​តុលាការ​ឃុំខ្លួន​ជន​ដែល​សម្លាប់​កាត់​ក្បាល​ជីដូន​និង​ចៅ​នៅ​ស្រុក​ព្រៃឈរ​

416
ចែករម្លែក
  • 122
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​និង​ចៅក្រម​បានសម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​ជនសង្ស័យ​ជា​ឃាតករ ដែល​បានសម្លាប់​កាត់​ក្បាល​ស្ត្រី​ជា​ជីដូន និង​ចៅស្រី​លាក់ទុក​បាត់​នៅ​ស្រុក​ព្រៃឈ​។

​តុលាការ​បាន​ពីបទ​ឃាតកម្ម​ដែលមាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៩​នេះ​។​ខណ​:​ដែល​ខាង​សមត្ថកិច្ច​នគរបាល​កំ​ពុង​បន្ត​រុករក​ក្បាល​សាកសព​ជនរងគ្រោះ​ទាំងពីរ​នៅ​កន្លែង​ប្រព្រឹត្ត​ឃាតកម្ម​នេះ​។​

​លោក ជុំ ណា​រ៉ា​ន់ មន្ត្រី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី ៩ មេសា​នេះ​ថា​លោក​ហួត​វុទ្ធី​ព្រះរាជអាជ្ញា​បានសម្រេច​ចោទប្រកាន់​បុរស​ឈ្មោះ ស៊ឹម ខេង អាយុ ៥៥ ឆ្នាំ ពីបទ ឃាតកម្ម​ដែលមាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ ប្រព្រឹត្ត​នៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ កាលពី​ថ្ងៃទី ២ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ​។​

​មន្ត្រី​រូបនេះ​បាន​បន្តថា​បន្ទាប់មក​លោក​សោ​សុ​តា​ជា​ចៅក្រម​ស៊ើបសួរ​សំណុំ​រឿងនេះ​បាន​ឃុំខ្លួន​ជនជាប់ចោទ​ដែលមាន​ទីលំនៅ​ភូមិ​ត្រពាំង​បឹង​ឃុំ​ថ្ម​ពូន​ដែរ​ជា​បណ្តោះអាសន្ន​ដើម្បី​ស៊ើបអង្កេត​តាម​ការចោទប្រកាន់​រប​ស់​តំណាង​អយ្យការ​។​

​លោក​ឡេង​សេង​ហាន​ប្រធាន​សមា​គន៍​អាដហុក​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា​បទ​ឃាតកម្ម​ដែលមាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ ដែល​ខាង​តំណាង​អយ្យការ​បាន​ចោទប្រកាន់​នេះ គឺ​ស្ថិតក្នុង​មាត្រា​២០២​នៃ​ក្រមព្រហ្មទណ្ឌ​។​ប្រសិនបើ​តុលាការ​ស៊ើបអង្កេត​រក​ឃើញ​តាម​ការចោទប្រកាន់​នេះ​មែន គឺ​ជនជាប់ចោទ​ម្នាក់នេះ​អាច​ជាប់ពន្ធនាគារ​រយ​:​ពេល​ពី ១៥ ទៅ ៣០ ឆ្នាំ​។​

លោក​សេង​ហាន​បាន​បន្តថា​ប៉ុន្តែ​ការចោទប្រកាន់​តាម​មាត្រា​២០២​ហាក់​មិន​សមល្មម​ចំពោះ​សកម្មភាព​សាហាវឃោរឃៅ​របស់​ជន​ជាប់ចោទ ដែល​បាន​ប្រព្រឹត្ត​នោះទេ គួរ​ចោទប្រកាន់​តាម​មាត្រា ២០០ បទ​ឃាតកម្ម​គិតទុក​ជាមុន អាច​សមល្មម គឺ​ជននេះ​អាច​ប្រឈម​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។​

​គួររំលឹកថា​កាលពី​ជាង​១២​ថ្ងៃត្រង់​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៩​សាក្សី​បាន​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ឈ្មោះ​ពូន​អូន​អាយុ​៦៥​ឆ្នាំ​ជា​ជីដូន​និង​ចៅស្រី​អាយុ​៦​ឆ្នាំឈ្មោះ​ខេង​សាវឿន​។​ជនរងគ្រោះ​ត្រូវ​ឃាតករ​សម្លាប់​កាត់​ក្បាល​យក​ដងខ្លួន​មក​ចោល នៅ​ក្នុងព្រៃ​មួយកន្លែង​ឃ្លាត​ពី​ផ្ទះ​ពួកគាត់​ប្រហែល ៣៥០ ម៉ែត្រ​ក្នុងភូមិ​ទួល​ថ្ម​ឃុំ​ថ្ម​ពូន​ស្រុក​ព្រៃឈរ​។​

​មួយថ្ងៃ​ក្រោយ​កើតហេតុ​ឃាតកម្ម​នេះ​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ដោយមាន​ការចូល​រួមសហកា​រ​ជាមួយ​ប៉ូលីស​ប្រទេស​អូស្ត្រាលី​ចុះ​ស៊ើបអង្កេត​ដល់​កន្លែង​ឃាតកម្ម​ខាងលើ​ប្រមូល​ភស្តុតាង​ដែល​ជនដៃដល់​បាន​បន្សល់​ទុកដូចជា​ស្នាម​ដានជើង ក្រមា ជាដើម ។

​គឺ​ឈានទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ​ស៊ឹម​ខេង​ដែល​ធ្លាប់មាន​ចំណងស្នេហា​ជាមួយ​ស្ត្រីជន​រងគ្រោះ​នៅ​ភូមិ​ជាប់​គ្នា​ក៏បាន​សម្រេច​ចាប់ខ្លួន​នាំ​ឲ្យ​មានការ​ចោទប្រកាន់ និង​ឃុំខ្លួន​នេះ​៕S/​