ឃុំខ្លួន​កូនប្រុស​ដែល​សម្លាប់​ម្តាយបង្កើត​,​ប្រឈម​ជាប់គុក​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ​

1548
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្ដាលៈ​អនុប្រធាន​សាលាដំបូង​ខេត្តកណ្ដាល និង​ជា​ចៅក្រម​ស៊ើបសួរ លោក​គឹម រ័ត្ន​ណារិន កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨ សម្រេច​ឃុំខ្លួន​កូនប្រុស​ដែល​កាប់​ម្តាយ​ស្លាប់​ដាក់ពន្ធនាគារ​បណ្តោះ​អាសន្ន ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្តទៀត ។​

​ជនល្មើស ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ដែល​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ​។ ជន​ត្រូវ​ចោទ ឈ្មោះ សុ​ី​ម ជីប ហៅ​មាំ​ង អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គ​ស្នូល​។​

​គួររំលឹកថា ជនល្មើស​ឈ្មោះ ស៊ីម ជីប ហៅ​មាំ​ង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​ឃាត់ខ្លួន​ប្រគល់ឱ្យ នគរបាល​ខេត្តកណ្ដាល បន្ទាប់ពី​មាន​ហេតុការណ៍​ផ្ទុះ​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ កាលពី​យប់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨ ក្នុងភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ។ ​ឈ្មោះ ស៊ីម ជីប ហៅ​មាំ​ង បាន​ឈ្លោះប្រកែក​គ្នា​ហើយ​ឈានដល់​ប្រតាយប្រតប់​គ្នា​ជាមួយ​ឪពុក​បង្កើត​ឈ្មោះ ទឹម ស៊ីម អាយុ​៥៤​ឆ្នាំ ដោយបាន​ប្រើប្រាស់​ដំបង​ជា​អាវុធ ។ ឃើញ​ដូច្នេះ មាន​អ្នក​ចូល​ជួយ​ឃាត់ រួច​ជនល្មើស​រត់គេចខ្លួន ។

​មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​បាន​ត្រឡប់មកវិញ ដោយមាន​កាន់​កាំបិតផ្គាក់​នៅក្នុង​ដៃ​ផង បាន​ស្ទុះ​ទៅ​កាប់​ម្ដាយ​ឈ្មោះ ម៉េ​ត អុល អាយុ​៥៣​ឆ្នាំ ដែល​កំពុង​ឈរ​នៅមុខ​ផ្ទះ​មេភូមិ​បណ្ដាលឱ្យ​របួស រហូតដល់​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​យ៉ាង​រន្ធត់ រួច​រត់​គេចខ្លួនបាត់​រហូតដល់​ថ្ងៃ​ចាប់ខ្លួន​នេះ​តែម្ដង​៕S/

​តុលាការ​សម្រេច​ឃុំខ្លួន​កូនប្រុស​ដែល​សម្លាប់​ម្តាយបង្កើត​,​ប្រឈម​ជាប់គុក​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ​