​តុលាការ​ឃុំខ្លួន​បុរស​ម្នាក់​ដែល​សម្លាប់​ប្រពន្ធ​រួច​ដុត​ផ្ទះ​ចោល​ព្រោះ​ខឹង​សុំ​លែងលះ​

139
ចែករម្លែក

​ដោយ​៖​ឆាយា​នាថ​/​កណ្តាល​៖​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​លោក​ទិន​សុចិ​ត្រា បាន​ថ្លែងថា​លោក​ហេង​ផល្លា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​កាលពី​ល្ងាច​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​។​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​បុរស​ជា​ប្តី​ដែល​ច្របាច់​.​ក​សម្លាប់​ប្រពន្ធ​រួច​ដុត​ផ្ទះ​ចោល​ព្រោះ​ខឹង​សុំ​លែងលះ​។​លោក​ទិន​សុចិ​ត្រា​បន្តថា​ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​កំណត់​ការផ្តន្ទាទោស​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ ។

ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​ភូមិ​ពោធិ៍​ក្រោម​ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​ខេត្តកណ្តាល​។​ឃាត់ខ្លួន​ជនសង្ស័យ​បាន​គឺ​នៅ​ថ្ងៃទី​១១​ខែកញ្ញា​។​ជនរងគ្រោះ​ឈ្មោះ​ហាន​ស្រីមុំ​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មការិនី​បាន​ស្លាប់​នៅ​ក្នុងផ្ទះ​កន្លែងកើតហេតុ​។​ជនសង្ស័យ​ឈ្មោះ​វ៉េង​វីរៈ​ហៅ​លក្ខ​ណ៌​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជាង​ផ្សា​ដែក​។

​មន្ត្រីនគរបាល​ខេត្តកណ្តាល​បានបញ្ជាក់​ថា​នៅ​មុនពេល​កើតហេតុ​ឈ្មោះ​វ៉េង​វីរៈ​ជា​ប្តី​និង​ឈ្មោះ​ហាន​ស្រីមុំ​ជា​ប្រពន្ធ​បាន​ដេក​នៅក្នុង​បន្ទប់​ឡៅតឿ​ក្នុងផ្ទះ​ដូច​រាល់ដង​។​លុះដល់​ម៉ោង​កើតហេតុ​ក៏​ស្រាប់​តែមាន​ភ្លើង​ឆាបឆេះ​ក្នុង​បន្ទប់​កន្លែងដេក​បណ្តាល​ឱ្យឈ្មោះ​ហាន​ស្រីមុំ​ស្លាប់​នៅ​កន្លែងដេក​និង​ឈ្មោះ​វ៉េង​វីរៈ​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​។

​ពេលនោះ​មាន​ពលរដ្ឋ​ដែលមាន​ផ្ទះ​នៅ​ជិតខាង​បាននាំគ្នា​មកជួយ​ពន្លត់ភ្លើង​ដែល​កំពង់​ឆេះ​បាន​រលត់ទៅវិញ​។​ក្រោយពី​បានទទួល​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​និង​កម្លាំង​ជំនាញ​ស្រុក​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ជួយ​អន្តរាគមន៍​និង​ពន្លត់ភ្លើង​។​ករណីនេះ​សមត្ថកិច្ច​ជំនាញ​ថ្នាក់​ខេត្ត​និង​នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ដ្រ បាន ចុះ​ពិនិត្យ​សហការ​ជាមួយ​ផ្នែក​ជំនាញ​ស្រុក​ស្អាង ។​

​ផ្អែក​តាម​លទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និង​ការតស៊ូ​ស្ដាប់​ចម្លើយ​ដោយមាន​ការសម្របសម្រួល ដឹកនាំ​នីតិវិធី​ពី​លោ​កឯក​ស៊ុន​រស្មី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល​។​មានការ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ា​វ​ចំរើន​ស្នងការ​នគរបាល​ខេត្តកណ្ដាល​។​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នគរ​បាលប​ច្ចេកទេស​វិទ្យាសាស្ត្រ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្អាង​ព្រមទាំង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​ឈានដល់​កំណត់​មុខសញ្ញា​គឺជា​ប្ដី​ជនរងគ្រោះ ។​

​តែ​ដោយ​មូលហេតុ​ជនសង្ស័យ​រងរបួស​ដោ​យ​សារ​ឆាប​ភ្លើង​សាំង​ឆេះ​ត្រូវ​សង្គ្រោះបន្ទាន់​ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។​លុះ​មកដល់​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​ដោយ​អាកា​រៈ​ធូរស្បើយ​ត្រូវ​ចេញពី​មន្ទីរពេទ្យ​ទើប​សមត្ថកិច្ច​ឈានដល់​ការនាំ​ខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ។​ជនសង្ស័យ​បាន​សារភាព​ពី​សកម្មភាពរ​បស់​ខ្លួន​ដូចខាងក្រោម ៖

