​តុលាការ​ខ្មែរក្រហម​ជិត​បញ្ចប់​ខ្ញុំ​ក៏ត្រូវ​រំសាយកំហឹង​ដែរ​

365
ចែករម្លែក

ដោយ ៖ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​ប្រាក់ សំបូរ គឺជា​អ្នកដាក់ពាក្យ​បណ្ដឹង​ម្នាក់ ក្នុងចំណោម​ប្រជាជន​១៦​នាក់​រស់នៅ​ក្នុងស្រុក​កំពង់រោទិ៍ ដែល​បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​សាលាក្ដី​ខ្មែរក្រហម​។ ជនរងគ្រោះ​ស្ថិតក្នុង​វ័យ​៦៨​ឆ្នាំ​រូបនេះ​បាន​តាមដាន​ដំណើរការ​នៃ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​តាម​កញ្ចក់​ទូរទស្សន៍​។ សំបូរ បាន​លើកឡើងថា «​សាលាក្ដី​ខ្មែរក្រហម​បាន​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ឲ្យ​ជាប់គុក​អស់​មួយជីវិត​ប្រសើរ​ជាង​ការអត់ឱន​ទោស​របស់​ប្រជាជន​កម្ពុជា ព្រោះ​របប​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​យ៉ាង​សាហាវឃោរឃៅ​មកលើ​ប្រជាជន​កម្ពុជា​។​

ប្រាក់ សំបូរ កំពុង​សម្ភាសន៍​ជាមួយ​ក្រុម​ទស្សនាវដ្ដី​ស្វែងរក​ការពិត នៅក្រោម​ផ្ទះ​របស់​ស្ថិតនៅ​ក្នុងភូមិ​ញរ ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

​ពេល​សាលាក្តី​ខ្មែរក្រហម​ជិត​បញ្ចប់ ខ្ញុំ​ក៏ត្រូវ​រំសាយ​នូវ​កំហឹង ហើយ​ងាក​មក​ពិចារណា​ទៅលើ​ផ្លូវ​ព្រះធម៌​» ដែរ​។ សំបូរ បាន​រៀបរាប់ថា ខ្ញុំ​កើត​នៅ​ភូ​មិញរ ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ប្រាក់ នៅ និង​ម្ដាយ​ឈ្មោះ​ហែម សែម​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​៦​នាក់​ហើយ​ខ្ញុំ​គឺជា​កូន​ទី​៥​នៅក្នុង​គ្រួសារ​។ ខ្ញុំ​រៀន​បាន​ត្រឹម​កម្រិត​កុមារ​រដ្ឋា​ន​នៅក្នុង​វត្ត​ញរ​ប៉ុណ្ណោះ​។ ក្រោយមក​ខ្ញុំ​បាន​ឈប់រៀន​ដោយសារ​ខ្ញុំ​រៀន​មិន​ពូកែ ប៉ុន្តែ​បងៗ​របស់ខ្ញុំ​បាន​បន្ត​រៀន​ខ្ពស់ជាង​ខ្ញុំ​។

​ខ្ញុំ​បាន​រៀបការ​នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​។ កាលនោះ​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ ប្តី​របស់ខ្ញុំ​ឈ្មោះ ណុប ផាន គឺជា​អ្នកភូមិ​ជាមួយគ្នា​។ គាត់​គឺជា​អតីត​ទាហាន លន់ នល់​។ បន្ទាប់ពី​ខ្ញុំ​រៀបការ​រួច នៅ​ឆ្នាំ​១៩៧០ ខ្ញុំ​បាន​ចេញទៅ​ទីក្រុង​ភ្នំពេញ ដោយ​រស់នៅ​ម្ដុំ​ទួល​ទំពូង​។ ខ្ញុំ​បាន​ប្រកបមុខរបរ​ដាំ​ត្រកួន​លក់ ចំណែក​ប្ដី​របស់ខ្ញុំ​ធ្វើជា​ទាហាន​។​

