​ដំណោះស្រាយ​សំរាម មហាជន​នៅ​ភ្នំពេញ​សូម​អបអរ​

440
ចែករម្លែក

កាលពី​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩ ក្នុងពេល​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​មកពី សាកលវិទ្យាល័យ​បៀ​ល​ប្រាយ នៅ​កោះ​ពេជ្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី មិន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ប្រមូល និង​គ្រប់គ្រង​សំរាម នៅ​រាជធានី​ភ្នំពេញ​ឡើយ ហើយ​រដ្ឋ​ត្រូវ​ដកយក​មក​គ្រប់គ្រង ក្នុង​រយៈពេល​អន្តរកាល​នេះ ដើម្បី​រៀបចំ​បែងចែក​តំបន់​ប្រមូល និង​ដឹកជញ្ជូន​សំរាម ហើយ​បើកឱកាស​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែលមាន​លទ្ធភាព និង​សមត្ថភាព​យ៉ាងហោចណាស់​បួន​ក្រុមហ៊ុន​ដើម្បី​ចូលរួម​ប្រកួតប្រជែង ដេញថ្លៃ​វិនិយោគ លើ​ការងារ​ប្រមូល និង​គ្រប់គ្រង​សំរាម ក្នុង​រាជធានី​ភ្នំពេញ បានល្អ​។ ​ទន្ទឹមនេះ​នៅ​យប់​ថ្ងៃទី​២២​ខែតុលា​ដដែល​សម្តេច​តេ​ជោ ក៏បាន​បង្ហោះ​សារ​មួយទៀត​ដែល​បញ្ជាក់ថា ចាប់ពី​ខែមករា​ឆ្នាំ​២០២០​តទៅ

នឹង​ដក​ចេញពី​ក្នុង​វិក្កយបត្រ​អគ្គិសនី​នូវ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​។​ហេតុផល​របស់​សម្តេច​គឺ​ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ប្រជាជន​ដែល​តែងតែ​ត្អូញត្អែរ​ពី​ការទារលុយ​ភ្ជាប់​គ្នា​នេះ​។​សម្តេច​តេ​ជោ​មាន​ប្រសា​ន៍​ថា រាល់ថ្ងៃ​ឮ​តែ​ពលរដ្ឋ​និយាយ​និង​រអ៊ូ​តែ​ពី​ក្រុមហ៊ុន​សំរាម​ស៊ិន​ទ្រី ។​គឺ​ក្រុមហ៊ុន​នេះ គ្មាន​សមត្ថភាព ធ្វើការ​តទៅទៀត​ទេ​។

