​តា​ញ់ មករា ផ្ដួល យ៉​ត សូ​វីត នៅ​ទឹក​ទី​២

180
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock-OutSerie by K-Cement នា​យប់​ថ្ងៃទី​២៥ សីហា កន្លងទៅនេះ អ្នក​ប្រដាល់​កម្ពុជា តា​ញ់ មករា បាន​ប្រើ​ទម្ងន់​ជើង ទាត់​ឲ្យ​អ្នក​ប្រដាល់​ថៃ យ៉​ត សូ​វីត (Yorth Sowith) សន្លប់​មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​២ ។​

​ការប្រកួត​នេះ មករា មានប្រៀប​តាំងពីដើម​ទឹក​ទី​១ មកម្ល៉េះ ។ គ្រាន់តែ​ការប្រកួត ចាប់ផ្ដើម​ភ្លាម មករា បាន​បញ្ចេញ​កណ្ដាប់ដៃ ដាល់​ចំ ពោះ បណ្ដាល​ឲ្យ យ៉​ត សូ​វីត ចុក​រមួល ហើយ​ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ បន្ដ​កា​រប​កួត​រហូត​ចប់​ទឹក​ទី​១ ។ មកដល់​ទឹក​ទី​២ អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​អាជ្ញាកណ្ដាល់ រាប់ ៨ ម្ដងទៀត បន្ទាប់ពី​ត្រូវ មករា ទាត់​មួយ​ជើង យ៉ាង​ធ្ងន់​នោះ​។ មកដល់​ពាក់កណ្ដាល​ទឹក​ទី​២ យ៉​ត សា​វីត សន្លប់​ដោយសារ​ជង្គង់ មករា ក្រោក​លែងរួច​តែម្ដង ។​

ទិដ្ឋភាព​ប្រកួត​

​ចំពោះ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ អ្នក​ប្រដាល់ កំពែង ខ្មៅ សមាគម​ប្រដាល់​ក្រសួងកសិកម្ម បាន​ខ្ទាត​ចេញពី​ការប្រកួត ដោយសារ​អ្នក​ប្រដាល់ ជំនាន់​ក្រោយ កូយ ឡាយ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។ នរណាៗ ក៏​អាច​ទស្សន៍ទាយ បានជា​មុន​ដែរ​ថា កំពែង ខ្មៅ នឹង​ចាញ់ ក្នុងការ​ប្រកួត​នេះ ព្រោះ​អ្នក​ប្រដាល់​រូបនេះ កម្លាំង​មិន​គ្រប់គ្រាន់ ហើយ​ប៉ុន្មាន​ឆ្នាំ​មកនេះ អ្នក​ប្រដាល់​រូបនេះ ត្រូវ​អ្នក​ប្រដាល់ ជំនាន់​ក្រោយ ផ្ដួល​បាន​ស្ទើរ​គ្រប់ការ​ប្រកួត​តែម្ដង ។ កំពែង ខ្មៅ ហាលអាវ​ហើយ ក្នុងខណៈដែល​អ្នក​ប្រដាល់ កូយ ឡាយ កក់​កៅអី សម្រាប់​ការប្រកួត​ជម្រុះ នៅ​ជុំ​ទី​២ បន្តទៀត ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ សុខ ប៊ុន​យ៉ុង ក្លិប​នាគរាជ​មានជ័យ សន្លប់​នៅ​ទឹក​ទី​២ ដោរ​សារ​កណ្ដាប់ដៃ អ្នក​ប្រដាល់ រឿន ឈី ក្លិប​គុហារ​ព្រហ្ម​មានជ័យ ។ សម្រាប់​គូ​នេះ រឿន ឈី មានប្រៀប​លើ​គូប្រកួត​របស់ខ្លួន តាំងពី​ទឹក​ទី​១ មកម្ល៉េះ ។ កណ្ដាប់ដៃ​របស់ រឿន ឈី បានធ្វើ​ឲ្យ ប៊ុន​យ៉ុង ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ នៅ​ទឹក​ទី​១ ហើយ នៅ​ទឹក​ទី​២ កណ្ដាប់ដៃ​របស់ រឿន ឈី បានបញ្ចប់​មិន​ឲ្យ ប៊ុន​យ៉ុង មិន​ឲ្យ​មានឱកាស តដៃ​ទៀតឡើយ ។ រឿន ឈី ប្រជែង​បាន​កៅអី​មួយ សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ក្នុងខណៈដែល សុខ ប៊ុន​យ៉ុង ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត នៅ​ជុំ​ទី​១​នេះ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ចាញ់​អ្នក​ប្រដាល់ ខេ​ម ចាន់ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ ៕v

#