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ពេល​ខ្មែរក្រហម​ចូលមក​ដល់ទី​ក្រុងភ្នំពេញ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពីផ្ទះ​សម្បែង​។ ខ្ញុំ​និង​ប្តី​ចង់​ត្រឡប់មក​ស្រុកកំណើត​វិញ​ព្រោះ​មាន​ឪពុកម្ដាយ និង​បងប្អូន​នៅ​ទីនោះ​។ ខ្ញុំ​បានធ្វើ​ដំណើរ​ជាមួយ​ប្ដី​របស់ខ្ញុំ​និង​កូនស្រី​ម្នាក់ទៀត​។ ប្រជាជន​ខ្លះទៀត​ក៏បាន​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១​ក្នុង​គោលបំណង​ទៅ​ខេត្តស្វាយរៀង​ដូច​ខ្ញុំ​ដែរ​។ ខ្ញុំ​ចាំ​ថា ខ្ញុំ​បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​១​រហូត ស្រាប់តែ​ទៅដល់​កន្លែង​មួយ ខ្មែរក្រហម​បញ្ជា​ខ្ញុំ​ឲ្យ​បត់​ទៅ​ទិស​ខាងជើង​។ ពេលនោះ​ខ្ញុំ​ឃើញ​មាន​ប្រឡាយទឹក​មួយ​ដែល​ជីក​រួច ហើយក៏​បន្តដំណើរ​រហូតដល់​ស្រុក​រមាសហែក​។​

ក្របី​របស់​ប្រជាជន​នៅក្នុង​ភូមិ​ញរ​។ អ្នកភូមិ​ចិញ្ចឹម​ក្របី​ដើម្បី​ប្រើប្រាស់​ជា​កម្លាំង​អូសទាញ​រទេះ ភ្ជួរ​រាស់ ក្នុង​វិស័យ​កសិកម្ម និង​សម្រាប់​លក់​ដើម្បី​យកប្រាក់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​។​

​ខ្ញុំ​បាន​ដើរ​ពី​ស្រុក​រមាសហែក​កាត់​តាម​ស្រុក​រំដួល​មក​ភូមិកំណើត​នៅ​ស្រុក​កំពង់រោទិ៍​វិញ​។ ប៉ុន្តែ​ខ្មែរក្រហម​ឃាត់​គ្រួសារ​ខ្ញុំ និង​កោះហៅ​ទៅ​ប្រជុំ​នៅ​វត្ត​ស្វាយ​តា​យាន​។ ខ្មែរក្រហម​បាន​ប្រាប់ថា «​បើ​នរណា​ធ្វើ​ទាហាន​មិនបាច់​ទៅ​ស្រុកកំណើត​ទេ ហើយ​ប្រសិនបើ​ពាក់​សក្តិ​មួយ​ឬ សក្តិ​ពីរ​សូម​ឆ្លើយ​ឲ្យ​ត្រង់​មក ខ្ញុំ​នឹង​កត់​ឈ្មោះ​ទុក​ដំឡើង​សក្តិ​ឲ្យ​»​។ ខ្ញុំ​នៅចាំ​ថា កាលនោះ​អ្នក​ដែល​ធ្វើដំណើរ​មកជា​មួយ​ខ្ញុំ​ឈ្មោះ ឡេង មាន​ប្រពន្ធ​ឈ្មោះ វិ​ន បាន​ប្រាប់​ខ្មែរក្រហម​ថា​ពាក់​សក្តិ​៣ និង​ឈ្មោះ គុជ មាន​ប្រពន្ធ សាលី ក៏​ពាក់​សក្តិ​៣​ដែរ​។ ឡេង និង គុជ និង​មនុស្ស​ប្រមាណ​១០​នាក់​ទៀត​ត្រូវបាន​ខ្មែរក្រហម​ដឹក​ចេញពី​វត្ត​ស្វាយ​តា​យាន​។ ខ្ញុំ​មិនដឹង​ខ្មែរក្រហម​យក​អ្នក​ទាំងនោះ​ទៅ​រៀនសូត្រ​នៅទីណា​នោះទេ ចំណែក​អ្នក​ដែល​សួររក​ប្រវត្តិ​ទាហាន​ទាំងនោះ​ឈ្មោះ ឡូយ ត្រូវជា​បងប្អូន​របស់​ខ្ញុំ​ដែរ​។ ពេលនោះ​គ្រាន់តែ​ក្រឡេកឃើញ​ប្ដី​របស់ខ្ញុំ​ភ្លាម ឡូយ បាន​ស្រែកសួរ​ប្តី​របស់ខ្ញុំ​ថា «​អា​ផាន អ្ហែង​មាន​ពាក់​សក្តិ​ទេ​? ប្ដី​របស់ខ្ញុំ​ក៏បាន​ឆ្លើយ​កុហកថា ខ្ញុំ​មិនមាន​សក្តិ​ទេ​បង​»​។ ក្រោយមក​ខ្មែរក្រហម​បាន​រំសាយ​អង្គប្រជុំ​ហើយ​បានប្រកាសថា ប្រពន្ធ​ទាហាន​ដែលមាន​សក្តិ​ត្រូវ​ត្រឡប់​ទៅ​ស្រុក​វិញ​។ ចំណែក​ប្ដី​របស់ខ្ញុំ​មិនមាន​សក្តិ ក៏​ខ្មែរក្រហម​ឲ្យ​ត្រឡប់​ទៅ​ភូមិកំណើត​ដែរ​។ នៅ​ក្នុងភូមិ​របស់ខ្ញុំ ខ្មែរក្រហម​បង្កើត​រោង​បាយ​សហករណ៍​ចំនួន​ពីរ​កន្លែង គឺ​នៅក្នុង​វត្ត​មួយកន្លែង និង​នៅ​ជិត​ដើម​ពោធិ៍​ខាងក្រៅ​ភូមិ​មួយកន្លែង​ទៀត​។

