​តន្ត្រី​និង​ចម្រៀង​ខ្មែរ​បាន​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​អរិយធម៌​ដ៏​ផូរផង់​របស់​ជាតិ​

303
ចែករម្លែក

ដោយ បូកគោ​/​កំ​ពតៈ តន្ត្រី​និង​ចម្រៀង​ខ្មែរ​ដែលមាន​តាំងពី​យូរលង់​មកហើយ​តែងតែ​បង្ហាញ​នូវ​វប្បធម៌ អរិយធម៌​ដ៏​ផូរផង់​របស់​ជាតិ​រហូត​មានការ​ទទួលស្គាល់​ជា​សកល​តាមរយៈ​ការ​បង្កប់ន័យ​អប់រំ​សម្រាប់​កូនចៅ​គ្រប់​ជំនាន់​។

​ក្នុង​ពិធី​បើក​មហោស្រព​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥​រៀបចំឡើង​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពត កាលពី​ចុង​សប្តាហ៍​កន្លងទៅ លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត​បាន​បញ្ចា​ក់ថា​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បើ​គ្មាន​តន្ត្រី​និង​ចម្រៀង​ទេនោះ​ជាការ​ខ្វះចន្លោះ​មួយ​ចំពោះ​កូន​ខ្មែរ​ទូទៅ​។​

​ជានិច្ចកាល​កូន​ខ្មែរ​តែងមាន​ភ្លេង​កំដរ​និង​បាន​ស្តាប់​ចម្រៀង​តាំងពី​នៅក្នុង​អង្រឹង​តាមរយៈ​សំឡេង​ថ្នមៗ​របស់​អ្នក​ម្ដាយ​ដែល​បំពេ​រៀបរាប់​ពី​អតីតកាល​ដ៏​រុងរឿង​នៃ​ពូជសាសន៍​ឬ​រំលឹក​នូវ​ក្បួនច្បាប់​ផ្តោតលើ​សីលធម៌​ប្រពៃណី​ទំនៀមទម្លាប់​ក៏ដូចជា​ច្រៀង​លួងលោម​ឱ្យ​បុត្រាបុត្រី​សម្លឹង​ទៅរក​សេចក្តីសង្ឃឹម​នាពេល​អនាគត​ដ៏​ភ្លឺស្វាង​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​និយាយ​រួម​តន្ត្រី​និង​ចម្រៀង​ដែល​ខ្មែរ​មាន​តាំងពី​យូរលង់​មក​បាន​ឆ្លុះបញ្ចាំង​នូវ​វប្បធម៌​អរិយធម៌​ដ៏​ផូរផង់​របស់​ជាតិ​ហើយក៏​មានការ​ទទួលស្គាល់​ជាស​កល​នៅ​ទូទាំង​ពិភពលោក​ទៀតផង​។​នៅក្នុង​សង្គម​ខ្មែរ​គ្រប់​ពិធី​ប្រពៃណី​សាសនា​តែងមាន​តន្ត្រី​និង​ចម្រៀង​ដែល​ប្រជាជន​ខ្មែរ​និយម​ឱ្យ​តម្លៃ ហើយ​តែង​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ឆាកជីវិត​ម្នាក់ៗ​។

​លោក​គង់​ផល្លារ​បាន​អំពាវនាវ​ថា​មរតក​ដូនតា​ខ្មែរ​ដ៏​មហាសាល​ក្នុង​វិស័យនេះ​ទាមទារ​ដល់​កូន​ខ្មែរ​គ្រប់រូប​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ក្នុង​កិច្ច​អភិរក្ស​ដោយ​ការហ្វឹកហាត់​តាម​ក្បួនខ្នាត​ដើម្បី​ធានា​ជា​មូលដ្ឋាន​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​សម្រាប់​ដំណាក់កាល​សកលភាវូបនីយកម្ម​។​

ក្រៅពី​បើក​ដំណើរការ​ប្រឡង​ដើម្បី​ជ្រើសរើស​បេក្ខជន​ជ័យលាភី​ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់ជាតិ​មហោស្រព​ប្រឡង​ចម្រៀង​នាពេលនេះ​មាន​គោលបំណង​បំផុស​ដល់​យុវជន​យុវនារី​ឱ្យ​ស្រឡាញ់​និង​ចូលរួម​គាំទ្រ​ក្នុងការ​លើកស្ទួយ​អភិរក្ស​សិល្បៈ​ចម្រៀង​ខ្មែរ​ឱ្យបាន​ថ្កុំថ្កើង​ជា​អមតៈ​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់ៗ​រូប​៕S/​

#