​តាំង ហាង​ម៉េង មន្ត្រី​រុក្ខាប្រមាញ់​

1720
ចែករម្លែក

ដោយ​:​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

​កូនប្រុស​របស់ តាំង ហាង ម៉េង ឈ្មោះ ម៉េង រស្មី បាន​រៀបរាប់​អំពី​រឿងរ៉ាវ​របស់​ឪពុក​គាត់​ថា ៖

​ឪពុក​ខ្ញុំ​ជា​ប្រធាន​រុក្ខា​ប្រ​ម៉ាញ់ និង​អភិរក្ស​សត្វព្រៃ​នៅ​ក្រសួងកសិកម្ម​។ នៅ​ឆ្នាំ​១៩៧៣ ក្រសួង​បាន​ចាត់តាំង​គាត់​ឲ្យ​ទៅ​ត្រួតពិនិត្យ​ការងារ​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ឯ​ខេត្តកោះកុង​។ គាត់​បាន​សម្រេចចិត្តថា នឹង​នាំ​គ្រួសារ​ទៅ​កោះកុង​បន្ទាប់ពី​ចូលឆ្នាំ​ខ្មែរ នៅ​ឆ្នាំ​១៩៧៥​។ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​ប្តូរផ្លាស់ នៅ​ថ្ងៃទី​១៧ ខែមេសា​។​

តាំង ហាង​ម៉េង

​នៅពេលដែល​ខ្មែរក្រហម​ដណ្តើមបាន​ទីក្រុង​ភ្នំពេញ គ្រួសារ​យើង​បាន​នៅក្នុង​ក្រសួងកសិកម្ម​។ ឪពុក​ខ្ញុំ​បាន​ប្តូរ​ការិយាល័យ​របស់គាត់​ទៅជា​ជម្រក​ការពារ​គ្រាប់ផ្លោង​ចូលក្នុង​ទីក្រុង ដែល​បាញ់​ដោយ​កងទ័ព​រំដោះ​ខ្មែរក្រហម​។ មេបញ្ជាការ​ជាន់ខ្ពស់​ខ្មែរក្រហម​ម្នាក់ មកពី​ភូមិភាគ​បូព៌ា​បាន​ចូលក្នុង​បរិវេណ​ក្រសួង ពីព្រោះ​គាត់​មិន​ធ្លាប់បាន​ស្គាល់​ទីក្រុង​ភ្នំពេញ គាត់​បាន​សុំ​ឲ្យ​ឪពុក​ខ្ញុំ​បើករថយន្ត​ជូន​គាត់​នៅ​ជុំវិញ​នោះ​។ ខ្ញុំ​បាន​អង្គុយ​នៅ​បាំង​ក្រោយ​នៃ​រថយន្ត​ឡង់​រ៉ូ​វែ​។ ឪពុក​ខ្ញុំ​បាន​ចត​រថយន្ត​នៅខាងមុខ​ឱសថស្ថាន​មួយ ហើយ​បាន​ចូលទៅ​ខាងក្នុង​ជាមួយ​មេបញ្ជាការ​ខ្មែរក្រហម​នោះ ពេលចេញ​មកវិញ គាត់​យកបាន​ថ្នាំ​ពីរថង់​មកជា​មួយ មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺគ្រុនចាញ់ រាគរូស និង​បំបាត់​ការឈឺ​ចុកចាប់​។ មេបញ្ជាការ​ខ្មែរក្រហម​នោះបាន​សួរថា “​អ្នកឯង​បាន​ប្រាប់​ខ្ញុំ​ថា​ជា​តៃកុង​ឡាន ហេតុម្តេច​បានជា​ស្គាល់​ប្រភេទ​ថ្នាំពេទ្យ​ច្រើន​ម្ល៉េះ​?”​។​