​នៅ​មុនពេល​សម្លាប់​ប្រពន្ធ​ប្រហែល​បី​ទៅ​បួន​ថ្ងៃ​ជនសង្ស័យ​មិន​ទៅធ្វើ​ការ​ទេ​ប្រពន្ធ​ក៏​ខឹង​គំរាម​សុំ​លែងលះ ដោយបាន​និយាយថា​អស់ចិត្ត​ជាមួយ ។ លុះដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ​មិន​ទៅធ្វើ​ការ​ទេ បាន​ទៅ​ផឹក​កាហ្វេ​មើល​មាន់​ជល់ តាម​ទូរទស្សន៍​។ រហូតដល់​ម៉ោង​៥​ល្ងាច​ក៏​ជិះ​ម៉ូតូ​ម៉ាក ហុងដា​វេ​វ ត្រឡប់មកផ្ទះ​វិញ​ដាំបាយ​។​លុះដល់​ម៉ោង​ប្រហែល​៦​ជាង​ល្ងាច​ប្រពន្ធ​បាន​ត្រឡប់​មកពី​ធ្វើការ​នៅ​រោងចក្រ​វិញ​ទិញ​ម្ហូប​ឆ្អិន​ស្រាប់​មកជា​មួយ​បាននាំគ្នា​ហូបបាយ​។​បន្ទាប់មក​ជនរងគ្រោះ​បាន​ចូលទៅ​ងូតទឹក រួច​ឡើងទៅ​បន្ទប់​ឡៅតឿ ។

​ចំណែក​ជនសង្ស័យ​នៅ​ខាងក្រោម​ដេក​មើល​ហ្វេ​ស​ប៊ុ​ក​រហូតដល់​ម៉ោង​ប្រហែល​៩​ជាង​យប់​ក៏​ឡើងទៅ​បន្ទប់​ឡៅតឿ​ដេក​ជាមួយ​ជនរងគ្រោះ​។​ពេលនោះ​ជនរងគ្រោះ​ស្លៀក​រ៉ូ​ប​ដេក​យប់​មិន​ចាំ​ពណ៌​កំពុង​ចុច​មើល​ទូរស័ព្ទ​ខណៈ​ជនសង្ស័យ​មើល​រឿង​ចិន​តាម​ទូរស័ព្ទ ។ បន្ទាប់មក​ជនរងគ្រោះ​បាន​រអ៊ូ សុំ​ជនសង្ស័យ​លែងលះគ្នា​ដោយ​បបួល​ទៅ​ផ្ដិតមេដៃ​នៅផ្ទះ​មេភូមិ​។​

​តែ​ជនសង្ស័យ​បដិសេធ​មិន​ព្រម​ក៏​ទាស់សម្តី​គ្នា​រហូត​ឈានដល់​ជនសង្ស័យ​ងើប​ទៅ​សង្កត់​ជនរងគ្រោះ​ពីលើ​ច្របាច់ក​រហូតដល់​ស្លាប់​តែម្ដង​។​រួច​ជនសង្ស័យ​ប្ដូរ​សម្លៀកបំពាក់​ជនរ​ង​គ្រោះ​និង​ដាក់ឱ្យ​ដេក​លើ​ពូក​ដោយបាន​យក​ភួយ​និង​ខោអាវ​គរ​គ្របពីលើ​។​បន្ទាប់មក​ចុះមក​ក្រោម​កាត់​ទុយោ​សាំង​ម៉ូតូ​ដាក់​ដប​ទឹក​សុទ្ធ​បាន​ប្រហែល​ជាង​កន្លះ​លីត្រ​យកទៅ​ជះ​ក្នុង​បន្ទប់​ខាងក្រោម​រួច​ឡើងទៅ​ជះ​ស្រោច​ជញ្ជាំង​បន្ទប់​ឡៅតឿ​។​

​ជនសង្ស័យ​បាន​បន្តថា​ខ្លួន​ទាញ​អាវយឺត​ពាក់​ចុះមក​បន្ទប់​ខាងក្រោម​វិញ​កេះ​ដែកកេះ​ដុត​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​រាល​រលាក​ទាំង​ខ្លួនឯង​ផង​ទៀត​ទើប​ជនសង្ស័យ​ដោះ​អាវយឺត​ចេញរួច​ស្ទុះ​បើក​គន្លឹះ​ទ្វារផ្ទះ​រត់ចេញ​ទៅ​លោតទឹក​ទន្លេ​ខាងលិច​ផ្ទះ​។​បណ្ដែត​ខ្លួន​ចម្ងាយ​ប្រហែល​ជាង​១.០០០​ម៉ែត្រ​ក៏​ឡើងគោក​ឃើញ​កង់​គេ​ទុកចោល​ទាញ​ជិះ​ទៅផ្ទះ​ឪពុក​បង្កើត​ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក​ក្រុមគ្រួសារ​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​៕S/​

#