សម្តេច​តេ​ជោ បាន​ចុះហត្ថលេខា​ឲ្យ​ប្រើប្រាស់​ទីតាំង​បី​នៅក្រៅ​ក្រុង​ថែមទៀត​ដើម្បី​សម្រួល​ដល់​ការប្រមូល​និង​គ្រប់គ្រង​សំរាម តែ​ក្រុមហ៊ុន​នេះ មិន​ធ្វើ​។ សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា ក្រុមហ៊ុន​ស៊ិន​ទ្រី​បាន​ចុះហត្ថលេខា​ប្រមូល ដឹកជញ្ជូន​សំរាម នៅ​ភ្នំពេញ តាំងពី​ជំនាន់ សំរាម​មាន​ពី ៣០០ ទៅ ៥០០​តោន​ក្នុង​មួយថ្ងៃ​ហើយ​ទំហំ​ក្រុងភ្នំពេញ​ពេលនោះ​មានតែ​ជាង ៣០០​គីឡូម៉ែត្រ​ការ៉េ​ទេ​។ តែ​ឥឡូវនេះ​សំរាម​បាន​កើនឡើង​ជាង ៣.០០០ តោន ក្នុង​មួយថ្ងៃ និង​ទំហំ​ទីក្រុង​របស់​យើង បាន​កើនឡើង​ប្រមាណ​ជាង ៦០០ គីឡូម៉ែត្រ​ការ៉េ​។ អីចឹង បើ​ទុក​ឲ្យ​ស៊ីន​ទ្រី គ្រប់គ្រង​តែឯង អត់​ទៅរួច​ទេ​។ ដាច់ខាត​ទៅ​មិន​រួច​ទេ​។ វ៉ៃ​ងាប់ ក៏​ទៅ​មិន​រួច​ដែរ​។​
​ ​
​ដូច្នេះ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បែងចែក​តំបន់​គ្រប់គ្រង និង​ប្រមូល​សំរាម យ៉ាងហោចណាស់​បួន​តំបន់ នៅ​ភ្នំពេញ ហើយ​ឲ្យ​មាន​ក្រុមហ៊ុន យ៉ាងតិច​បី​តែ​យល់​ល្អ​បួន​។ ការសម្រេច​ដកយក​ក្រុមហ៊ុន​ស៊ីន​ទ្រី មក​គ្រប់គ្រង​ដោយ​រដ្ឋ រួមទាំង​បុគ្គលិក ហើយនឹង​ទូទាត់​សង​ទៅ​ក្រុមហ៊ុន​នូវ​អ្វី​ទាំងឡាយណា ដែល​ក្រុមហ៊ុន​បាន​ចំណាយលុយ​ទិញ ដូចជា ឡាន​ដឹក​សំរាម ជាដើម គឺ​មិន​ឲ្យ​ក្រុមហ៊ុន​ខាត​ទេ នឹងត្រូវ​សម្តេច​តេ​ជោ ប្រកាស​សម្រេច​ជា​ផ្លូវការ​ក្នុង​កិច្ចប្រជុំ​ពេញ អង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា​នេះ ដោយ​ប្រគល់​ការដឹកនាំ​ធ្វើ​កិច្ចការងារ​នេះ ជូន​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​ជាមួយនឹង​ការប្រកាស​ខាងលើនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ព្រមាន​ទុកជាមុន​ថា ក្រោយពី​ដកយក​មក​គ្រប់គ្រង​ហើយ​រាជរដ្ឋាភិបាល​នឹង​បើកឱកាស​ដល់​ក្រុមហ៊ុន​យ៉ាងហោចណាស់​បួន​រួមទាំង​ក្រុមហ៊ុន​សំរាម​ស៊ិន​ទ្រី​ខ្លួនឯង ក៏មាន​សិទ្ធិ​ដាក់​ឯកសារ​ដេញថ្លៃ​ដែរ​។ តែ​ក្រុមហ៊ុន​មួយ មាន​សិទ្ធិ​ដេញថ្លៃ​តែមួយ​តំបន់​ទេ​។ រដ្ឋ​នឹង​កំណត់​បែង​ចែកជា បួន​តំបន់​ឲ្យ​ក្រុមហ៊ុន​នីមួយៗ គ្រប់គ្រង​ទៅតាម​តំបន់​របស់ខ្លួន​។

ទន្ទឹមនឹងនេះ ក៏​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ បញ្ចូល​គ្នា ជា​សម្ព័ន្ធ​ជាមួយគ្នា​ឡើយ​។ ក្រោយពី​ការប្រមូល និង​គ្រប់គ្រង​សំរាម​បាន​ហើយ សម្តេច​តេ​ជោ ក៏មាន​គម្រោង ដើម្បី​កែច្នៃ​សំរាម​ឲ្យ​ទៅជា​អគ្គិសនី សម្រាប់​យកមកប្រើ​ប្រាស់​ក្នុង​រាជធានី​ភ្នំពេញ​ទោះបី​ត្រូវ​ចំណាយ​ខ្ពស់​បន្តិច​ក្តី​គឺ​រាជរដ្ឋាភិបាល សុខចិត្ត​ចូលរួម​ចេញ​ខាត​ជាមួយ​ក្រុមហ៊ុន​អគ្គិសនី កែច្នៃ​សំរាម​នេះ​ផងដែរ​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ដាក់បទបញ្ជា​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ឆាប់​បំផុត​។ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​យើង អោយ​កាន់​តែមាន​សោភ័ណភាព​ស្រស់ស្អាត​ល្អ អនាម័យ​ខ្ពស់ និង​បរិស្ថាន​ល្អ ដោយ​ចូលរួម​សម្អាត​បរិស្ថាន ពិសេស​មិនត្រូវ​បោះចោល​សំរាម​ពាសវាល​ពាសកាល ក្រៅ​ធុងសំរាម​នោះទេ​។​