​ឪពុក​ខ្ញុំ​បាន​ឆ្លើយ​ទាំង​ញញឹម​ថា “​វា​មិនមាន​ចម្លែក​អី​ទេ សម្រាប់​តៃកុង​ឡាន​របស់​អនុរក្ស​ព្រៃឈើ ត្រូវតែ​ស្គាល់​ថ្នាំពេទ្យ​ច្រើន​មុខ​។ ខ្ញុំ​ធ្លាប់​បើកបរ​ចូលក្នុង​តំបន់​គ្រុនចាញ់ និង​បាន​រៀន​សម្គាល់​ប្រើប្រាស់​ថ្នាំពេទ្យ​ជាច្រើន​”​។​

​មេបញ្ជាការ​ខ្មែរក្រហម​នោះបាន​និយាយ​ខ្សឹបៗ​ប្រាប់​ឪពុក​ខ្ញុំ​ថា “​អង្គការ​បានប្រកាសថា ប្រជាជន​នឹងត្រូវ​ជម្លៀសចេញ​ក្នុង​រយ​:​ពេល​ខ្លី​មួយ​។ ជាក់ស្តែង វា​មិន​ប្រាកដថា​នៅពេលណា​ប្រជាជន​ទាំងនោះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់មកវិញ​ទេ​។ នៅពេលដែល ឯង​ចេញទៅ​តំបន់​ជនបទ ឯង​មិន​ត្រូវយក​ប្រាក់កាស​ទៅជា​មួយ​ទេ ព្រោះ​អី​ប្រាក់​មិនត្រូវ​បាន​ប្រើប្រាស់​នៅ​ទីនោះ​ទេ​។ យក​ល្អ ឯង​ត្រូវយក​អង្ករ​ឲ្យ​បាន​ច្រើន អំបិល និង​ប្រហុក បើ​អាចយ​កបាន​។ ឯង​គ្រាន់តែ​ជា​តៃកុង​ឡាន​ប៉ុណ្ណោះ ឯង​មិនមាន​បញ្ហា​អ្វី​ឡើយ​។ ប៉ុន្តែ យោធា និង​មន្ត្រី​រដ្ឋការ​នឹងមាន​បញ្ហា​”​។ មេបញ្ជាការ​ខ្មែរក្រហម​នោះបាន​ដឹងថា ឪពុក​ខ្ញុំ​កើត​នៅក្នុង​ខេត្តពោធិ៍សាត់ ហើយ​គាត់​បាន​និយាយទៀតថា “​អង្គភាព​គាត់​នឹង​ចេញទៅ​បាត់ដំបង​”​។ ប្រសិនបើ​ឯង​យល់ព្រម ទៅជា​មួយ​យើង​……​យើង​នឹង​ជូន​គ្រួសារ​របស់​ឯង​ទៅ​ស្រុកកំណើត​”​។ ប៉ុន្តែ នៅពេលដែល​ឪពុកម្តាយ​ខ្ញុំ​ពិភាក្សា​រឿងនេះ ម្តាយ​ខ្ញុំ​មិន​យល់​ព្រមទៅ​ពោធិ៍សាត់​ទេ​។ គាត់​នឹករឭក​សាច់ញាតិ​របស់​គាត់​នៅក្នុង​តំបន់​រំដោះ (​ព្រោះ​បាន​បែក​គ្នា​ជាច្រើន​ឆ្នាំ​មកហើយ​)​។ ឪពុក​ខ្ញុំ​មិនបាន​ជំទាស់​នឹង​បំណងប្រាថ្នា​របស់​ម្តាយ​ខ្ញុំ​ទេ​។ យើងទាំងអស់គ្នា​បានចេញ​ទៅ​ភូមិកំណើត​ខាង​ឪពុក​របស់​ម្តាយ​ខ្ញុំ នៅ​ខ្ពប​លើ ក្នុង​ខេត្តកណ្តាល​។​