ស្តូប​តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​តាណ​រ៍ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។ ខ្មែរក្រហម​បាន​ឃុំឃាំង​ជនរងគ្រោះ​ទាំងនេះ​នៅ​អតីត​មន្ទីរ​សន្តិសុខ​តាណ​រ៍ មុននឹង​យកទៅ​សួរចម្លើយ និង​សម្លាប់ចោល​។​

​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ចូល​កងចល័ត​វ័យ​កណ្ដាល ដែលមាន​សមាជិក ប្រហែលជា​៣០​ទៅ​៤០​នាក់​។ នៅពេល​ខ្ញុំ​ចុះ​ស្ទូង​ម្តងៗ ខ្ញុំ​លួច​ចាប់​ត្រី​អណ្ដែង​, ត្រី​ក្រាញ់​, ក្ដាម​, ខ្យង នៅក្នុង​ស្រែ​ដាក់​ក្នុង​ថ្នក់សំពត់​។ ពេលទៅដល់​ផ្ទះ​ខ្ញុំ​បាន​យក​ត្រី​, ក្តាម​, ខ្យង ទាំងនោះ​ដាក់​ស្ងោរ​លាយ​ជាមួយ​បបរ​ដែល​ខ្មែរក្រហម​ចែក​ឲ្យ​ដើម្បី​ឲ្យ​មាន​រសជាតិ​។ ខ្ញុំ​ស្ទូង​បាន​ប្រហែលជា​២​ខែ ខ្មែរក្រហម​បាន​ប្តូរ​ខ្ញុំ​មក​កង​កិនស្រូវ និង​រែង​អង្ករ​វិញ​។ ខ្ញុំ​ក្រោក​នៅ​ម៉ោង​៥​ព្រឹក បុកស្រូវ និង​រែង​អង្ករ រហូតដល់​ម៉ោ​១១​ថ្ងៃ ទើប​ឈប់សម្រាក​ហូបបាយ​។ ដោយសារ​ផ្ទះ​របស់ខ្ញុំ​ជិត​រោង​បាយ ខ្ញុំ​បាន​ទៅយក​របប​អាហារ​មក​ហូប​នៅផ្ទះ​រួច ទើប​ត្រឡប់មក​ធ្វើការ​វិញ​រហូតដល់​ម៉ោង​៥​ល្ងាច​ទើប​ឈប់សម្រាក​។ ប្រធាន​ក្រុម​បានកំណត់​ក្នុង​មួយថ្ងៃ​ឲ្យ​ខ្ញុំ​បុកស្រូវ និង​រែង​អង្ករ​ឲ្យ​បាន​៥​តៅ​។ នៅក្នុង​ក្រុម​មាន​សមាជិក​តែ​ពី​នាក់​ប៉ុណ្ណោះ ដូច្នេះ​យើង​ត្រូវ​ផ្លាស់ប្តូរ​វេន​គ្នា​បុកស្រូវ និង​រែង​អង្ករ​។ ប្រសិនបើ​ខ្ញុំ​ធ្វើ​មិនបាន​តាម​ការកំណត់​ទេ ខ្ញុំ​នឹងត្រូវ​យកទៅ​កសាង​មិន​ខាន​។ ខ្ញុំ​ឃ្លាន​ខ្លាំងណាស់ ប៉ុន្តែ​មិន​ហ៊ាន​លួច​អង្ករ​ហូប​ឡើយ​។ ដោយសារ​ទ្រាំទ្រ​នឹង​ការអត់ឃ្លាន​មិនបាន មាន​សមាជិក​កង​ធ្វើ​អង្ករ​ខ្លះ​បាន​លួច​យក​អង្ក​រដាក់​នៅក្នុង​ថ្នក់សំពត់​។​ប៉ុន្តែ​ប្រសិនបើ​ឈ្លប​ខ្មែរក្រហម​ចាប់ខ្លួនបាន អ្នក​ទាំងនោះ​នឹងត្រូវ​បញ្ជូនទៅ​ឃុំ​នៅក្នុង​គុក​ឫស្សី​សាញ់​មិន​ខាន​។ គុក​ឫស្សី​សាញ់​គឺជា​កន្លែង​កសាង​កម្មាភិបាល និង​ប្រជាជន​ដែល​បានធ្វើ​ខុស​វិន័យ​អង្គការ ហើយ​មាន​ជនរងគ្រោះ​ជាច្រើន​ត្រូវបាន​សម្លាប់​នៅ​ទីនោះ​។

