​តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រីនគរបាល​ម្នាក់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​

377
ចែករម្លែក
  • 268
    Shares

​ដោយ​៖​បូកគោ​/​កំ​ពតៈ​សាលាដំបូង​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​បាន​បង្គាប់​ឱ្យ​ប្រធាន​មន្ទីរឃុំឃាំង​ខេត្តកំពត​ឃុំខ្លួន​បណ្តោះអាសន្ន​នូវ​មន្ត្រីនគរបាល​ម្នាក់​ក្នុង​បទ​ប៉ុនប៉ង​ឃាតកម្ម​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​

​យោង​ដីកា​លេខ​៨១/១៩​ចុះ​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​របស់លោក​អាំង​សុភា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពត​មាន​ខ្លឹមសារ​ថា​បង្គាប់​មក​លោក​ប្រធាន​មន្ទីរឃុំឃាំង​ខេត្តកំពត​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ចំពោះ​ឈ្មោះ​ហុក​ចេង​អាយុ​៤៥​ឆ្នាំ​ជា​មន្ត្រីនគរបាល​មាន​ទីលំនៅ​ភូមិ​មាត់ពាម​ឃុំ​មាក់ប្រាង​ស្រុក​ទឹកឈូ ខេត្តកំពត​ពីបទ​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។

​បទល្មើស​នេះ​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិ​មាត់ពាម​ឃុំ​មាក់ប្រាង​ស្រុក​ទឹកឈូ ខេត្តកំពត​។​តាម​ប្រភព​ក្រៅផ្លូវការ​បាន​រៀបរាប់ថា​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ជន​ត្រូវ​ចោទ​ដែលជា​មន្ត្រីនគរបាល​ស្រុក​ទឹកឈូ​រូបនោះ​បាន​បាញ់​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​កំភួនជើង​ផ្នែក​ខាងស្តាំ​។​

ប្រភព​ដដែល​បាន​សម្តែង​ក្តី​សង្ស័យថា​ករណីនេះ​អាច​ជន​ត្រូវ​ចោទ​មានបំណង​បាញ់​សម្លាប់​ប្តី​របស់​ស្ត្រី​រងគ្រោះ​ក្នុងករណី​ផ្សេង តែ​ចៃដន្យ​គ្រាប់កាំភ្លើង​ហើរ​ខុស​គោលដៅ​៕S/