​មាន​ឈ្លប​សហករណ៍​ម្នាក់​ឈ្មោះ សាត រស់នៅ​ចម្ងាយ​៥០​ម៉ែត្រ​ពី​ផ្ទះ​របស់​យើង​។ គាត់​មាន “​បញ្ជីខ្មៅ​” ហើយ​អង្គការ​បានអនុញ្ញាត​ឲ្យ​គាត់​ធ្វើ​សេចក្តីសម្រេចចិត្ត​ដោយ​មិនមាន​កំណត់ ក្នុងការ​សម្លាប់​មនុស្ស​។ បញ្ជីខ្មៅ​មាន​រាយ​ឈ្មោះ​ប្រជាជន​១៧​មេសា​ជាច្រើន និង​ប្រជាជន​មូលដ្ឋាន​ខ្លះៗ ដែលជា​ជនជាតិ​ចិន ឬ​កម្ពុជា​ក្រោម​។ ជីវិត​របស់​ប្រជាជន​ត្រូវបាន​កំណត់ដោយ​ចុង​ប៊ិក​ពណ៌​ក្រហម​របស់ សាត​។ ឈ្មោះ​របស់​ប្រជាជន​ដែល​បាន​សរសេរ​ដោយ​ប៊ិក​ពណ៌​ក្រហម នឹងត្រូវ​សម្លាប់​។​

​មានពេលខ្លះ មីង​របស់ខ្ញុំ​ឈ្មោះ ញ៉ឹង បាន​អង្វរ សាត ឲ្យ​ទុក​ជីវិត​ឲ្យ​ឪពុក​ខ្ញុំ​។ បន្ទាប់ពី​គាត់​អង្វរ សាត ច្រើនដង​មក សាត បាន​ប្រាប់​មីង​ខ្ញុំ​ថា “​កុំ​បារម្ភ ……. ប្រសិនបើ​ខ្ញុំ​ចង់​ឲ្យ​វា​ស្លាប់ វា​នឹង​ស្លាប់ …..”​។ មីង​ខ្ញុំ​ជឿថា សាត និយាយ​ដូច្នេះ មិនបាន​យល់​ពី​អត្ថន័យ​នៃ​សំដី​របស់គាត់​ឡើយ​។ នៅ​យប់នោះ ឈ្លប​បាន​ចាប់ចង​ឪពុក​ខ្ញុំ រួច​បណ្តើរ​ចេញទៅ​។​

​នៅក្នុង​ចំណោម​បងប្អូន​ខ្ញុំ​ប្រាំ​នាក់ មានតែ​បងស្រី​បង្អស់​របស់ខ្ញុំ​ទេ ដែល​បានឃើញ​ឪពុក​ខ្ញុំ​នៅ​គ្រា​ចុងក្រោយ​។ ប្រជាជន​បានទទួល​បបរ​រា​វក​ក្លូ​ក​សម្រាប់​អាហារ​ថ្ងៃត្រង់​។ ថ្ងៃមួយ​នៅក្នុង​កំឡុងពេល​សម្រាក​បន្ទាប់ពី​ហូប​អាហារ​ថ្ងៃត្រង់ ឪពុក​ខ្ញុំ​បានឃើញ​បងស្រី​ខ្ញុំ​កំពុង​រក​ស្លាបព្រា​។ គាត់​បាន​សួរ​បងស្រី​ខ្សឹបៗ “​ស្លាបព្រា​របស់​ឯង​នៅឯណា​?” បងស្រី​ខ្ញុំ​ឆ្លើយថា “​ខ្ញុំ​ធ្វើ​ឲ្យ​បាត់​កាលពី​យប់​ម៉ិ​ញ ខ្ញុំ​មិនដឹងថា​អ្នកណា​យក​ទេ​!…” ឪពុក​ខ្ញុំ​បាន​ឲ្យ​ស្លាបព្រា​គាត់​ទៅ​បងស្រី​ខ្ញុំ​ហើយ​ប្រាប់ថា “​យក​របស់គាត់​ទៅ ហើយ​ហូប​ឲ្យ​បាន​លឿន​”​។ បងស្រី​ខ្ញុំ​បាន​សួរថា “​តើ​ប៉ា​បាន​អី​ប្រើ​?” គាត់​ឆ្លើយថា “​មិន​អី​ទេ ទុក​វា​ប្រើ​ផ្ទាល់ខ្លួន​ចុះ​”​។ បន្ទាប់មក​ឪពុក​ខ្ញុំ​ក៏បាន​ដើរ​ចេញទៅ​រោង​បាយ​សម្រាប់​មនុស្ស​ចាស់​វិញ​។

​ឪពុក​ខ្ញុំ​បាន​យល់​យ៉ាងច្បាស់​លាស់​ថា ចាន​មួយ​និង​ស្លាបព្រា​មួយ​ជា​របស់​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​ត្រឹមត្រូវ ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​គោលនយោបាយ​របស់​អង្គការ​ខ្មែរក្រហម​។ គ្រប់ៗ​គ្នា​មាន​ថង់ សំពាយ​តូច​មួយ​ដែល​គ្មានអ្វី​ក្រៅពី​ចាន​មួយ និង​ស្លាបព្រា​មួយ​។​

​នៅ​យប់នោះ បងស្រី​ខ្ញុំ​បាន​លួច​យក​ស្លាបព្រា​មួយ​ពី​រោង​បាយ​សហករណ៍ ដោយបាន​គិតថា ត្រូវ​ឲ្យ​ស្លាបព្រា​របស់​ឪពុក​ខ្ញុំ​ទៅ​គាត់​វិញ​។ ព្រឹក​ឡើង បងស្រី​បាន​ទៅរក​ឪពុក​ខ្ញុំ ប៉ុន្តែ​មិនឃើញ​គាត់​ទេ​។ បងស្រី​បាន​ទៅ​សួរ​បុរស​ម្នាក់​នៅក្នុង​ក្រុមមនុស្ស​ចាស់​ពី​ដំណឹង​ឪពុក​ខ្ញុំ ក្នុងកំឡុងពេល​សម្រាក​បន្ទាប់ពី​ហូប​អាហារ​ថ្ងៃត្រង់​។ គាត់​ឈ្មោះ មឿ​ន នៅក្នុង​ក្រុម​ជីក​ប្រឡាយ​ជាមួយ​ឪពុក​ខ្ញុំ គាត់​ស្ទុះ​មក​សួរ​បងស្រី​ខ្ញុំ​ថា “​ឯង​មក​តាមរក​ឪពុក​របស់​ឯង​មែន​ទេ​?” បងស្រី​ខ្ញុំ​បាន​ឆ្លើយថា ”​ចា៎ះ ខ្ញុំ​យក​ស្លាបព្រា​មក​ឲ្យ​គាត់​វិញ​” មឿ​ន បាន​ឆ្លើយ​ទាំង​ទឹកមុខ​ទុក្ខព្រួយ​ថា “​មិនចាំបាច់​រក​ឪពុក​ឯង​ទេ គាត់​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​ឆ្ងាយ​ហើយ​”​។ បងស្រី​ខ្ញុំ​យល់​ពី​ពាក្យសំដី​របស់ មឿ​ន​។​

​មឿ​ន បាន​ប្រាប់​បងស្រី​ទៀតថា ឈ្លប​បានមក​កាន់​ប្រឡាយ​នេះ ជាទី​ដែល​គាត់​និង​ឪពុក​ខ្ញុំ​កំពុងធ្វើការ​។ អ្នកបញ្ជា​ម៉ាស៊ីនភ្លើង​បាន​ពន្លត់​ម៉ាស៊ីន ហើយ​ការដ្ឋាន​បាន​ងងឹត បន្ទាប់មក ឈ្លប​បាន​ចាប់ចង​ឪពុក​ខ្ញុំ​រួច​ប​ណ្តី​រ​កាត់ទឹក​សំដៅទៅ​ភូមិ ។