អដ្ឋិធាតុ​របស់​ជនរ​ង​គ្រោះ​តម្កល់ទុក​នៅ​ស្តូប ស្ថិតនៅក្នុង​វត្ត​ឫស្សី​សាញ់ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។ ឫស្សី​សាញ់ គឺជា​មន្ទីរ​សន្តិសុខ​ធំជាងគេ​ស្ថិត​ក្នុងស្រុក​កំពង់រោទិ៍ តំបន់​២៣ ភូមិភាគ​បូព៌ា ក្នុង​របប​ខ្មែរក្រហម​។ មាន​ជនរងគ្រោះ​រាប់រយ​នាក់​បាន​ស្លាប់​នៅ​អតីត​មន្ទីរ​សន្តិសុខ​នេះ​។​

​កាលនោះ​កូនស្រី​របស់ខ្ញុំ​ម្នាក់​នៅ​កងកុមារ​ឃ្វាលក្របី​។​ចំណែក​ប្ដី​របស់ខ្ញុំ​បានធ្វើ​ការងារ​ធ្ងន់ធ្ងរ​នៅ​កងចល័ត​។ ខ្ញុំ​រស់នៅ​ភូមិ​បាន​រយៈពេល​កន្លះ​ខែ ខ្មែរក្រហម​បាន​ហៅ​ប្ដី​របស់ខ្ញុំ​ទៅ​អូស​រទេះ​អង្ករ​ឲ្យ​យោធា​ខ្មែរក្រហម​ដែល​ត្រៀម​នៅ​សមរភូមិ​មុខ​។ កាលនោះ​រទេះ​មួយ​ដែលមាន​អង្ករ​ពេញ​ពីលើ ត្រូវមាន​មនុស្ស​ពីរ​នាក់​អូស​យកទៅ​ប្រគល់​ឲ្យ​យោធា​រួចហើយ​ទើបបាន​ត្រឡប់មកវិញ​។ ខ្ញុំ​អាណិត​ប្ដី​របស់ខ្ញុំ​ខ្លាំងណាស់ គាត់​ស្រកសាច់ ឃើញតែ​ឆ្អឹង និង​ក្បាលជង្គង់​ធំៗ​។ ទោះបី​ប្តី​ខ្ញុំ​ធ្វើ​ការងារ​ធ្ងន់​បែបនេះ ប៉ុន្តែ​គាត់​ហូប​មិនបាន​គ្រប់គ្រាន់​ឡើយ​។ ដោយសារ​ធ្វើ​ការងារ​ហួសកម្លាំង​មាន​ប្រជាជន​ខ្លះ​បាន​ស្លាប់​។

​នៅក្នុង​ឆ្នាំ​១៩៧៦ ក្មួយៗ​របស់ខ្ញុំ​ពីរ​នាក់​ឈ្មោះ យៀន និង មិ​ល ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​តាណ​រ៍ ស្ថិតនៅក្នុង​ឃុំ​ស្វាយ​តឿ ស្រុក​កំពង់រោទិ៍ តំបន់​២៣ ដោយសារតែ​ឪពុកម្ដាយ​ក្មួយ​របស់ខ្ញុំ​ទាំងពីរ​នាក់ បាន​រត់​ភៀសខ្លួន​ចូលទៅ​ទឹកដី​ប្រទេស​វៀតណាម​។

ស្តូប (​សារមន្ទីរ​) តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ ស្ថិតនៅក្នុង​វត្ត​ឫស្សី​សាញ់​។​

​នៅ​ចុងឆ្នាំ​១៩៧៨​ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពី​ភូមិ​របស់ខ្ញុំ​ទៅ​ទិស​ខាងជើង​ប៉ុន្តែ​ខ្ញុំ​និង​គ្រួសារ​បាន​លួច​រត់​ភៀសខ្លួន​ទៅ​ទិស​ខាងត្បូង​សំដៅ​ចូលទៅ​ទឹកដី​វៀតណាម​វិញ​។ យើង​បាន​ជួប​កងទ័ព​វៀតណាម​ដែល​មក​ចាំ​ទទួល​ខាងត្បូង​វត្ត​ព្រៃ​វ​ល្លិ៍ ក្នុង​ស្រុ​កំពង់រោទិ៍​។ កងទ័ព​វៀតណាម​បាន​កត់​ឈ្មោះ​គ្រួសារ​ខ្ញុំ ហើយ​បានផ្តល់​របប​អាហារ​ឲ្យ​យើង​ហូប​។ ក្រោយមក កងទ័ព​វៀតណាម​បាន​បញ្ជូន​គ្រួសារ​ខ្ញុំ​ទៅ​បេន​សាំង ខាងជើង​ក្រុង​ព្រៃនគរ ប្រទេស​វៀតណាម​។ កាលនោះ​មាន​ប្រជាជន​រាប់រយ​គ្រួសារ បាន​ភៀសខ្លួន​ចូលទៅក្នុង​ដី​វៀតណាម​ដែរ​។ ខ្ញុំ​បានឃើញ​លោក ហ៊ុន សែន ពាក់​វ៉ែនតា និង​មាន​រូបរាង​ស្គម បានមក​សួរសុខទុក្ខ​ប្រជាជន​នៅ​បេន​សាំង និង​មាន​ជនភៀសខ្លួន​ជាច្រើន​ចាំ​ទទួល​ស្វាគមន៍​គាត់​។ បន្ទាប់ពី​ខ្ញុំ​ដឹងថា​របប​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​និង​គ្រួ​សារបាន​ត្រឡប់មក​ស្រុកកំណើត​នៅ​ប្រទេស​កម្ពុជា​វិញ​។ ក្រោយមក​ប្តី​របស់ខ្ញុំ​បានសម្រេច​ចិត្ត​បួស​ជា​ព្រះ​ស​ង្ឈ​។ ចំណែក​ខ្ញុំ​បានរស់នៅ​ជាមួយ​កូនប្រុស​ស្រី​៤​នាក់​ដោយ​ប្រកបមុខរបរ​ជា​កសិក​រ និង​បិតស្រា​រហូតមកដល់​សព្វ​ថ្ងៃ​៕ ល​