​តុលាការ​កំពុង​សាកសួរ​បុរស​នី​ហ្សេ​រី​យ៉ា​ម្នាក់​រឿង​ឆបោក​ប្រា​ក់ជាង​៣០​ម៉ឺន​ដុល្លារ

945
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​ករណី​ឆបោក​ប្រា​ក់ជាង​៣០​ម៉ឺន​ដុល្លារ​ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​។​

​រហូតមកដល់​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ឈ្មោះ REMIGUS DURU OKONKWO​ហៅ​USMAN​អាយុ​៤៣​ឆ្នាំ​បាន​ត្រូវ​លោក​គុជ​គឹម​ឡុង​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​សាកសួរ​។​ចំណែក​ជនរងគ្រោះ ឈ្មោះ Darg Mai Nga ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ពាណិជ្ជករ​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​បានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ នៅ​រាជធានី​ភ្នំពេញ​តាម​ពាក្យបណ្តឹង របស់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ចោទប្រកាន់​ពី​ឆបោក​ប្រាក់​ចំនួន​៣៥៦.០០០​ដុល្លារ​អាមេរិក​។

យោងតាម​ពាក្យបណ្តឹង​នោះបាន​បញ្ជាក់ថា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៨ ដើមបណ្តឹង​បាន​ស្គាល់​ជនសង្ស័យ​តាមរយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​លុះ​ថ្ងៃទី​១០ ខែមករា ជនសង្ស័យ​ឈ្មោះ REMIGUS DURU OKONKWO បាន​ទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម សុំ​ជួប​ជាមួយ​ជនរងគ្រោះ ដោយនិយាយ​លួងលោម​បញ្ចុះបញ្ចូល ឱ្យ​ជនរងគ្រោះ​ចូល​ហ៊ុន​បើក​សិប្បកម្ម​ផលិត​ឥដ្ឋការ៉ូ នៅ​ប្រទេស​កម្ពុជា​។ ជនសង្ស័យ​បាន​ប្រើល្បិច​នាំ​ជនរងគ្រោះ មក​ប្រទេស​កម្ពុជា ដើម្បី​មើល​ទីតាំង​បង្កើត​សិប្បកម្ម​ផលិត​ឥដ្ឋការ៉ូ ដោយ​អះអាងថា មាន​មិត្តភក្តិ​នៅ​ប្រទេស​កម្ពុជា​នេះ​។​

សមត្ថកិច្ច​បន្តថា ដោយមាន​ការជឿទុកចិត្ត ជនរងគ្រោះ​បានផ្តល់​ប្រាក់​ឱ្យ​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៥​លើក សរុប​៣៥៦.០០០ ដុល្លារ​តាមរយៈ​គណនី​របស់​ពួកគេ ដែល​បាន​ផ្តល់ឱ្យ គ្នា​ទៅវិញទៅមក​។ ក្រោយពេល​បាន​វេរ និង​ទទួល​ប្រាក់​នោះ​ហើយ ជនសង្ស័យ​បាន​បិទ​ទូរស័ព្ទ និង​គេចខ្លួន​មិនអាច​ទាក់ទង​បាន​មួយរយៈ​។ លុះ​ថ្ងៃទី​១៥ ខែមិថុនា ជនសង្ស័យ​បាន ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ថា សិប្បកម្ម​ធ្វើ​ជិត​រួចរាល់​ហើយ ឱ្យ​ជនរងគ្រោះ​ផ្តល់ប្រាក់​ចំនួន​១៥០.០០០​ដុល្លារ​បន្ថែមទៀត តែ​ត្រូវ​ចាប់ខ្លួន​តែម្តង ពេល​ជនរងគ្រោះ​ប្តឹង​៕S/

​តុលាការ​កំពុង​សាកសួរ​បុរស​នី​ហ្សេ​រី​យ៉ា​ម្នាក់​រឿង​ឆបោក​ប្រា​ក់ជាង​៣០​ម៉ឺន​ដុល្លារ

#