ចំណុច​មួយទៀត​គឺ​ការប្រកាស​ដក​តម្លៃ​សេវា​ចេញពី​វិក្កយបត្រ អគ្គិសនី​នេះ​ក៏​ជា​ចំណុច​ថ្មី​មួយទៀត​ដែល​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ស្វាគមន៍​ក្រៃលែង​ព្រោះនេះ​ជា​ចំណុច​មួយ​នៃ​បញ្ហា​ធំ​របស់​អ្នកប្រើប្រាស់​ភ្លើង​ផងដែរ​។​នោះ​គឺ​ដោយសារ​កន្លងមក​ការកំណត់​តម្លៃ​សេវា​ខ្លះ​គឺ​មិន​សមស្រប​នឹង​ស្ថានភាព​ជាក់ស្តែង​សម្រាប់​អ្នក​ត្រូវ​បង់​សេវា​ថ្លៃ​សំរាម​។​ប៉ុន្តែ​បញ្ហា​នៅត្រង់ថា បើ​ពលរដ្ឋ​មិន​បង់ថ្លៃ​សេវា​សំរាម​ជាមួយនិង​ការបង់ថ្លៃ​ភ្លើង​ទេវា​នឹងមាន​បញ្ហា​មួយទៀត​ទាក់ទង​នឹង​ការប្រើប្រាស់​ភ្លើង​។​បញ្ហា​នេះ​បាន​បង្កើត​ឲ្យ​មានការ​តវ៉ា​និង​ជម្លោះ​ជា​ញឹកញាប់​នៅពេល​អ្នកប្រើប្រាស់ ភ្លើង​មិន ព្រម​បង់​តម្លៃ​សេវា​សំរាម​ដូចដែល​ខាង​ក្រុមហ៊ុន​ស៊ិន​ទ្រី​កំណត់​។​

​ពិតណាស់​ដំណោះស្រាយ​ជា​កញ្ចប់​របស់​សម្តេច​តេ​ជោ​នាពេល ត្រូវបាន​មហាជន គាំទ្រ និង​អបអរសាទរ​យ៉ាង​ពេញទំហឹង​។ ជាមួយគ្នា​នោះ មហាជន ក៏បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​នីមួយៗ ត្រូវតែ​វិនិយោគ​លើ​ធុងសំរាម ដោយ​ដាក់ពង្រាយ​ធុងសំរាម ឲ្យ​មាននៅ​តាមផ្លូវ ហើយ​ទីតាំង​ធុងសំរាម ឲ្យ​ស្របទៅតាម​ទីតាំង​នីមួយៗ ដូចជា ទីតាំង​ទេសចរណ៍ ទីតាំង​លំនៅឋាន ហើយ​ក្នុង​ធុងសំរាម​ទាំងនោះ ក៏ត្រូវ​មាន​ថង់​ខ្ចប់ ដើម្បី កុំ​ឲ្យ​វា​ហូរ​ទឹក ចេញពី​ធុងសំរាម នាំ​ឲ្យ​ខូច​បរិស្ថាន​។

​មហាជន​បន្តថា​គ្រប់​ផ្លូវធំ​ទាំងអស់​ហើយ​និង​ផ្លូវ​តូចៗ​គឺ​ក្រុមហ៊ុន​ប្រមូល​សំរាម​នីមួយៗ ដែល​នឹង​ទទួលបាន​ការវិនិយោគ​គ្រប់គ្រង​ប្រមូល ដឹកជញ្ជូន​សំរាម តាម​តំបន់​នីមួយៗ​នៅ​ភ្នំពេញ​ក៏​គួរតែមាន​កិច្ចសន្យា យកប្រាក់​ចំណេញ​មួយផ្នែក​របស់ខ្លួន​ត្រូវ​វិនិយោគ​លើ​ធុងសំរាម បើ​មិន​អីចឹង​ទេ សំរាម នឹង​នៅ​បន្ត​ពាសវាល​ពាសកាល ពេល​ភ្លៀង នឹង​ហូរ​ចូល​លូ ហើយ​ពេល​ខ្យល់ នឹង​ហោះហើរ ប៉ើង​ពេញ​ផ្លូវ ដូច​សព្វថ្ងៃ ជាមិនខាន​។

