្តែ​ជាដំបូង​នេះ​សូម​ឲ្យ​ម្ចាស់​ចម្ការ កាប់​សម្អាត​ក្រោម​ដើម​ស្វាយចន្ទី ដើម្បី​កុំ​ឲ្យ​សត្វ​ដង្កូវ​ដួង​ស៊ី​រាលដាល​ទៅ​ដើម​ផ្សេង​បន្តទៀត​។​ពិសេស​សូម​ឲ្យ​ម្ចាស់​ចម្ការ​ទំនាក់ទំនង​មក​ខាង​លោក ងាយស្រួល​ក្នុងការ​ផ្តល់យោបល់ ឬ​មន្ត្រី​ខាង​លោក​ចុះ​ដល់​ចម្ការ​តែម្តង​៕S/