​ថ្ងៃ​បន្ទាប់មក យឿ​ង ប្រធាន​សហករណ៍​បាន​និយាយ​បែប​ប្រមាថ​ប្រាប់​មីង ញ៉ឹង ថា “​យប់​ម៉ិ​ញ គាត់​បាន​នាំ ម៉េង ឡើង​ទូក ទឹកភ្នែក​របស់ ម៉េង បាន​ស្រក់​មក​ក្តៅ​ឧណ្ហៗ​ប៉ះ​ដៃ​គាត់​…​នៅលើ​ទូក ម៉េង បាន​អង្វរ​គាត់​ឲ្យ​បន្ធូរ​ចំណង ព្រោះ​អី​ចំណង​នោះ​វា​ធ្វើ​ឲ្យ​លំបាក​អង្គុយ​…” ។​

​ឪពុកម្តាយ​របស់ យឿ​ង រស់នៅ​ក្បែរ​ផ្ទះ​យើង​។ យឿ​ង និង​ម្តាយ​ខ្ញុំ​ធ្លាប់ជា​មិត្តភក្តិ​នឹង​គ្នា​កាលពី​នៅ​ក្មេង និង​ធ្លាប់បាន​ប្រឡែង​លេង​ជាមួយគ្នា​។ ប៉ុន្តែ​នៅក្នុង​របប​នេះ យឿ​ង បានក្លាយ​ទៅជា​មនុ​ស្សមា​ន​អំណាច ដែល​មិនមាន​អ្នកភូមិ​ណា​ម្នាក់​នៅក្នុង​ខ្ពប​លើ ហ៊ាន​សម្លឹង​មើលមុខ​គាត់​ចំឡើយ​។ ចាប់តាំងពី​ពេលដែល​យើង​មកដល់ ឪពុក​ខ្ញុំ​ធ្លាប់បាន​សុំទោស​ចំពោះ យឿ​ង ដែល​គាត់​មិនបាន​ទៅលេង​ឪពុកម្តាយ​របស់ យឿ​ង​។ ហេតុនេះហើយ យឿ​ង អាច​តាមឃ្លាំមើល​ពី​សកម្មភាព​របស់​ឪពុក​ខ្ញុំ​។​

​យឿ​ង បាន​និយាយថា ឪពុក​ខ្ញុំ​ត្រូវបានធ្វើ​ទារុណកម្ម និង​សម្លាប់ចោល​នៅ​យប់នោះ​ដោយ​អង្គភាព​សន្តិសុខ​នៃ​មន្ទីរ​សន្តិសុខ​កោះ​ថ្មី​។ យឿ​ង បាន​អនុវត្ត​ពាក្យស្លោក​របស់​ខ្មែរក្រហម​គឺ “​ជីក​ស្មៅ ត្រូវ​ជីក​ទាំង​ឫស​”​។ ដូច្នេះ បន្ទាប់ពី​ឪពុក​ខ្ញុំ​ត្រូវបាន​សម្លាប់ យឿ​ង បាន​បញ្ជា​ឲ្យ​ខ្ញុំ​ទៅ​កសាង​ខ្លួន​នៅ​កងចល័ត​កុមារ នៅក្នុង​ភូមិ​មួយ​ផ្សេងទៀត​។ ធ្វើបែបនេះ យឿ​ង ជឿជាក់ថា​ខ្ញុំ​ត្រូវបាន​កម្ទេចចោល​។​

​បងស្រី​ខ្ញុំ​បាន​រក្សាទុក​ស្លាបព្រា​ដែល​បាន​លួច​សម្រាប់​ឲ្យ​ឪពុក​ខ្ញុំ​វិញ រហូតដល់​សព្វថ្ងៃ​។ បងស្រី​បានដាក់​ស្លាបព្រា​នោះ​នៅ​ជិត​រូបថត​ឪពុក​ខ្ញុំ និង​គោរពបូជា​ស្លាបព្រា​នោះ​ដែលជា​កម្មសិទ្ធិ​ដ៏​មានតម្លៃ​សម្រាប់​គ្រួសារ​យើង​៕ ល​