​ដូច្នេះ​គោលការណ៍ ដែល​ប្រកាស​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​សំរាម​នៅ​ភ្នំពេញ នា​ថ្ងៃទី​២២ ខែតុលា ត្រូវបាន​មហាជន​ទូទៅ​សង្ឃឹមថា ផ្នែក​ពាក់ព័ន្ធ នឹងធ្វើ ដើម្បី​ឲ្យ​ទីក្រុង​ស្អាត​ទាំងអស់គ្នា ព្រោះ​បរិស្ថាន មិនមែន​មានតែ​នៅក្នុង​ព្រៃឈើ​ទេ គឺ​នៅក្នុង​ការរស់នៅ​របស់​មនុស្ស​។ បរិស្ថាន មិនមែន ដើម្បី​តែ​ថែទាំ​ជីវិត​សត្វ ឬ​អេកូឡូស៊ី​ខាង​តំបន់​ព្រៃភ្នំ​ទេ សូម្បី​ទីក្រុង ក៏​ត្រូវការ​ការរស់នៅ​ស្អាត​ដែរ​ព្រោះ​វា​ជាប់​នឹង​មនុស្ស​រាល់ថ្ងៃ​។

ជាមួយនឹង​វិធានការ​ដោះស្រាយ​របស់​ស​ម្តេច ប្រមុខ​រាជរដ្ឋាភិបាល​លើ​បញ្ហា​កកស្ទះ​សំរាម ដែល​រាជរដ្ឋាភិបាល​នឹង​ឲ្យ​មាន​ក្រុមហ៊ុន​ច្រើន​ប្រកួតប្រជែង​គ្នា​ក្នុង​ការប្រមូល​ដឹកជញ្ជូន​សំរាម​នៅ​ភ្នំពេញ ហើយក៏​គួរតែមាន​ការចូលរួម​ពី​ប្រជាជន​ដោយ​ខានមិនបាន​។ ប្រជាជន​យើង នៅតាម​ផ្ទះ តាម​ក្រុមហ៊ុន គួរតែ​វេច​ខ្ចប់​សំរាម ទុកដាក់​ឲ្យ​មាន​របៀប មាន​ថង់​ខ្ចប់ ឬ​ធុងសំរាម​ទុក​នៅ​កន្លែង​សមគួរ​ងាយស្រួល​ភ្នាក់ងារ បុគ្គលិក​ក្រុមហ៊ុន​មក​ប្រមូល ដឹកជញ្ជូន​សំរាម​។ តែ​ក្រុមហ៊ុន​ប្រមូល ដឹកជញ្ជូន​សំរាម ក៏​គួរតែ​ដាក់​ភ្នាក់ងារ ដឹកជញ្ជូន ប្រមូល​សំរាម​តាម​ផ្ទះ​ប្រជាពលរដ្ឋ និង​ទីសាធារណៈ ជាប្រចាំ រៀងរាល់ថ្ងៃ​ផងដែរ​។​
​ ​
​ទន្ទឹមនេះ​ការរៀបចំ​ទីតាំង​ចាក់សំរាម​ថ្មី​បន្ថែមទៀត​នោះ​គឺជា​ការចាំបាច់​និង​សមស្រប​ព្រោះ​ជាការ​យឺតយ៉ាវ​ខ្លាំងណាស់​ខណៈ​មាន​ទីតាំង​ចាក់សំរាម​តែមួយ​កន្លែង​ដូច​បច្ចុប្បន្ន​។​គេ​មិនអាច​ដឹក​សំរាម​ពី​ម្ខាង​ក្រុង​ទៅ​ម្ខាង​ក្រុង​ដើម្បី​ទៅ​ចាក់សំរាម​នោះទេ​។​បើ​គិតពី​ពេលវេលា​និង​ចំងាយ​ផ្លូវ​ឃើញថា មិន​សមស្រប​រួច​បាត់ទៅហើយ​។ ប្រជាពលរដ្ឋ​សង្ឃឹមថា តាមរយៈ​វិធានការ​ជា​កញ្ចប់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លើ​បញ្ហា​សំរាម​និង​តម្លៃ​សេវា​សំរាម​នៅ​ភ្នំពេញ​ពិតជា​នឹង រួមចំណែក​ដល់​ការដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​យ៉ាងពិត​ប្រាកដ​៕ ដោយៈ​ម៉េង​ឆៃ​