ដោយ : បញ្ញាសាស្ត្រ/ ភ្នំពេញ ៖ តារាសម្តែងស្រីល្បីឈ្មោះ កញ្ញា ស៊ីម ស្រីនិច បានក្លាយជាតួឯកស្រីក្នុងចរិកបែបស្រីមានចរឹកប្រុស ក្នុងសាច់រឿងថ្មី ក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ តាមរយៈរឿង “កញ្ញាជើងខ្លាំង” នាងថ្លែងថា សាច់រឿងនេះវាប្រៀបបាននឹងចរិកលក្ខណៈរបស់នាងផ្ទាល់។
សាច់រឿងមួយនេះ បានធ្វើឲ្យនាងមានមោទនភាព ព្រោះតែសាច់រឿងបានបង្កប់ដោយយលក្ខណៈអប់រំ ក្នុងតួរនាទីជានារីភេទ ប៉ុន្តែអាចបំបែបកសំណុំរឿង ជួយកម្ចាត់ពពួកសេពគ្រឿងញៀន។ កញ្ញា ស្រីនិច និយាយថា ជាងពីរឆ្នាំមកនេះ នាងបានសម្តែងរឿងជាច្រើន សរុបជាង២០រឿងមកហើយ នាងថា គ្រាន់តែការសម្តែងរបស់នាងតំបូងក្នុងវិថីសិល្បៈ នាងសម្តែងត្រឹមតែតួរងបីរឿងប៉ុណ្ណោះ បន្ទាប់មកទៀតនាង ក៏បានហក់ឡើងទៅកាន់តំណែងតួឯកជាច្រើនរឿង។
នាងបានរៀបរាប់ថា “បើនិយាយពីអារម្មណ៍ ខ្ញុំស្ទើរតែសោះហើយបង ព្រោះសាច់រឿងនេះគឺពិតជាល្អខ្លាំងណាស់ ដោយតារាណាក៏ចង់សម្ដែងដែរ…វាអាចជាមោទនភាពរបស់ខ្ញុំអាចក្ដោបតំណែងនេះបាន”។
តារាសម្ដែងវ័យក្មេងរូបនេះ បន្តថា ”កញ្ញាជើងខ្លាំង” គឺជាខ្សែភាពយន្តភាគមួយមានកម្រិតខ្ពស់ពីភាពយន្តមុនៗដែលកញ្ញាធ្លាប់សម្ដែង។ ជាពិសេសគឺតួអង្គក្នុងរៀងនេះ ត្រូវចេះក្បាច់គុនច្រើន ដើម្បីសម្ដែងឱ្យបានល្អ។ ប្រការបែបនេះហើយទើបកញ្ញាគិតថា គឺជាកត្តាមួយអាចឱ្យកញ្ញាពិបាកខ្លះៗផងដែរ។
យ៉ាងណាក៏ដោយ ស៊ិម ស្រីនិច បញ្ជាក់ថាកញ្ញាបានតាំងចិត្តរួចហើយថានឹងធ្វើយ៉ាងណាឲ្យល្អបំផុតតាមអាចធ្វើបាន ក្នុងខ្សែភាពយន្តដ៏ល្អមួយនេះ។ នៅមុនសម្ដែងរឿងនេះ កញ្ញាបានហាត់សមក្បាច់គុនជាច្រើនខែ ដើម្បីប្រាកដថាអាចសម្ដែងបានប្រសើរថែមមួយកម្រិតទៀត។ មិនត្រឹមតែគិតថាស្នាដៃមួយនេះអាចធ្វើឲ្យទស្សនិកជនជក់ចិត្តប៉ុណ្ណោះទេ តែតារាវ័យក្មេងកំពុងមានទីផ្សាររូបនេះ ជឿជាក់ប្រជាប្រិយភាពកញ្ញាអាចនឹងហក់ខ្ពស់មួយកម្រិតទៀតនៅពេលចាក់បញ្ចាំងជាផ្លូវការលើកញ្ចក់ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ នាពេដ៏ខ្លីខាងមុខ។
ស្នាដៃថ្មីរបស់កញ្ញា ស៊ិម ស្រីនិច គឺរឿង ”កញ្ញាជើងខ្លាំង” ផ្ដើមថតពីថ្ងៃនេះតទៅហើយ ដោយប្រើរយៈពេល ៣ខែដើម្បីថតបញ្ចប់មុនចាក់បញ្ចាំងជាផ្លូវការនៅប៉ុស្ថិ៍លេខ៥។ ក្រៅតែពីស្នាដៃនេះកញ្ញាត្រៀមបង្ហាញស្នាដៃថ្មីៗជាច្រើនទៀតក្នុងពេលខាងមុខ៕B